bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Lamentations 1
Lamentations 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រីលើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី!
2
នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សំរាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
3
កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។
4
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ អ៊ីមុាំរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
5
បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត អុលឡោះតាអាឡា បានធ្វើឲ្យនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។
6
ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួន ពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើស ដែលរកវាលស្មៅស៊ីលែងបានទៀត។ ពួកគេចាកចេញទៅ ទាំងបាក់កម្លាំង នៅមុខសត្រូវដែលដេញតាម។
7
នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។
8
យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។
9
ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសំរាលទុក្ខនាងឡើយ។ «ឱ អុលឡោះតាអាឡា អើយ សូមមើលមកទុក្ខវេទនា របស់ខ្ញុំផង សត្រូវមានជ័យជំនះលើខ្ញុំហើយ!»
10
សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាង នាងឃើញប្រជាជាតិនានាចូលមកក្នុង ទីសក្ការៈរបស់អុលឡោះតាអាឡា គឺប្រជាជាតិដែលទ្រង់បានហាមមិនឲ្យ ចូលក្នុងអង្គប្រជុំរបស់ទ្រង់ឡើយ។
11
ប្រជាជនទាំងអស់នាំគ្នាយំថ្ងូរ គេចង់បានអាហារបរិភោគ គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ អុលឡោះតាអាឡា អើយ សូមមើលមកខ្ញុំផង ខ្ញុំអាម៉ាស់មុខខ្លាំងណាស់!
12
អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃ អុលឡោះតាអាឡា ខឹងយ៉ាងខ្លាំង ទ្រង់បានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
13
ទ្រង់បានបោះភ្លើងពីស្ថានលើ ចូលមកក្នុងឆ្អឹងរបស់ខ្ញុំ ទ្រង់ដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំ ទ្រង់ធ្វើឲ្យខ្ញុំដកខ្លួនថយ ទ្រង់ទុកឲ្យខ្ញុំនៅឯកោ ហើយឈឺចាប់រៀងរាល់ថ្ងៃ។
14
ទ្រង់ប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ អុលឡោះបានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
15
អុលឡោះបានកំចាត់ទាហានដ៏ចំណាន ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ ទ្រង់ចាត់កងទ័ពឲ្យមកប្រហារ ពួកយុវជនរបស់ខ្ញុំ អុលឡោះបានកំទេចប្រជាជនយូដា ដូចគេជាន់ផ្លែទំពាំងបាយជូរ។
16
ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន ឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
17
ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ តែគ្មាននរណាមកសំរាលទុក្ខនាងទេ អុលឡោះតាអាឡា បញ្ជាឲ្យសត្រូវដែលនៅជុំវិញ មកវាយប្រហារពូជពង្សរបស់យ៉ាកកូប យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ នៅក្នុងចំណោមពួកគេ។
18
អុលឡោះតាអាឡា ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ទ្រង់។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
19
ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ តែពួកគេបែរជាបោកប្រាស់ខ្ញុំ។ ពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ខ្ញុំ ដួលស្លាប់នៅតាមផ្លូវ ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។
20
អុលឡោះតាអាឡា អើយ សូមមើលទុក្ខលំបាករបស់ខ្ញុំ ខ្ញុំឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំពិតជាបានបះបោរប្រឆាំង នឹងទ្រង់មែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចនរ៉កា។
21
គេបានឮខ្ញុំយំថ្ងូរ ក៏ប៉ុន្តែ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំទេ សត្រូវទាំងប៉ុន្មានបានឮថា ខ្ញុំរងទុក្ខវេទនា គេនាំគ្នាសប្បាយចិត្ត ដោយឃើញទ្រង់ធ្វើទោសខ្ញុំ ទ្រង់ធ្វើឲ្យថ្ងៃដែលទ្រង់កំណត់ទុក បានមកដល់។ សូមឲ្យពួកគេរងទុក្ខដូចខ្ញុំដែរ!
22
សូមមើលអំពើអាក្រក់ទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្ត។ សូមដាក់ទោសពួកគេ ដូចទ្រង់បាន ដាក់ទោសខ្ញុំ ព្រោះតែកំហុសទាំងប៉ុន្មាន ដែលខ្ញុំប្រព្រឹត្ត ខ្ញុំយំថ្ងូរយ៉ាងសែនវេទនា ហើយចិត្តខ្ញុំក៏ឈឺចាប់ជាខ្លាំងដែរ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5