bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
1 Corinthians 6
1 Corinthians 6
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
1
ក្នុងចំណោមបងប្អូន កាលណាម្នាក់ទាស់នឹងម្នាក់ទៀត ម្ដេចក៏ហ៊ានទៅរកចៅក្រមដែលមិនស្គាល់ព្រះជាម្ចាស់ឲ្យកាត់ក្ដី មិនទុកឲ្យប្រជាជនដ៏វិសុទ្ធកាត់ក្ដីវិញ!
2
បងប្អូនមិនជ្រាបទេឬថា ប្រជាជនដ៏វិសុទ្ធ*នឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ?
3
បងប្អូនមិនជ្រាបទេឬ សូម្បីតែពួកទេវតា* ក៏យើងវិនិច្ឆ័យទោសទៅហើយ ចុះទម្រាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត!
4
ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលក្រុមជំនុំមិនរាប់រក ឲ្យមកកាត់ក្ដីដូច្នេះ។
5
ខ្ញុំនិយាយនេះ ដើម្បីឲ្យបងប្អូនអៀនខ្លួន។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចនឹងអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរឬ?
6
បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយនៅមុខអ្នកមិនជឿថែមទៀតផង!
7
គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ ខុសទាំងស្រុងទៅហើយ។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្ដិធម៌? ហេតុអ្វីបានជាមិនព្រមឲ្យគេរឹបយកទ្រព្យរបស់បងប្អូន?
8
ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលជាអ្នកប្រព្រឹត្តអំពើអយុត្ដិធម៌ ហើយរឹបយកទ្រព្យពីគេ ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត។
9
បងប្អូនមិនជ្រាបទេឬថា អ្នកប្រព្រឹត្តអំពើទុច្ចរិតពុំអាចទទួលព្រះរាជ្យ*ព្រះជាម្ចាស់ទុកជាមត៌កឡើយ! សូមបងប្អូនកុំយល់ច្រឡំឲ្យសោះ អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសហាយស្មន់ ពួកជនពាល ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា
10
ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កឡើយ។
11
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត* ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ត* តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
12
ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ក៏ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ដល់ខ្ញុំទេ។ ខ្ញុំមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន តែខ្ញុំមិនបណ្ដោយឲ្យអ្វីមួយធ្វើជាចៅហ្វាយលើខ្ញុំឡើយ។
13
អ្នកខ្លះពោលថា «ចំណីអាហារសម្រាប់ចម្អែតក្រពះ ហើយក្រពះសម្រាប់ទទួលចំណីអាហារ»។ ប៉ុន្តែ ព្រះជាម្ចាស់នឹងរំលាយ ទាំងចំណីអាហារ ទាំងក្រពះចោល។ រីឯរូបកាយវិញ ពុំមែនសម្រាប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ទេ គឺសម្រាប់ថ្វាយទៅព្រះអម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។
14
ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូជាអម្ចាស់ ឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រោសយើងឲ្យមានជីវិតរស់ឡើងវិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។
15
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ត? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គព្រះគ្រិស្តទៅធ្វើជាសរីរាង្គរបស់ស្ត្រីពេស្យាឬ?
16
ទេ មិនបានជាដាច់ខាត! តើបងប្អូនមិនជ្រាបទេឬថា អ្នកណារួមរ័កជាមួយស្ត្រីពេស្យា អ្នកនោះក៏រួមជារូបកាយតែមួយរបស់នាងដែរ ដ្បិតមានសេចក្ដីថ្លែងទុកក្នុងគម្ពីរថា «អ្នកទាំងពីរនឹងទៅជារូបកាយតែមួយ» ។
17
រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់ ក៏មានវិញ្ញាណតែមួយរួមជាមួយព្រះអង្គដែរ។
18
ចូរគេចឲ្យផុតពីអំពើប្រាសចាកសីលធម៌។ អំពើបាបឯទៀតៗដែលមនុស្សប្រព្រឹត្ត ជាអំពើបាបមិនធ្វើឲ្យរូបកាយសៅហ្មងទេ។ ប៉ុន្តែ អ្នកណាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ អ្នកនោះប្រព្រឹត្តអំពើបាប ដែលនាំឲ្យសៅហ្មងដល់រូបកាយរបស់ខ្លួន។
19
បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន ជាព្រះវិញ្ញាណដែលបងប្អូនបានទទួលពីព្រះជាម្ចាស់។ បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ
20
ដ្បិតព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលុប ដើម្បីលោះបងប្អូន។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16