bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Haggai 2
Haggai 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
1
នៅថ្ងៃទីម្ភៃមួយ ខែទីប្រាំពីរ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយថា៖
2
«ឥឡូវនេះ ចូរទៅនិយាយនឹងសូរ៉ូបាបិល កូនសាលធាល ជាចៅហ្វាយស្រុកយូដា និងសម្ដេចសង្ឃយេសួរ កូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជនថា
3
ក្នុងពួកឯងរាល់គ្នា តើមានសល់អ្នកណាខ្លះ ធ្លាប់បានឃើញព្រះវិហារនេះ តាមសិរីល្អជាន់ដើមដែរឬ? ចុះឥឡូវនេះ តើឃើញយ៉ាងណានៅភ្នែកឯងរាល់គ្នាដែលធៀបផ្ទឹមគ្នា? តើមិនឃើញព្រះវិហារនេះមើលទៅដូចជាគ្មានអ្វីសោះទេឬ?
4
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
5
គឺជាពាក្យដែលយើងតាំងសញ្ញានឹងឯងរាល់គ្នា ក្នុងកាលដែលអ្នកឡើងចេញពីស្រុកអេស៊ីព្ទមក ឯវិញ្ញាណរបស់យើងក៏ស្ថិតនៅជាមួយឯងរាល់គ្នាដែរ កុំខ្លាចអ្វីឡើយ។
6
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត យើងនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង
7
ក៏នឹងអង្រួនអស់ទាំងសាសន៍ នោះទីគាប់ចិត្តរបស់សាសន៍ទាំងឡាយនឹងមកដល់ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅគ្រានោះ យើងនឹងធ្វើឲ្យវិហារនេះមានពេញដោយសិរីរុងរឿង។
8
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា អស់ទាំងប្រាក់ជារបស់យើង ហើយមាសទាំងប៉ុន្មានក៏ជារបស់យើងដែរ។
9
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា សិរីល្អរុងរឿងរបស់វិហារថ្មីនេះ នឹងថ្កុំថ្កើងលើសជាងព្រះវិហារជំនាន់មុនទៅទៀត ហើយយើងនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
10
នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយថា៖
11
«ចូរសួរពួកសង្ឃអំពីក្រឹត្យវិន័យថា
12
"បើអ្នកណាដាក់សាច់បរិសុទ្ធក្នុងថ្នក់អាវទៅឯណា រួចអាវប៉ះនឹងនំបុ័ង សំឡ ស្រាទំពាំងបាយជូរ ប្រេង ឬម្ហូបអ្វីក៏ដោយ តើរបស់នោះនឹងបានបរិសុទ្ធដែរឬ?"» ពួកសង្ឃបានឆ្លើយថា៖ «ទេ»
13
រួចហោរាហាកាយសួរថា៖ «ប្រសិនបើអ្នកណាដែលមិនស្អាត ដោយព្រោះខ្មោចស្លាប់ គេបានប៉ះនឹងរបស់ណាមួយនោះ តើរបស់នោះនឹងត្រឡប់ជាមិនស្អាតដែរឬ?» ពួកសង្ឃក៏ឆ្លើយថា៖ «នឹងត្រឡប់ជាមិនស្អាតពិតប្រាកដ»
14
រួចហោរាហាកាយពោលតបវិញថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ បណ្ដាជននេះ និងសាសន៍នេះក៏ដូច្នោះនៅចំពោះយើងដែរ ព្រមទាំងការទាំងប៉ុន្មានដែលដៃគេធ្វើ និងតង្វាយដែលគេថ្វាយនៅទីនោះ ក៏សុទ្ធតែមិនស្អាតដូចគ្នា។
15
ដូច្នេះ ចូរឯងរាល់គ្នាពិចារណាចាប់តាំងពីសព្វថ្ងៃនេះសាឡើង ទៅដល់គ្រាមុនដែលមានថ្មណារៀបឡើង ត្រួតលើថ្មណារបស់ព្រះវិហារនៃព្រះយេហូវ៉ានេះ
16
តើអ្នកគិតដូចម្ដេចទៅហើយ? កាលណាគេមកដល់គំនរស្រូវដែលត្រូវមានម្ភៃថាំង នោះឃើញមានតែដប់ទេ ហើយកាលណាមកដល់ធុងឃ្នាប ដើម្បីដងយកហាសិបរង្វាល់ នោះបានតែម្ភៃវិញ។
17
គឺយើងបានវាយការដែលដៃឯងរាល់គ្នាធ្វើ ឲ្យស្រូវស្កក ហើយក្រាស៊ី ព្រមទាំងមានធ្លាក់ព្រឹលផង ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាមិនបានវិលមកឯយើងវិញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
18
ចូរឲ្យឯងរាល់គ្នាពិចារណា ចាប់តាំងពីថ្ងៃនេះសាឡើងទៅ គឺចាប់តាំងពីថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ជាថ្ងៃដែលដាក់ឫសជញ្ជាំងព្រះវិហាររបស់ព្រះយេហូវ៉ា ចូរពិចារណាចុះ
19
តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ? ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ យើងនឹងផ្តល់ពរដល់អ្នកវិញ»។
20
នៅថ្ងៃទីម្ភៃបួន ខែនោះឯង ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាហាកាយម្តងទៀតថា៖
21
«ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា យើងនឹងអង្រួនផ្ទៃមេឃ និងផែនដីផង
22
យើងនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន យើងនឹងបំបាក់អស់ទាំងរទេះចម្បាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ និងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន»។
23
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ ឱសូរ៉ូបាបិល កូនសាលធាល ជាអ្នកបម្រើរបស់យើងអើយ យើងនឹងយកអ្នក តាំងឡើងជាចិញ្ចៀនត្រា ដ្បិតយើងបានរើសអ្នកទុកហើយ» នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
← Chapter 1
Jump to:
Chapter 1
Chapter 2
All chapters:
1
2