bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Jude 1
Jude 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
1
ពីខ្ញុំ យូដាស ដែលជាបាវបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ និងជាប្អូនប្រុស របស់យ៉ាកុប ជូនចំពោះពួកអ្នកដែលត្រូវបានត្រាស់ហៅ ដែលត្រូវបានស្រឡាញ់ ក្នុងព្រះដែលជាព្រះបិតា និងត្រូវបានរក្សាក្នុងព្រះយេស៊ូវគ្រីស្ទ។
2
សូមឲ្យសេចក្ដីមេត្តា សេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ត្រូវបានបង្កើនដល់អ្នករាល់គ្នា!
3
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងនឹងសរសេរមកអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងមានរួមគ្នា ខ្ញុំបានយល់ឃើញថាជាការចាំបាច់ដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាការជំរុញទឹកចិត្តដល់អ្នករាល់គ្នាឲ្យខំប្រឹងតស៊ូដើម្បីជំនឿដែលត្រូវបានផ្ទុកផ្ដាក់នឹងវិសុទ្ធជនម្ដងជាសម្រេចនោះ។
4
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេស នៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយ តែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
5
ទោះបីជាអ្នករាល់គ្នាដឹងសេចក្ដីទាំងអស់នេះហើយក៏ដោយ ក៏ខ្ញុំចង់រំលឹកអ្នករាល់គ្នាថា ព្រះអម្ចាស់ បានសង្គ្រោះប្រជារាស្ត្រចេញពីដែនដីអេហ្ស៊ីបតែម្ដងគត់ ហើយក្រោយមក ព្រះអង្គបានបំផ្លាញពួកអ្នកដែលមិនបានជឿ
6
ព្រមទាំងឃុំឃាំងបណ្ដាទូតសួគ៌ដែលមិនបានរក្សាឋានៈខ្លួន គឺបោះបង់លំនៅរបស់ខ្លួនចោលនោះ ឲ្យនៅក្នុងសេចក្ដីងងឹតដោយចំណងដ៏អស់កល្ប រហូតដល់ថ្ងៃនៃការជំនុំជម្រះដ៏ធំ។
7
ដូចគ្នាដែរ សូដុម និងកូម៉ូរ៉ា ព្រមទាំងទីក្រុងឯទៀតៗដែលនៅជុំវិញ បានបណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយទៅតាមតណ្ហាសាច់ឈាមដែលខុសធម្មជាតិដូចរបៀបពពួកទូតសួគ៌ទាំងនោះ ក៏បានត្រឡប់ជាគំរូដោយទទួលទោសនៃភ្លើងអស់កល្បជានិច្ច។
8
យ៉ាងណាមិញ ពួករវើរវាយទាំងនោះក៏ដូច្នោះដែរ ពួកគេធ្វើឲ្យរូបកាយសៅហ្មង ទាំងបដិសេធអំណាចគ្រប់គ្រង ហើយនិយាយប្រមាថពពួកដែលប្រកបដោយសិរីរុងរឿង។
9
សូម្បីតែមីកែលមហាទូតសួគ៌ក៏មិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថឡើយ កាលបានប្រកែកជាមួយមារ ពេលជជែកវែកញែកអំពីសពរបស់ម៉ូសេ គឺគ្រាន់តែនិយាយថា៖ “សូមឲ្យព្រះអម្ចាស់ស្ដីបន្ទោសឯង!”
