bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Matthew 27
Matthew 27
Khmer Standard Version 1954 = Hammond Version
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
1
លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងព្រឹទ្ធាចារ្យ*ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសំរេចចិត្តធ្វើគុតព្រះយេស៊ូ។
2
គេក៏ចងព្រះអង្គ បញ្ជូនទៅលោកពីឡាតជាទេសាភិបាល។
3
កាលយូដាស ជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូ ឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់អោយពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*វិញ
4
ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅអោយគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
5
យូដាសបាចប្រាក់នោះនៅក្នុងព្រះវិហារ* ហើយចេញទៅចងកសម្លាប់ខ្លួន។
6
ពួកនាយកបូជាចារ្យរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។
7
ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចំការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។
8
ហេតុនេះហើយបានជាគេហៅចំការនោះថា «ចំការឈាម» រហូតមកទល់សព្វថ្ងៃ។
9
ហេតុការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការី*យេរេមាថា៖ «គេបានយកប្រាក់សាមសិបស្លឹង ជាប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថាជាថ្លៃទិញលោកនោះ
10
ហើយគេបានយកប្រាក់នោះទៅទិញចំការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ»។
11
ព្រះយេស៊ូ ឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
12
ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។
13
លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។
14
ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំអោយលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។
15
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។
16
នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។
17
កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រិស្ដ?»។
18
លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។
19
នៅពេលដែលលោកពីឡាត អង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេអោយមកជំរាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។
20
ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាញុះញង់បណ្ដាជន អោយសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។
21
លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។
22
លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់អោយខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្ដនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។
23
លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?» គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។
24
ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
25
ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
26
លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកអោយគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅអោយគេឆ្កាង។
27
ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។
28
គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។
29
គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំអោយព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។
30
គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។
31
ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។
32
ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់អោយលីឈើឆ្កាងរបស់ព្រះយេស៊ូ។
33
លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល»
34
គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។
35
ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា
36
រួចអង្គុយយាមព្រះអង្គនៅទីនោះ។
37
គេបានសរសេរប្រកាស អំពីហេតុដែលគេធ្វើទោសព្រះអង្គថា «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ។
38
ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។
39
មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ
40
ទាំងពោលថា៖ «អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។
41
រីឯពួកនាយកបូជាចារ្យ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ*ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖
42
«គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្ដេចអ៊ីស្រាអែល អោយគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង!
43
គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមអោយព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់”» ។
44
សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។
45
ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។
46
ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» ។
47
អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។
48
រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។
49
ប៉ុន្តែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។
50
ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។
51
ពេលនោះ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយផ្ទាំងថ្មក៏ប្រេះចេញពីគ្នា
52
ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ*ជាច្រើនបានរស់ឡើងវិញ
53
និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនអោយមនុស្សជាច្រើនបានឃើញផង។
54
កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
55
នៅទីនោះ មានស្ត្រីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបំរើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។
56
ក្នុងចំណោមស្ត្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។
57
លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។
58
គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាអោយគេប្រគល់ព្រះសពមកគាត់។
59
លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី
60
រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។
61
នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
62
នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សំរាក* ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* នាំគ្នាទៅជួបលោកពីឡាត
63
ជំរាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ”។
64
ហេតុនេះ សូមលោកបញ្ជាអោយគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។
65
លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងអោយគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។
66
ពួកគេក៏នាំគ្នាចេញទៅចាត់ចែងអោយយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានអោយនៅយាមផង។
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28