bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
2 Timothy 2
2 Timothy 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះគុណដែលយើងមានដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។
2
សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់អោយបងប្អូនណាដែលស្មោះត្រង់ និងមានសមត្ថភាពអាចបង្រៀនបន្តទៅអ្នកផ្សេងទៀតចុះ។
3
ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ។
4
ពេលទាហានចេញទៅច្បាំង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា អោយអ្នកដែលកេណ្ឌខ្លួនពេញចិត្ត។
5
រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។
6
កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។
7
ចូរពិចារណាអោយយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះអម្ចាស់នឹងប្រទានអោយអ្នកមានប្រាជ្ញា អាចយល់បានទាំងអស់។
8
ចូរនឹកដល់ព្រះយេស៊ូគ្រិស្ដ ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌ ស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។
9
ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។
10
ហេតុនេះហើយបានជាខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីអោយពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រមទាំងទទួលសិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។
11
ពាក្យនេះគួរអោយជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់ រួមជាមួយព្រះអង្គដែរ។
12
ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់ យើងវិញដែរ។
13
ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់ បានឡើយ។
14
អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់អោយគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្តរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។
15
ចូរខំប្រឹងធ្វើយ៉ាងណា អោយបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងចូលជិតព្រះអង្គក្នុងឋានៈជាកម្មករ ដែលគ្មានអ្វីនាំអោយអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។
16
ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្តពាក្យព្រោកប្រាជ្ញបែបនេះ តែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។
17
ពាក្យសំដីរបស់ពួកគេ ប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណាស និងភីលេត។
18
អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញរួចហើយ គេក៏បានបង្វែរបងប្អូនខ្លះអោយលះបង់ជំនឿ។
19
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញអោយផុតពីអំពើទុច្ចរិត» ។
20
នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និងធ្វើពីដីដែរ មួយផ្នែកសំរាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀតសំរាប់ប្រើប្រាស់ជាធម្មតា។
21
ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជំរះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេស វិសុទ្ធ*មានប្រយោជន៍ដល់ម្ចាស់ និងប្រើប្រាស់សំរាប់ធ្វើអំពើល្អគ្រប់យ៉ាង។
22
ចូរគេចចេញអោយផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្តបរិសុទ្ធ* នោះវិញ។
23
ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កអោយតែមានជម្លោះប៉ុណ្ណោះ
24
រីឯអ្នកបំរើរបស់ព្រះអម្ចាស់ មិនត្រូវអោយមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ
25
ត្រូវមានចិត្តស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានអោយគេកែប្រែចិត្តគំនិត ដើម្បីអោយគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
26
ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ* ដែលបានចាប់ចងគេ បង្ខំអោយធ្វើតាមបំណងរបស់វា។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4