bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Philemon 1
Philemon 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
1
ពីខ្ញុំ ប៉ូល ដែលជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះភីលេម៉ូនជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង
2
ហើយជូនចំពោះអាប់ភាបងប្អូនស្រី របស់យើង និងអើឃីពអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងជូនចំពោះក្រុមជំនុំដែលនៅផ្ទះរបស់អ្នកដែរ។
3
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
4
ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ ទាំងនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ
5
ដោយបានឮអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់អ្នក ដែលអ្នកមានចំពោះព្រះអម្ចាស់យេស៊ូវ និងចំពោះវិសុទ្ធជនទាំងអស់។
6
ខ្ញុំអធិស្ឋានឲ្យការប្រកបគ្នា នៃជំនឿរបស់អ្នកមានប្រសិទ្ធភាព តាមរយៈការយល់ដឹងត្រឹមត្រូវអំពីអស់ទាំងសេចក្ដីល្អដែលនៅក្នុងចំណោមយើង សម្រាប់ព្រះគ្រីស្ទ ។
7
ជាការពិត ខ្ញុំមានអំណរ និងការកម្សាន្តចិត្តយ៉ាងខ្លាំង ដោយសារតែសេចក្ដីស្រឡាញ់របស់អ្នក ដ្បិតប្អូនអើយ ដួងចិត្តរបស់វិសុទ្ធជនត្រូវបានធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈអ្នក។
8
ដោយហេតុនេះ ទោះបីជាខ្ញុំមានភាពក្លាហានយ៉ាងខ្លាំងក្នុងព្រះគ្រីស្ទ គឺអាចបញ្ជាអ្នកនូវអ្វីដែលគប្បីក៏ដោយ
9
ក៏ខ្ញុំសុខចិត្តសូមអង្វរអ្នកវិញ ដោយសារតែសេចក្ដីស្រឡាញ់។ ខ្ញុំ ប៉ូល ក្នុងនាមជាមនុស្សចាស់បែបនេះ ហើយឥឡូវនេះជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវទៀតផង——
10
ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើត នៅពេលជាប់ឃុំឃាំង។
11
ពីមុន គាត់គ្មានប្រយោជន៍ដល់អ្នកទេ ប៉ុន្តែឥឡូវនេះ គាត់មានប្រយោជន៍ដល់អ្នកផង ដល់ខ្ញុំផង។
12
ខ្ញុំបានបញ្ជូនគាត់ឲ្យទៅរកអ្នកវិញ គាត់គឺជាដួងចិត្តរបស់ខ្ញុំ។
13
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ឃុំឃាំងដើម្បីដំណឹងល្អ
14
ក៏ប៉ុន្តែខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីអ្នក ដើម្បីកុំឲ្យការល្អរបស់អ្នកដូចជាមកពីការបង្ខំឡើយ គឺឲ្យមកពីការស្ម័គ្រចិត្តវិញ។
15
តាមពិត ប្រហែលនេះជាហេតុដែលគាត់បានចាកចេញពីអ្នកមួយរយៈ ដើម្បីឲ្យអ្នកបានទទួលគាត់មកវិញអស់កល្បជានិច្ច
16
មិនមែនដូចជាបាវបម្រើទៀតទេ គឺលើសជាងបាវបម្រើទៅទៀត គឺជាបងប្អូនដ៏ជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ។ ចុះសម្រាប់អ្នកវិញ តើនឹងលើសជាងយ៉ាងណាទៅ គឺទាំងខាងសាច់ឈាម ទាំងក្នុងព្រះអម្ចាស់!
17
ដូច្នេះ ប្រសិនបើអ្នកចាត់ទុកខ្ញុំជាដៃគូ សូមទទួលគាត់ដូចជាទទួលខ្ញុំដែរ។
18
ប្រសិនបើគាត់បានធ្វើអ្វីមិនស្មោះត្រង់ចំពោះអ្នក ឬជំពាក់អ្វីដល់អ្នក សូមគិតលើខ្ញុំវិញចុះ។
19
ខ្ញុំ ប៉ូល សូមសរសេរដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងវិញ——ខ្ញុំមិនបាច់រំលើកថាអ្នកក៏ជំពាក់ខ្ញុំដែរ សូម្បីតែខ្លួនអ្នកផ្ទាល់!
20
មែនហើយ ប្អូនអើយ! សូមធ្វើឲ្យខ្ញុំមានអំណរពីអ្នក ក្នុងព្រះអម្ចាស់ផង សូមធ្វើឲ្យដួងចិត្តរបស់ខ្ញុំស្រស់ស្រាយឡើងវិញក្នុងព្រះគ្រីស្ទ ផង។
21
ខ្ញុំបានសរសេរមកអ្នកដោយជឿជាក់ថាអ្នកនឹងស្ដាប់តាម ទាំងដឹងដែរថា អ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំសុំទៅទៀត។
22
ក្នុងពេលជាមួយគ្នា សូមរៀបចំកន្លែងស្នាក់នៅសម្រាប់ខ្ញុំផង ដ្បិតខ្ញុំសង្ឃឹមថា ខ្ញុំនឹងត្រូវបានប្រទានឲ្យមកជួបអ្នករាល់គ្នា ដោយព្រោះតែការអធិស្ឋានរបស់អ្នករាល់គ្នា។
23
អេប៉ាប្រាសអ្នកជាប់គុកជាមួយខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវ ផ្ដាំសួរសុខទុក្ខអ្នក។
24
ម៉ាកុស អើរីស្តាក ដេម៉ាស និងលូកា អ្នករួមការងារជាមួយខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នកដែរ។
25
សូមឲ្យព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នា! ៕៚
Jump to:
Chapter 1
All chapters:
1
Recommended Reading
Commentary
Philemon Commentaries
→
Devotional
Philemon Devotional Guide
→
Get This Bible
Khmer (ព្រះគម្ពីរខ្មែរសាកល) Study Bible
→