bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
John 4
John 4
Khmer Standard Version 1954 = Hammond Version
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
1
ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស*ច្រើនជាងលោកយ៉ូហាន និងបានជ្រមុជទឹកអោយមនុស្សច្រើនជាងដែរ។
2
តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកអោយគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។
3
ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ
4
ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។
5
ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចំការដែលលោកយ៉ាកុបបានចែកអោយលោកយ៉ូសែបជាកូន។
6
នៅទីនោះ មានអណ្ដូងទឹកមួយឈ្មោះ “អណ្ដូងលោកយ៉ាកុប”។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះ ប្រហែលជាថ្ងៃត្រង់។
7
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្តិច»។
8
(សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។
9
ស្ត្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ត្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និងសាសន៍សាម៉ារីមិនត្រូវគ្នាទេ)។
10
ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្តិច”នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងអោយទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។
11
នាងទូលព្រះអង្គថា៖ «លោកម្ចាស់! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក?។
12
តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស*របស់យើង ដែលបានទុកអណ្ដូងនេះអោយយើងឬ?។ លោកយ៉ាកុប និងកូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះ ហើយសត្វរបស់លោកក៏បានផឹកទឹកអណ្ដូងនេះដែរ»។
13
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត
14
រីឯអ្នកដែលពិសាទឹកខ្ញុំអោយនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំអោយនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។
15
ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្តាផ្ដល់ទឹកនោះមកនាងខ្ញុំផង កុំអោយនាងខ្ញុំស្រេក និងកុំអោយរវល់មកដងទឹកអណ្ដូងនេះទៀត»។
16
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។
17
ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះ ត្រូវមែន
18
ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។
19
នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។
20
បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថាត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។
21
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។
22
អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។
23
ប៉ុន្តែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និងតាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។
24
ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះអស់អ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។
25
ស្ត្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រិស្ដ*នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងប្រទានអោយយើងដឹងសព្វគ្រប់ទាំងអស់»។
26
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។
27
ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ត្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គថា ព្រះអង្គសួររកអ្វី ឬហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។
28
ស្ត្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖
29
«សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំ នូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត។ លោកនោះជាព្រះគ្រិស្ដហើយមើលទៅ!»។
30
អ្នកស្រុកនាំគ្នាចេញពីភូមិទៅរកព្រះយេស៊ូ។
31
ក្នុងពេលជាមួយគ្នានោះ ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូសូមអញ្ជើញពិសា!»។
32
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។
33
ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។
34
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំអោយមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គអោយបានសំរេច។
35
អ្នករាល់គ្នាតែងពោលថា “បួនខែទៀតដល់រដូវចំរូត”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ ស្រូវទុំល្មមច្រូតហើយ។
36
អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសំរាប់ជីវិតអស់កល្បជានិច្ច ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា
37
ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។
38
ខ្ញុំបានចាត់អ្នករាល់គ្នាអោយទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។
39
ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ត្រីនោះបានបញ្ជាក់ប្រាប់ថា “លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ត”។
40
ហេតុនេះហើយបានជាកាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។
41
មានមនុស្សច្រើនជាងនោះទៅទៀត បានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។
42
ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថាព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។
43
ពីរថ្ងៃក្រោយមក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។
44
ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។
45
លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសំដែង ក្នុងឱកាសពិធីបុណ្យចម្លង*នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។
46
ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើអោយទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម កូនប្រុសរបស់លោកមានជំងឺ។
47
កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោកដែលកំពុងតែឈឺជិតផុតដង្ហើមនោះ អោយបានជាសះស្បើយ។
48
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសំគាល់ និងឫទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។
49
មន្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមលោកអញ្ជើញមក ក្រែងកូនរបស់ខ្ញុំប្របាទស្លាប់»។
50
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូក៏ចេញដំណើរទៅ។
51
ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបំរើរបស់លោកនាំគ្នាចេញមកជំរាបថា កូនរបស់លោករស់ហើយ។
52
លោកក៏សួរអ្នកបំរើអោយដឹងថា កូនរបស់លោកបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។
53
ឪពុកដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា“កូនរបស់លោករស់ហើយ!”។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូល ក៏ជឿលើព្រះអង្គដែរ។
54
នេះជាទីសំគាល់លើកទីពីរ ដែលព្រះយេស៊ូបានធ្វើ នៅពេលដែលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21