bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Zephaniah 2
Zephaniah 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
ម្នាល សាសន៍ដែលមិនចេះខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា
2
មុនដែលត្រូវសម្រេចតាមច្បាប់ មុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័ស របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា គឺមុនដែលថ្ងៃនៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា។
3
អ្នកទាំងអស់គ្នាដែលរាបសានៅក្នុងស្រុក ដែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកព្រះអង្គ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីរាបសាចុះ ប្រហែលជាឯងរាល់គ្នានឹងបានបិទបាំង នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា។
4
ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ។
5
វេទនាដល់ឯងរាល់គ្នាដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ម្នាលឯងរាល់គ្នាជាសាសន៍កេរេធីមអើយ! ព្រះបន្ទូលរបស់ព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នាហើយ ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នកមិនឲ្យមាន អ្នកណាសល់នៅទៀតឡើយ។
6
ឯឯង ឱស្រុកតាមឆ្នេរសមុទ្រអើយ ឯងនឹងបានជាវាលស្មៅ ជាកន្លែងឃ្វាលសត្វសម្រាប់ពួកគង្វាល និងក្រោលសម្រាប់ហ្វូងចៀម។
7
ស្រុកតាមឆ្នេរសមុទ្រនឹងក្លាយជាកេរអាករ នៃសំណល់ពូជពង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះ នៅក្នុងក្រុងអាសកាឡូន ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់គេ ព្រះអង្គនឹងប្រោសគេ ហើយស្ដារស្ថានភាពរបស់គេឡើងវិញ។
8
យើងបានឮពាក្យដំណៀលរបស់សាសន៍ម៉ូអាប់ និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀល ដល់ប្រជារាស្ត្ររបស់យើង ហើយបានអួតខ្លួនគេទាស់នឹង ទឹកដីប្រជារាស្ត្ររបស់យើង។
9
ហេតុនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គស្បថថា៖ ដរាបណាយើងមានជីវិតគង់នៅ ពិតប្រាកដជាស្រុកម៉ូអាប់ នឹងបានដូចជាក្រុងសូដុម ហើយពួកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ ជាស្រុកដែលមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ហើយជាទីស្មសានរហូតតទៅ។ ឯសំណល់នៃប្រជារាស្ត្ររបស់យើង នឹងរឹបអូសយកទ្រព្យសម្បត្តិរបស់គេ ហើយពួកអ្នកនៅមានជីវិតនៃសាសន៍របស់យើង នឹងកាន់កាប់ស្រុករបស់គេ។
10
នេះជាហេតុការណ៍ដែលនឹងកើតមានដល់គេ សម្រាប់អំនួតរបស់គេ ដោយព្រោះគេបានត្មះតិះដៀល ហើយអួតខ្លួនទាស់នឹងប្រជារាស្ត្រ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
11
ព្រះយេហូវ៉ានឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតព្រះអង្គនឹងធ្វើឲ្យព្រះទាំងប៉ុន្មាន នៅផែនដីរៀវសូន្យទៅ ហើយមនុស្សទាំងឡាយនឹងថ្វាយបង្គំព្រះអង្គវិញ គ្រប់គ្នានឹងថ្វាយបង្គំនៅតាមកន្លែងរបស់គេរៀងខ្លួន គឺអស់ទាំងឆ្នេរ និងកោះទាំងប៉ុន្មាន របស់សាសន៍ទាំងឡាយ។
12
ឯឯងរាល់គ្នា ជាសាសន៍អេធីយ៉ូពី ក៏នឹងត្រូវស្លាប់ដោយដាវរបស់យើងដែរ។
13
ព្រះអង្គនឹងលូកព្រះហស្តទៅទាស់នឹងស្រុកខាងជើង ក៏នឹងបំផ្លាញស្រុកអាសស៊ើរ ហើយធ្វើឲ្យក្រុងនីនីវេខូចបង់ ជាទីហួតហែង ដូចទីរហោស្ថាន។
14
អស់ទាំងហ្វូងសត្វនឹងដេកនៅកណ្ដាលនោះ សត្វគ្រប់ពូជទាំងអស់ ទាំងស្មោញ និងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងរបស់វាយំនៅមាត់បង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ ដ្បិតឈើតាត្រៅដែលស្រោបជញ្ជាំង ក៏ត្រូវរបើកអស់ដែរ។
15
នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាជម្រកសម្រាប់ពពួកសត្វព្រៃយ៉ាងណាហ្ន៎! អស់អ្នកណាដែលដើរតាមទីនោះ នឹងហួចចំអក ហើយរលាស់ដៃ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3