bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
Nehemiah 4
Nehemiah 4
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
1
ពេលលោកសាន់បាឡាត់ទទួលដំណឹងថា ពួកយើងជួសជុលកំពែងក្រុងឡើងវិញដូច្នេះ គាត់ខឹងមួម៉ៅជាខ្លាំង។ គាត់ចំអកឲ្យជនជាតិយូដា
2
ដោយពោលនៅមុខបងប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញបូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។
3
លោកថូប៊ីយ៉ា ជាជនជាតិអាំម៉ូន ដែលនៅក្បែរនោះ ពោលឡើងថា៖ «ទុកឲ្យពួកគេសង់ទៅ! ពេលណាកញ្ជ្រោងឡើងពីលើ នោះកំពែងថ្មមុខជារលំមិនខាន!»។
4
«ឱព្រះនៃយើងខ្ញុំអើយ សូមព្រះសណ្ដាប់ចុះ ពួកគេមើលងាយយើងខ្ញុំខ្លាំងណាស់! សូមឲ្យពាក្យប្រមាថមាក់ងាយទាំងនេះធ្លាក់ទៅលើពួកគេវិញ! សូមឲ្យខ្មាំងសត្រូវរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេ និងកៀរពួកគេទៅជាឈ្លើយ
5
សូមកុំលើកលែងទោសពួកគេឡើយ ហើយក៏កុំលុបបំបាត់អំពើបាបរបស់ពួកគេ ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គដែរ ដ្បិតពួកគេបានជេរប្រមាថយើងខ្ញុំ ជាអ្នកសង់កំពែងក្រុងនេះឡើងវិញ»។
6
ពួកយើងនាំគ្នាសង់កំពែងក្រុងឡើងវិញ រហូតដល់បានកម្ពស់ពាក់កណ្ដាល ដ្បិតប្រជាជនខំប្រឹងខ្នះខ្នែងធ្វើការនេះដោយស្មោះអស់ពីចិត្ត។
7
ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាសដូឌ ទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹម មានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។
8
ពួកគេលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម ដើម្បីបង្កឲ្យមានការខូចខាត។
9
ពេលនោះ យើងក៏ទូលអង្វរព្រះនៃយើង រួចចាត់ចែងឲ្យមានអ្នកយាមល្បាតទាំងថ្ងៃ ទាំងយប់ ដើម្បីការពារក្រុង ក្រែងពួកគេវាយលុក។
10
ប៉ុន្តែ ជនជាតិយូដាពោលថា៖ «កម្លាំងអ្នកលីសែងកាន់តែចុះអន់ថយទៅៗ គំនរថ្មដែលបាក់បែកនោះមានច្រើនពេក យើងពុំអាចសង់កំពែងក្រុងបានឡើយ»។
11
បច្ចាមិត្តរបស់ពួកយើងពោលថា៖ «ពួកគេមិនដឹងខ្លួន មិនឃើញអ្វីទាំងអស់ យើងនឹងលបចូលទៅដល់កណ្ដាលចំណោមពួកគេ ហើយសម្លាប់ពួកគេ ដើម្បីបញ្ឈប់កិច្ចការរបស់ពួកគេ»។
12
ពេលនោះ ជនជាតិយូដាដែលរស់នៅក្បែរពួកគេ បាននាំគ្នាមកប្រាប់យើងដល់ទៅដប់ដងថា សត្រូវលើកគ្នាពីគ្រប់ទិសទីមកវាយប្រហារពួកយើង។
13
ហេតុនេះ ខ្ញុំក៏ដាក់ប្រជាជនតាមអំបូររបស់ពួកគេ ឲ្យឈរយាមនៅពីក្រោយកំពែង ទាំងកាន់ដាវ កាន់លំពែង និងធ្នូ។
14
ពេលពិនិត្យសព្វគ្រប់ហើយ ខ្ញុំក៏ក្រោកឡើងពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «កុំភ័យខ្លាចពួកគេឡើយ! សូមចងចាំថា ព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដមគួរស្ញែងខ្លាច។ ដូច្នេះ ចូរនាំគ្នាប្រយុទ្ធការពារបងប្អូន កូនប្រុស កូនស្រី ភរិយា និងផ្ទះសំបែងរបស់អ្នករាល់គ្នា!»។
15
ខ្មាំងសត្រូវឮថា ពួកយើងដឹងខ្លួន ហើយព្រះជាម្ចាស់រំលាយផែនការរបស់ពួកគេ។ ពួកយើងក៏វិលទៅសង់កំពែងក្រុង តាមកន្លែងរៀងៗខ្លួនវិញ។
16
ចាប់ពីថ្ងៃនោះមក គ្នាខ្ញុំចំនួនពាក់កណ្ដាលធ្វើកិច្ចការសំណង់ ហើយចំនួនពាក់កណ្ដាលទៀតកាន់លំពែង កាន់ខែល កាន់ធ្នូ និងប្រដាប់ការពារខ្លួន។ ពួកមេដឹកនាំជួយត្រួតមើលកូនចៅយូដាទាំងអស់គ្នា។
17
អស់អ្នកដែលសង់កំពែង អស់អ្នកដែលលីសែង ឬដឹកជញ្ជូន ធ្វើការដៃម្ខាង កាន់អាវុធដៃម្ខាង។
18
រីឯអ្នកបូកឥដ្ឋវិញ គេស្ពាយដាវនៅនឹងចង្កេះ ហើយបំពេញការងាររបស់ខ្លួន។ រីឯអ្នកផ្លុំស្នែងឈរនៅក្បែរខ្ញុំ។
19
ខ្ញុំពោលទៅកាន់ពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនឯទៀតៗថា៖ «យើងនៅសល់កិច្ចការច្រើនណាស់ ព្រោះកំពែងវែង ហើយយើងក៏នៅឆ្ងាយពីគ្នាទៀត។
20
ហេតុនេះ ពេលអ្នករាល់គ្នាឮសំឡេងស្នែង ចូរប្រមូលគ្នាមកជិតយើង។ ព្រះរបស់យើងនឹងប្រយុទ្ធ ដើម្បីយើងទាំងអស់គ្នា»។
21
យើងបានបន្តសំណង់របស់យើងរបៀបនេះ គឺពួកយើងចំនួនពាក់កណ្ដាលកាន់លំពែង តាំងពីព្រលឹមទល់ព្រលប់។
22
នៅគ្រាដដែលនោះ ខ្ញុំពោលទៅកាន់ប្រជាជនទៀតថា៖ «នៅពេលយប់ អ្នករាល់គ្នាត្រូវសម្រាកនៅក្រុងយេរូសាឡឹមជាមួយអ្នកបម្រើរបស់ខ្លួន គឺយើងត្រូវយាមនៅពេលយប់ ហើយធ្វើការនៅពេលថ្ងៃ»។
23
ដូច្នេះ ខ្ញុំ និងបងប្អូនខ្ញុំ ព្រមទាំងអ្នកបម្រើ និងពួកទាហានដែលមកតាមខ្ញុំ គ្មាននរណាម្នាក់ដោះសម្លៀកបំពាក់ចេញឡើយ យើងកាន់អាវុធជាប់នឹងខ្លួនជានិច្ច។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13