bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Micah 7
Micah 7
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
1
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជាអ្នកដែលប្រមូលផលបន្ទាប់ពីផ្លែរដូវក្តៅ បន្ទាប់ពីគេបានប្រឡេះផ្លែទំពាំងបាយជូរជាន់អស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ក៏គ្មានផ្លែល្វាទុំដើមរដូវ ដែលខ្ញុំចូលចិត្តដែរ។
2
មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
3
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។
4
មនុស្សល្អបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា ហើយអ្នកដែលទៀងត្រង់បំផុតក្នុងចំណោមពួកគេ ប្រៀបដូចជារបងបន្លា។ ថ្ងៃនៃពួកចាំយាមរបស់គេ គឺថ្ងៃដែលគេត្រូវទទួលទោស បានមកដល់ហើយ ឥឡូវនេះ គ្រាចលាចលរបស់គេនៅជិតបង្កើយ។
5
កុំទុកចិត្តនឹងមិត្តសម្លាញ់ ក៏កុំជឿញាតិសន្ដានដែរ ចូររក្សាបបូរមាត់របស់អ្នក ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក
6
ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។
7
ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
8
ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
9
ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ
10
គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង ដែលពោលមកខ្ញុំថា "តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?" ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។
11
នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ
12
នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ នឹងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ និងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីភ្នំមួយទៅដល់ភ្នំមួយទៀត
13
ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយា របស់ពួកអ្នកដែលអាស្រ័យនៅ។
14
សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។
15
យើងនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
16
អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
17
គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
18
តើមានអ្នកណាជាព្រះឲ្យដូចព្រះអង្គ ដែលព្រះអង្គអត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមត៌កព្រះអង្គ ព្រះអង្គមិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
19
ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ
20
ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
All chapters:
1
2
3
4
5
6
7