bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Corinthians 1
2 Corinthians 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ក*របស់ព្រះគ្រិស្ដយេស៊ូ ខ្ញុំ និងលោកធីម៉ូថេ សូមជំរាបមកក្រុមជំនុំរបស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស និងជំរាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ នៅស្រុកអាខៃទាំងមូល។
2
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!
3
សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃយើង។ ព្រះអង្គជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជាព្រះដែលជួយសំរាលទុក្ខគ្រប់បែបយ៉ាងទាំងអស់។
4
ព្រះអង្គសំរាលទុក្ខយើង នៅពេលយើងមានទុក្ខវេទនាសព្វបែបយ៉ាង ដើម្បីអោយយើងអាចសំរាលទុក្ខអស់អ្នកដែលមានទុក្ខវេទនា ព្រោះព្រះជាម្ចាស់ប្រទានអោយយើងផ្ទាល់បានធូរស្បើយរួចហើយដែរ។
5
យើងរួមទុក្ខលំបាកផ្សេងៗជាមួយព្រះគ្រិស្ដកាន់តែច្រើនយ៉ាងណា យើងក៏បានធូរស្រាលពីទុក្ខតាមរយៈព្រះគ្រិស្ដ កាន់តែច្រើនយ៉ាងនោះដែរ។
6
បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីអោយព្រះអង្គសំរាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីអោយបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើអោយបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។
7
ដូច្នេះ កាលណាយើងគិតពីបងប្អូន យើងមានសង្ឃឹមយ៉ាងមុតមាំដោយដឹងថា បងប្អូនរងទុក្ខលំបាករួមជាមួយយើងយ៉ាងណា បងប្អូនក៏នឹងបានធូរស្រាល រួមជាមួយយើងយ៉ាងនោះដែរ។
8
បងប្អូនអើយ យើងចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំងហួសពីកម្លាំងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។
9
យើងនឹកក្នុងចិត្តថា គេនឹងដាក់ទោសយើងដល់ស្លាប់។ រឿងនេះកើតឡើង ដើម្បីកុំអោយយើងពឹងផ្អែកលើខ្លួនឯង គឺពឹងផ្អែកលើព្រះជាម្ចាស់ ដែលប្រោសមនុស្សស្លាប់អោយរស់ឡើងវិញ។
10
ព្រះអង្គបានរំដោះយើងអោយរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយព្រះអង្គក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយយើងសង្ឃឹមថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន។
11
រីឯបងប្អូនវិញ បងប្អូនក៏បានជួយយើង ដោយទូលអង្វរព្រះជាម្ចាស់។ ហេតុនេះ ព្រះអង្គប្រោសប្រណីដល់យើង ដោយមានគ្នាច្រើនទូលអង្វរ ហើយក៏នឹងមានគ្នាជាច្រើនអរព្រះគុណព្រះអង្គអំពីយើងដែរ។
12
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេតែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើអោយយើងបានខ្ពស់មុខ។
13
យើងមិនសរសេរសេចក្ដីណាផ្សេងទៀតមកជូនបងប្អូន ក្រៅពីសេចក្ដីដែលបងប្អូនអាន និងយល់ស្រាប់ហើយនោះឡើយ។ ខ្ញុំសង្ឃឹមថា បងប្អូនមុខជាយល់សេចក្ដីនេះជាក់ច្បាស់សព្វគ្រប់មិនខាន
14
ដូចបងប្អូនយល់មួយផ្នែករួចមកហើយថា យើងបានធ្វើអោយបងប្អូនខ្ពស់មុខ ហើយបងប្អូនក៏នឹងធ្វើអោយយើងខ្ពស់មុខនៅថ្ងៃព្រះអម្ចាស់យេស៊ូនៃយើងទ្រង់យាងមកនោះដែរ។
15
ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីអោយព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។
16
បន្ទាប់មក ខ្ញុំនឹងចាកចេញពីបងប្អូនឆ្ពោះទៅស្រុកម៉ាសេដូន ហើយវិលពីស្រុកម៉ាសេដូនមករកបងប្អូនវិញ ដើម្បីអោយបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកយូដាទៀត។
17
ខ្ញុំសំរេចចិត្តធ្វើដូច្នេះ តើខ្ញុំសំរេចដោយឥតបើគិតឬ? ឬមួយគំរោងការរបស់ខ្ញុំកើតមកពីគំនិតលោកីយ៍ បានជាខ្ញុំនិយាយបាតដៃជាខ្នងដៃ ដូច្នេះ?
18
មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ
19
ដ្បិតព្រះគ្រិស្ដយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន និងលោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។
20
ព្រះគ្រិស្ដបានធ្វើអោយព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសំរេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយបានជាយើងពោលពាក្យ«អាម៉ែន*»ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រិស្ដ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
21
គឺព្រះជាម្ចាស់ហើយ ដែលប្រទានអោយយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រិស្ដ ព្រមទាំងបានចាក់ប្រេងលើយើងផង
22
ហើយព្រះអង្គក៏បានដៅសញ្ញាសំគាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ។
23
ខ្ញុំសូមជំរាបបងប្អូន ដោយមានព្រះជាម្ចាស់ជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមព្រះអង្គផ្ដាច់ជីវិតខ្ញុំចុះ)។
24
យើងមិនចង់ត្រួតត្រាលើជំនឿរបស់បងប្អូនទេ ដ្បិតជំនឿរបស់បងប្អូនមាំមួនរួចស្រេចទៅហើយ យើងគ្រាន់តែចង់ធ្វើការរួមជាមួយបងប្អូន ដើម្បីអោយបងប្អូនមានអំណរតែប៉ុណ្ណោះ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13