bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Philemon 1
Philemon 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
1
ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា ព្រមទាំងធីម៉ូថេជាបងប្អូន សូមជម្រាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង
2
សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុមជំអះដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។
3
សូមអុលឡោះជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
4
រាល់ពេលទូរអា ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំជានិច្ច
5
ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូន ចំពោះអ៊ីសាជាអម្ចាស់ និងចំពោះប្រជាជនដ៏បរិសុទ្ធទាំងអស់។
6
សូមទ្រង់ប្រទានឲ្យការចែកចាយក្នុងជំនឿ របស់លោកប្អូនជំរុញចិត្ដលោកប្អូនឲ្យយល់ច្បាស់ នូវការល្អគ្រប់យ៉ាងដែលយើងមានក្នុងអាល់ម៉ាហ្សៀស។
7
ខ្ញុំមានអំណរ និងមានកម្លាំងចិត្ដយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏បរិសុទ្ធមានចិត្ដស្ងប់។
8
ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមអាល់ម៉ាហ្សៀស ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី
9
ក៏ខ្ញុំចូលចិត្ដយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀសអ៊ីសាថែមទៀត
10
ខ្ញុំសូមអង្វរលោកប្អូនឲ្យកូនរបស់ខ្ញុំ គឺអូនេស៊ីមដែលខ្ញុំបានបង្កើត នៅពេលជាប់ឃុំឃាំង។
11
ពីដើមគាត់គ្មានប្រយោជន៍អ្វីសម្រាប់លោកប្អូនមែន ប៉ុន្ដែឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សម្រាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សម្រាប់ខ្ញុំដែរ។
12
ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ ឲ្យវិលមករកលោកប្អូនវិញ។
13
ខ្ញុំមានបំណងចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យនៅបម្រើខ្ញុំជំនួសលោកប្អូនក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អនេះ
14
ក៏ប៉ុន្ដែ ខ្ញុំមិនចង់ធ្វើអ្វី ដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើសទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្ដវិញ។
15
អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឲ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច
16
មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូនគាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងអ៊ីសាជាអម្ចាស់។
17
ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំ ទុកជាបងប្អូនរួមជំនឿមែន សូមទទួលគាត់ឲ្យបាន ដូចទទួលខ្ញុំផ្ទាល់ដែរ។
18
ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬប្រសិនបើគាត់ជំពាក់អ្វីលោកប្អូនសូមគិតទៅលើខ្ញុំចុះ។
19
ខ្ញុំ ប៉ូល ខ្ញុំសរសេរពាក្យនេះដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងលោកប្អូនវិញ (ខ្ញុំមិនបាច់រំលឹកថា លោកប្អូនក៏នៅជំពាក់ខ្ញុំផងដែរនោះទេ គឺនៅជំពាក់រូបលោកប្អូនផ្ទាល់តែម្ដង)។
20
លោកប្អូនអើយ សូមលោកប្អូនមេត្ដាជួយខ្ញុំដោយយល់ដល់អ៊ីសាជាអម្ចាស់ ហើយសូមធ្វើឲ្យចិត្ដខ្ញុំបានស្ងប់ក្នុងអាល់ម៉ាហ្សៀសផង។
21
ខ្ញុំសរសេរមកលោកប្អូន ដោយជឿជាក់ថា លោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថា លោកប្អូននឹងធ្វើលើសពីពាក្យ ដែលខ្ញុំសុំទៅទៀត។
22
ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានសូមអង្វរអុលឡោះឲ្យខ្ញុំ។
23
លោកអេប៉ាប្រាស ដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា សូមជម្រាបសួរមកលោកប្អូន
24
ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោក លូកា ដែលរួមការងាររបស់ខ្ញុំ ក៏សូមជម្រាបសួរមកលោកប្អូនដែរ។
25
សូមគុណរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។
Jump to:
Chapter 1
All chapters:
1