bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Mark 12
Mark 12
Khmer Standard Version 1954 = Hammond Version
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
1
បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចំការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់អោយពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។
2
លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបំរើម្នាក់អោយមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចំការ។
3
គេនាំគ្នាចាប់អ្នកបំរើនោះវាយដំ ហើយបណ្ដេញអោយត្រឡប់ទៅវិញដៃទទេ។
4
ម្ចាស់ចំការក៏ចាត់អ្នកបំរើម្នាក់ទៀតអោយមក ប៉ុន្តែ ពួកអ្នកថែចំការនាំគ្នាវាយក្បាលអ្នកបំរើនោះហើយជេរស្ដីទៀតផង។
5
ម្ចាស់ចំការចាត់អ្នកបំរើម្នាក់ផ្សេងទៀតអោយមក។ អ្នកថែចំការបានសម្លាប់អ្នកបំរើនោះ។ បន្ទាប់មក អ្នកបំរើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។
6
ម្ចាស់ចំការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ចាត់បុត្រនោះអោយមកក្រោយគេបង្អស់ដោយយល់ថា
7
“គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពួកកសិករថែចំការទាំងនោះពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចំការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅចំការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។
8
គេក៏ចាប់កូនប្រុសម្ចាស់ចំការយកមកសម្លាប់ រួចបោះទៅក្រៅចំការទំពាំងបាយជូរ។
9
តើម្ចាស់ចំការធ្វើយ៉ាងដូចម្ដេច? គាត់មុខជាមកសម្លាប់អ្នកថែរក្សាចំការទាំងនោះមិនខាន រួចប្រគល់ចំការទំពាំងបាយជូរ ទៅអោយអ្នកផ្សេងទៀត។
10
អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរ ដែលមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។
11
ព្រះអម្ចាស់បានសំរេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង” »។
12
ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចាកចេញពីព្រះយេស៊ូទៅ។
13
គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះអោយទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។
14
គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើច្បាប់*របស់យើងអនុញ្ញាតអោយបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។
15
ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកអោយខ្ញុំមើលមើល៍»។
16
គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។
17
ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។
18
មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖
19
«លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកអោយយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្តពូជអោយបងប្រុសរបស់ខ្លួន” ។
20
ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។
21
ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយរួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។
22
បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុតនាងក៏ស្លាប់ទៅដែរ។
23
លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។
24
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។
25
ពេលមនុស្សស្លាប់ មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។
26
លោកម៉ូសេ*បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។
27
ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។
28
មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។
29
ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយៈ “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។
30
ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកអោយអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ” ។
31
រីឯបទបញ្ជាទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯង” ។ គ្មានបទបញ្ជាណាសំខាន់ជាងបទបញ្ជាទាំងពីរនេះទេ»។
32
អាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។
33
បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។
34
កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។
35
ព្រះយេស៊ូ បង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ*ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យនិយាយថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ?។
36
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌ អោយមានរាជឱង្ការថាៈ “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។
37
បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ដ*ថា “ព្រះអម្ចាស់” ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។
38
ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*អោយមែនទែនអ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើងហើយចូលចិត្តអោយគេអោនកាយគោរពនៅតាមផ្សារ
39
ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។
40
គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។
41
ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។
42
មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។
43
ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាបានដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់
44
ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសំរាប់ចិញ្ចឹមជីវិត»។
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16