bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Philemon 1
Philemon 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
1
ប៉ុល ជាអ្នកទោសដោយព្រោះព្រះគ្រីស្ទ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកលោកភីលេម៉ូន ជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង
2
សូមជម្រាបមកនាងអាប់ភា ជាប្អូនស្រី សូមជម្រាបមកលោកអើឃីព ជាអ្នករួមតយុទ្ធជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ ដែលប្រជុំនៅផ្ទះរបស់លោក។
3
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
4
ខ្ញុំតែងអរព្រះគុណដល់ព្រះរបស់ខ្ញុំជានិច្ច ហើយនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ
5
ព្រោះខ្ញុំបានឮពីសេចក្ដីស្រឡាញ់របស់អ្នកដល់ពួកបរិសុទ្ធទាំងអស់ និងពីជំនឿរបស់អ្នកដល់ព្រះអម្ចាស់យេស៊ូវ។
6
ខ្ញុំអធិស្ឋានសូមឲ្យការចែកចាយជំនឿរបស់អ្នកមានប្រសិទ្ធភាព ឲ្យបានស្គាល់គ្រប់ទាំងការល្អ ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រីស្ទ។
7
ប្អូនអើយ ខ្ញុំពិតជាបានទទួលអំណរ និងការលើកចិត្តជាខ្លាំង ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ព្រោះចិត្តរបស់ពួកបរិសុទ្ធបានធូរស្បើយដោយសារអ្នក។
8
ដូច្នេះ នៅក្នុងព្រះគ្រីស្ទ ទោះជាខ្ញុំមានសិទ្ធិនឹងបង្គាប់អ្នកឲ្យធ្វើអ្វីដែលអ្នកត្រូវធ្វើក៏ដោយ
9
ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតខ្ញុំ ប៉ុល មានវ័យចាស់ហើយ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រីស្ទយេស៊ូវទៀតផង
10
ខ្ញុំសូមអង្វរអ្នកជំនួសកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលខ្ញុំជាប់ចំណង។
11
ពីដើមគាត់គ្មានប្រយោជន៍សម្រាប់អ្នកមែន តែឥឡូវនេះ គាត់ពិតជាមានប្រយោជន៍សម្រាប់អ្នក ហើយក៏មានប្រយោជន៍សម្រាប់ខ្ញុំដែរ។
12
ខ្ញុំបានចាត់គាត់ ដែលជាដួងចិត្តរបស់ខ្ញុំ ឲ្យមករកអ្នកវិញ។
13
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ
14
តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នកឡើយ ដើម្បីកុំឲ្យអ្នកធ្វើល្អទាំងបង្ខំ គឺដោយស្ម័គ្រចិត្តវិញ។
15
ប្រហែលជាដោយសារមូលហេតុនេះ បានជាគាត់ឃ្លាតចេញពីអ្នកមួយរយៈ ដើម្បីឲ្យអ្នកបានគាត់មកវិញអស់កល្បជានិច្ច
16
តែមិនមែនជាអ្នកបម្រើទៀត គឺជាបងប្អូនស្ងួនភ្ងាវិញ ដែលលើសជាងអ្នកបម្រើទៅទៀត ជាពិសេសចំពោះខ្ញុំ ហើយចំពោះអ្នកកាន់តែពិសេសថែមទៀត ទាំងខាងសាច់ឈាម ទាំងខាងព្រះអម្ចាស់។
17
ដូច្នេះ ប្រសិនបើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ ទុកដូចជាទទួលខ្ញុំចុះ។
18
ប្រសិនបើគាត់បានធ្វើអ្វីខុសចំពោះអ្នក ឬជំពាក់អ្វីដល់អ្នក នោះត្រូវគិតលើខ្ញុំវិញ។
19
ខ្ញុំ ប៉ុល សរសេរដោយដៃរបស់ខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងអ្នក តែខ្ញុំមិនបាច់រំឭកអ្នកទេថា សូម្បីតែខ្លួនអ្នកផ្ទាល់ក៏ជំពាក់ខ្ញុំដែរ។
20
មែនហើយ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះពីអ្នកក្នុងព្រះអម្ចាស់ផង! សូមឲ្យចិត្តរបស់ខ្ញុំបានធូរស្បើយក្នុងព្រះគ្រីស្ទផង។
21
ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយជឿជាក់ថា អ្នកនឹងស្តាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងថា អ្នកនឹងធ្វើលើសជាងពាក្យដែលខ្ញុំសុំនេះទៅទៀត។
22
ព្រមជាមួយគ្នានេះ សូមរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់នៅផង ដ្បិតខ្ញុំសង្ឃឹមថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នក ខ្ញុំនឹងបានមកជួបអ្នកវិញមិនខាន។
23
លោកអេប៉ាប្រាស ជាអ្នកជាប់គុកជាមួយខ្ញុំដោយព្រោះព្រះគ្រីស្ទយេស៊ូវ សូមជម្រាបសួរមកអ្នក
24
ហើយលោកម៉ាកុស លោកអើរីស្តាក លោកដេម៉ាស និងលោកលូកា ជាអ្នករួមការជាមួយខ្ញុំ ក៏សូមជម្រាបសួរមកអ្នកដែរ។
25
សូមឲ្យវិញ្ញាណរបស់អ្នកបានប្រកបដោយព្រះគុណរបស់អម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។:៚
Jump to:
Chapter 1
All chapters:
1