bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Malachi 3
Malachi 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
2
ប៉ុន្តែ តើអ្នកណាអាចទ្រាំនៅបាន ក្នុងកាលដែលព្រះអង្គយាងមកនោះ? តើអ្នកណានឹងឈរនៅក្នុងកាលដែលព្រះអង្គលេចមក? ដ្បិតព្រះអង្គប្រៀបដូចជាភ្លើងរបស់ជាងសម្រង់ និងដូចជាក្បុងរបស់ជាងប្រមោក។
3
ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រង់ និងអ្នកដេញអាចម៍ប្រាក់ ព្រះអង្គនឹងសម្អាតពួកកូនចៅលេវី ហើយសម្រង់គេដូចជាមាស និងប្រាក់ នោះគេនឹងនាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត។
4
ពេលនោះ តង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិមជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។
5
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
6
ដ្បិតយើង គឺយេហូវ៉ា យើងមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនត្រូវវិនាសទេ។
7
អ្នករាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តិរបស់យើង ចាប់តាំងពីជំនាន់បុព្វបុរសមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារបង្គាប់ថា ចូរវិលមកយើងវិញចុះ នោះយើងនឹងត្រឡប់មករកអ្នករាល់គ្នាដែរ តែអ្នករាល់គ្នាថា "តើយើងនឹងវិលទៅយ៉ាងដូចម្តេច?"
8
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ
9
អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ
10
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
11
ដូច្នេះ ដោយយល់ដល់អ្នករាល់គ្នា យើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការ ក៏មិនជ្រុះផ្លែពេលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
12
យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ដ្បិតស្រុករបស់អ្នករាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
13
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ
14
គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី?
15
ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះ ហើយក៏រួចខ្លួន»។
16
ពេលនោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាក៏និយាយគ្នាទៅវិញទៅមក ហើយព្រះយេហូវ៉ាប្រុងស្តាប់ ក៏បានឮ រួចមានសៀវភៅរំឭកបានកត់ទុក នៅចំពោះព្រះយេហូវ៉ា សម្រាប់ពួកអ្នកដែលកោតខ្លាចព្រះអង្គ និងពួកអ្នកដែលនឹកដល់ព្រះនាមព្រះអង្គ។
17
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នៅថ្ងៃដែលយើងធ្វើការនេះ គេនឹងក្លាយជារបស់យើង គឺជារបស់យើងពិតប្រាកដ ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួន។
18
ពេលនោះ អ្នករាល់គ្នានឹងឃើញម្ដងទៀត អំពីភាពខុសគ្នារវាងមនុស្សសុចរិតនឹងមនុស្សអាក្រក់ រវាងអ្នកដែលគោរពបម្រើព្រះនឹងអ្នកដែលមិនគោរពបម្រើ។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4