bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Philemon 1
Philemon 1
Khmer 2012 (Khmer Christian Bible)
Jump to:
Chapter 1
1
ខ្ញុំប៉ូល ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូ និងធីម៉ូថេជាបងប្អូន ជូនចំពោះលោកភីលេម៉ូនជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង
2
ហើយជូនចំពោះនាងអាប់ភាជាបងប្អូនរបស់យើង និងលោកអើឃីពជាអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅក្នុងផ្ទះរបស់លោកភីលេម៉ូនផង។
3
សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
4
ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច ទាំងនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ
5
ដ្បិតខ្ញុំបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នកដែលមានចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះពួកបរិសុទ្ធទាំងអស់
6
ដូច្នេះ សូមឲ្យការរួមចំណែកខាងឯជំនឿរបស់អ្នកមានប្រសិទ្ធភាពឡើង ដើម្បីឲ្យបានយល់ដឹងអំពីការល្អទាំងអស់ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រិស្ដ។
7
ប្អូនអើយ! ខ្ញុំមានអំណរ និងបានទទួលការលើកទឹកចិត្តយ៉ាងខ្លាំងដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះពួកបរិសុទ្ធបានធូរស្បើយក្នុងចិត្តដោយសារអ្នក។
8
ដូច្នេះ ទោះបីខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងព្រះគ្រិស្ដថាអាចបង្គាប់អ្នកឲ្យធ្វើអ្វីដែលត្រូវធ្វើក៏ដោយ
9
ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតប៉ូលខ្ញុំជាមនុស្សចាស់ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រិស្ដយេស៊ូទៀត
10
ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ ឈ្មោះអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង
11
កាលពីដើម អូនេស៊ីមគ្មានប្រយោជន៍សម្រាប់អ្នកទេ ប៉ុន្ដែឥឡូវនេះគាត់មានប្រយោជន៍ទាំងសម្រាប់អ្នក និងខ្ញុំ។
12
ខ្ញុំបានចាត់គាត់ដែលជាដួងចិត្ដរបស់ខ្ញុំឲ្យត្រលប់មកឯអ្នកវិញ
13
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំណាស់ ដើម្បីឲ្យគាត់បម្រើខ្ញុំជំនួសអ្នកក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ
14
ប៉ុន្ដែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកទេ ដើម្បីកុំឲ្យអ្នកធ្វើអំពើល្អដោយបង្ខំចិត្ដឡើយ គឺដោយស្ម័គ្រចិត្ដវិញ។
15
ប្រហែលជាដោយសារតែមូលហេតុនេះហើយ បានជាគាត់ត្រូវបែកពីអ្នកមួយរយៈ គឺដើម្បីឲ្យអ្នកទទួលគាត់វិញអស់កល្បជានិច្ច
16
ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។
17
ដូច្នេះ បើអ្នកចាត់ទុកខ្ញុំជាគូកន មែនសូមអ្នកទទួលគាត់ទុកដូចជាទទួលខ្ញុំចុះ។
18
បើគាត់ធ្វើអ្វីខុសចំពោះអ្នក ឬជំពាក់អ្នក សូមគិតលើខ្ញុំចុះ
19
ប៉ូលខ្ញុំសរសេរដោយផ្ទាល់ដៃថា ខ្ញុំនឹងសងអ្នកវិញ ប៉ុន្ដែខ្ញុំមិនរំលឹកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។
20
មែនហើយ ប្អូនអើយ! សូមឲ្យខ្ញុំមានអំណរនៅក្នុងព្រះអម្ចាស់ដោយសារអ្នកផង សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយនៅក្នុងព្រះគ្រិស្ដផង។
21
ខ្ញុំបានសរសេរមកអ្នកដោយជឿជាក់ថា អ្នកនឹងស្ដាប់ខ្ញុំ ហើយខ្ញុំដឹងថា អ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំបាននិយាយទៅទៀត។
22
ម្យ៉ាងទៀត សូមអ្នករៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ព្រោះខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ព្រះជាម្ចាស់នឹងប្រទានឲ្យខ្ញុំបានមកជួបអ្នកមិនខាន។
23
លោកអេប៉ាប្រាសជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដោយព្រោះព្រះគ្រិស្ដយេស៊ូ ក៏ជម្រាបសួរមកអ្នកដែរ
24
ហើយម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកាដែលជាអ្នករួមការងារជាមួយខ្ញុំ ក៏ជម្រាបសួរមកអ្នកដែរ។
25
សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដគ្រិស្ដស្ថិតនៅជាមួយវិញ្ញាណរបស់អ្នក។
Jump to:
Chapter 1
All chapters:
1