bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Luke 16
Luke 16
Khmer Standard Version 1954 = Hammond Version
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្ស*ថា៖ «មានសេដ្ឋីមួយរូប បានប្រគល់មុខងារអោយអ្នកបំរើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជំរាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។
2
សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកអោយខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតបានឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។
3
អ្នកបំរើនោះរិះគិតក្នុងចិត្តថា “ចៅហ្វាយលែងអោយអញទទួលខុសត្រូវលើទ្រព្យសម្បត្តិលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។
4
អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញអោយស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។
5
គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយអោយចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។
6
កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបំរើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នកហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។
7
បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបំរើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នកហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។
8
ម្ចាស់ក៏សរសើរអ្នកបំរើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
9
«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះ ទៅធ្វើទានដើម្បីអោយមានមិត្តភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅមិត្តភក្ដិទាំងនោះ នឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។
10
អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។
11
ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។
12
ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃផង ធ្វើម្ដេចអោយព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសំរាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន!
13
គ្មានអ្នកណាអាចបំរើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបំរើព្រះជាម្ចាស់ផង គោរពបំរើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
14
កាលពួកខាងគណៈផារីស៊ី*ឮដូច្នោះ គេក៏ចំអកអោយព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។
15
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសំដែងឫកពាអោយមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរអោយស្អប់ខ្ពើម។
16
គម្ពីរវិន័យ* និងគម្ពីរព្យាការី*បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ* អំពីព្រះរាជ្យ*ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។
17
ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែក្រឹត្យវិន័យមិនរលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
18
បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្តអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
19
«មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយមានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។
20
មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។
21
អ្នកឡាសារចង់បរិភោគកំទេចម្ហូបអាហារ ដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។
22
ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវតា*នាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំ នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។
23
នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។
24
គាត់ស្រែកអង្វរលោកអប្រាហាំថា “លោកឪពុកអើយ! សូមអាណិតមេត្តាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារអោយយកម្រាមដៃជ្រលក់ទឹក បន្តក់លើអណ្ដាតខ្ញុំបន្តិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។
25
លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។
26
ម្យ៉ាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ”។
27
អ្នកមាននោះអង្វរថា “លោកឪពុកអើយ! សូមលោកឪពុកមេត្តាចាត់ឡាសារអោយទៅផ្ទះឪពុកខ្ញុំផង
28
ខ្ញុំមានបងប្អូនប្រាំនាក់។ សូមអោយឡាសារទៅប្រាប់គេអោយដឹងខ្លួន កុំអោយគេមកកន្លែងរងទុក្ខទារុណកម្មនេះ”។
29
លោកអប្រាហាំឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ អោយគេធ្វើតាមពាក្យលោកទាំងនោះចុះ”។
30
អ្នកមានតបទៅលោកអប្រាហាំថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត”។
31
ប៉ុន្តែ លោកអប្រាហាំឆ្លើយតបវិញថា “ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ”»។
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24