bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Obadiah 1
Obadiah 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
1
នេះជានិមិត្តរបស់ហោរាអូបាឌា។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល ពីដំណើរសាសន៍អេដុមដូច្នេះថា៖ ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់ ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ!
2
មើល៍ យើងនឹងធ្វើឲ្យអ្នកក្លាយជានគរមួយតូចជាងគេ ក្នុងចំណោមនគរទាំងប៉ុន្មាន គេនឹងមើលងាយអ្នកយ៉ាងខ្លាំង។
3
ចិត្តអំនួតរបស់អ្នកបានបញ្ឆោតអ្នកហើយ អ្នករស់នៅតាមក្រហែងថ្ម ហើយមានទីលំនៅតាមកន្លែងខ្ពស់ៗ អ្នកគិតក្នុងចិត្តថា "តើអ្នកណាអាចទម្លាក់ខ្ញុំចុះដល់ដីបាន?"
4
ទោះបើអ្នកហើរឡើងទៅយ៉ាងខ្ពស់ ដូចឥន្ទ្រី ហើយធ្វើសម្បុកនៅកណ្ដាលអស់ទាំងផ្កាយក៏ដោយ ក៏យើងនឹងទាញទម្លាក់ពីទីនោះដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
5
បើមានពួកចោរមកលួចអ្នក បើពួកចោរប្លន់ចូលមកនៅពេលយប់ ម៉្លេះសមអ្នកនឹងត្រូវអន្តរាយយ៉ាងណាទៅ! តើគេមិនត្រឹមតែលួចឲ្យល្មមតែអ្វីដែលគេចង់បានទេឬ? ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរបានមកធ្វើការឲ្យអ្នក តើគេមិនទុកផ្លែខ្លះឲ្យបានបេះតាមក្រោយទេឬ?
6
អេសាវត្រូវគេគាស់កកាយយ៉ាងណាហ្ន៎ កំណប់ទ្រព្យរបស់អ្នកត្រូវបានគេឆែកឆេរកហើយ!
7
អស់ទាំងសម្ព័ន្ធមិត្តរបស់អ្នកបានបញ្ឆោតអ្នក គេបានបណ្តេញអ្នករហូតដល់ព្រំដែន មនុស្សដែលចងស្ពានមេត្រីជាមួយអ្នក បានឈ្នះអ្នក អស់អ្នកដែលបរិភោគ អាហាររបស់អ្នក បានដាក់អន្ទាក់ចាប់អ្នក អ្នកគ្មានការយល់ដឹងអ្វីឡើយ។
8
នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។
9
ឱថេម៉ានអើយ មនុស្សខ្លាំងពូកែ របស់អ្នកនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាត្រូវកាត់ចេញពីភ្នំរបស់អេសាវ ដោយសម្លាប់រង្គាល។
10
សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើអ្នក ហើយអ្នកនឹងត្រូវកាត់ចេញជារៀងរហូត ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
11
នៅថ្ងៃដែលអ្នកបានឈរមើល នៅថ្ងៃដែលពួកប្រទេសក្រៅបានចាប់យក ទ្រព្យសម្បត្តិរបស់គេទៅ ហើយពួកសាសន៍ដទៃចូលទៅក្នុងទ្វារក្រុងរបស់គេ រួចចាប់ឆ្នោតយកក្រុងយេរូសាឡិម នោះអ្នកក៏ដូចជាពួកគេណាមួយដែរ។
12
ប៉ុន្តែ អ្នកមិនគួរឈរមើលប្អូនរបស់អ្នក ទាំងត្រេកអរ នៅថ្ងៃដែលគេជួបទុក្ខវេទនាឡើយ ក៏មិនគួរមានចិត្តរីករាយនឹងប្រជាជនយូដា នៅថ្ងៃដែលគេត្រូវបំផ្លាញនោះដែរ អ្នកមិនគួរអួតខ្លួននៅថ្ងៃដែលគេមានទុក្ខលំបាកឡើយ។
13
នៅថ្ងៃដែលប្រជារាស្ត្ររបស់យើងជួបមហន្តរាយ អ្នកមិនគួរចូលទៅក្នុងទ្វារក្រុងរបស់គេទេ។ នៅថ្ងៃដែលយូដាជួបមហន្តរាយ អ្នកមិនគួរនាំគ្នាឈរមើលទាំងត្រេកអរ នឹងគេរងទុក្ខឡើយ។ នៅថ្ងៃដែលគេជួបមហន្តរាយ អ្នកមិនគួរឆ្លៀតលួចយកព្រទ្យសម្បត្តិ របស់គេដូច្នេះសោះ។
14
អ្នកមិនគួរឈរស្កាត់នៅត្រង់ផ្លូវបំបែក ដើម្បីសម្លាប់អ្នកដែលរត់គេចខ្លួន ក៏មិនគួរប្រគល់អ្នកដែលនៅមានជីវិតរស់ ក្នុងថ្ងៃទុក្ខលំបាកឡើយ។
15
ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ទាស់នឹងអស់ទាំងសាសន៍ អ្នកបានប្រព្រឹត្តយ៉ាងណា ព្រះក៏នឹងប្រព្រឹត្តចំពោះអ្នកយ៉ាងនោះដែរ អំពើដែលអ្នកបានប្រព្រឹត្ត នោះនឹងធ្លាក់មកលើក្បាលអ្នកវិញ។
16
ដ្បិតដែលអ្នកបានផឹកនៅលើភ្នំបរិសុទ្ធរបស់យើងជាយ៉ាងណា អស់ទាំងសាសន៍នៅជុំវិញអ្នកក៏នឹងផឹកយ៉ាងនោះដែរ គេនឹងផឹក ហើយគេនឹងលេបចូលទៅ រួចគេនឹងបានដូចជាសាសន៍ដែលមិនធ្លាប់មាន។
17
ប៉ុន្តែ នៅលើភ្នំស៊ីយ៉ូននឹងមានអស់អ្នកដែលរួចជីវិត ហើយភ្នំនោះនឹងបានបរិសុទ្ធ ឯពូជពង្សយ៉ាកុបនឹងបានកេរអាកររបស់ខ្លួនវិញ។
18
ពូជពង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពូជពង្សយ៉ូសែបជាអណ្ដាតភ្លើង ចំណែកពូជពង្សអេសាវនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆាបឆេះគេ រួចបន្សុសគេអស់ទៅ គ្មានអ្នកណាសល់នៅក្នុងពូជពង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលហើយ។
19
អស់អ្នកនៅតំបន់ណេកិបនឹងកាន់កាប់ភ្នំរបស់អេសាវ ឯអស់អ្នកនៅស្រុកទំនាប នឹងកាន់កាប់ស្រុករបស់ពួកភីលីស្ទីន គេនឹងកាន់កាប់ស្រុកវាលរបស់អេប្រាអិម និងស្រុករបស់សាម៉ារី ហើយបេនយ៉ាមីននឹងកាន់កាប់ស្រុកកាឡាត។
20
ពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ នឹងកាន់កាប់ស្រុករបស់ពួកកាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយនៅសេផារ៉ាឌ នឹងកាន់កាប់ក្រុងនានានៅតំបន់ណេកិប។
21
អស់អ្នកដែលបានសង្គ្រោះនឹងឡើងមកភ្នំស៊ីយ៉ូន ដើម្បីគ្រប់គ្រងភ្នំរបស់អេសាវ ហើយរាជ្យនោះនឹងបានជារបស់ព្រះយេហូវ៉ា។:៚
Jump to:
Chapter 1
All chapters:
1