10
រីឯអ្នកទាំងនោះវិញ ពួកគេនិយាយប្រមាថអ្វីៗដែលខ្លួនមិនស្គាល់ ហើយពួកគេនឹងត្រូវបានបំផ្លាញដោយអ្វីដែលពួកគេយល់តាមធម្មជាតិ ដូចសត្វដែលគ្មានវិចារណញ្ញាណ។
11
វេទនាដល់ពួកគេហើយ! ដ្បិតពួកគេដើរតាមផ្លូវរបស់កាអ៊ីន ហើយសម្រុកចូលទៅក្នុងសេចក្ដីវង្វេងរបស់បាឡាមដើម្បីកម្រៃ ថែមទាំងវិនាសក្នុងការបះបោររបស់កូរ៉ា។
12
អ្នកទាំងនោះជាស្នាមប្រឡាក់ ក្នុងពិធីលៀងនៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា។ នៅពេលពួកគេស៊ីលៀងជាមួយអ្នករាល់គ្នា ដោយឥតភ័យខ្លាច ពួកគេបំប៉នខ្លួនឯង។ ពួកគេជាពពកហួតហែងដែលត្រូវខ្យល់បក់បោក ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ដែលងាប់ពីរដង ហើយត្រូវបានដកចេញ
13
ជារលកកំណាចរបស់សមុទ្រដែលបែកពពុះនៃសេចក្ដីគួរខ្មាសរបស់ខ្លួន ជាផ្កាយវង្វេងទិស ដែលមានសេចក្ដីងងឹតសូន្យឈឹងអស់កល្បជានិច្ចបម្រុងទុកសម្រាប់ពួកគេ។
14
ហេណុកដែលជាតំណ ទីប្រាំពីរក្រោយពីអ័ដាម ក៏បានព្យាករអំពីអ្នកទាំងនេះដែរថា៖ “មើល៍! ព្រះអម្ចាស់បានយាងមកជាមួយពួកវិសុទ្ធដ៏ច្រើនរាប់មិនអស់របស់ព្រះអង្គ
15
ដើម្បីអនុវត្តការជំនុំជម្រះចំពោះមនុស្សទាំងអស់ និងដើម្បីថ្កោលទោសមនុស្សគ្រប់គ្នា អំពីគ្រប់ទាំងអំពើមិនគោរពព្រះដែលពួកគេបានប្រព្រឹត្តដោយមិនគោរពព្រះ និងអំពីគ្រប់ទាំងពាក្យអាក្រក់ដែលមនុស្សបាបមិនគោរពព្រះ បាននិយាយទាស់នឹងព្រះ”។
16
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។
17
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរនឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងទុកមុនតាមរយៈពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង
18
ដែលពួកគេបានប្រាប់អ្នករាល់គ្នាថា៖ “នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកដែលដើរតាមតណ្ហារបស់ខ្លួនក្នុងការមិនគោរពព្រះ”។
19
អ្នកទាំងនោះជាអ្នកបង្កើតការបាក់បែក ជាមនុស្សខាងសាច់ឈាម គឺគ្មានព្រះវិញ្ញាណទេ។
20
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរស្អាងខ្លួនលើជំនឿដ៏វិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណដ៏វិសុទ្ធចុះ។
21
ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។
22
ចូរមេត្តាករុណាដល់ពួកអ្នកដែលសង្ស័យ
23
ចូរសង្គ្រោះអ្នកឯទៀតដោយឆក់យកពួកគេចេញពីភ្លើង ចូរមេត្តាករុណាដល់អ្នកផ្សេងទៀតទាំងភ័យខ្លាច ដោយស្អប់សូម្បីតែអាវដែលត្រូវបានធ្វើឲ្យសៅហ្មងដោយសាច់ឈាម។
24
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ព្រមទាំងអាចឲ្យអ្នករាល់គ្នាឈរនៅចំពោះសិរីរុងរឿងរបស់ព្រះអង្គ ដោយឥតសៅហ្មង និងដោយអំណរ
25
គឺព្រះតែមួយអង្គគត់ ដែលជាព្រះសង្គ្រោះនៃយើង សូមឲ្យមានសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង តាំងពីមុនសម័យកាលទាំងអស់ នៅបច្ចុប្បន្ននេះ និងអស់កល្បតរៀងទៅ! អាម៉ែន៕៚
Jump to:
Chapter 1
All chapters:
1
Recommended Reading
Commentary
Jude Commentaries
→
Devotional
Jude Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→