bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Nehemiah 2
Nehemiah 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
1
នៅខែចេត្រក្នុងឆ្នាំទីម្ភៃ នៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្ដេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភក្ត្រស្ដេចឡើយ។
2
ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។
3
ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមអោយព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនអោយទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
4
ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។ ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ
5
រួចខ្ញុំទូលស្ដេចវិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំមែននោះ សូមចាត់ទូលបង្គំអោយទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។
6
ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផងសួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើដំណើរទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលាដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្ដេចក៏យល់ព្រមអោយខ្ញុំចេញដំណើរ។
7
បន្ទាប់មក ខ្ញុំទូលព្រះចៅអធិរាជទៀតថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារអោយទូលបង្គំយកទៅជូនអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ដើម្បីអនុញ្ញាតអោយទូលបង្គំធ្វើដំណើរ រហូតដល់ស្រុកយូដា
8
ហើយរាជសារមួយទៀតជូនលោកអេសាភ ដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីអោយគាត់ផ្ដល់ឈើមកទូលបង្គំ សង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរព្រះដំណាក់ និងសង់កំពែងក្រុង ព្រមទាំងសង់ផ្ទះដែលទូលបង្គំត្រូវស្នាក់នៅ»។ ព្រះចៅអធិរាជប្រទានរាជសារតាមសំណូមពររបស់ខ្ញុំ ដ្បិតព្រះដ៏សប្បុរសរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ។
9
ខ្ញុំបានទៅជួបអស់លោកទេសាភិបាលអាណាខេត្តនានា ដែលនៅខាងលិចទន្លេអឺប្រាត ហើយប្រគល់សាររបស់ព្រះចៅអធិរាជ ជូនពួកលោក។ ព្រះចៅអធិរាជបានចាត់នាយទាហាន និងកងពលសេះ អោយជូនដំណើរខ្ញុំដែរ។
10
ពេលលោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម និងលោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូនដឹងដំណឹងនេះ ពួកគេមិនសប្បាយចិត្តទេព្រោះឃើញមនុស្សម្នាក់មករកផលប្រយោជន៍អោយជនជាតិអ៊ីស្រាអែល។
11
ខ្ញុំបានទៅដល់ក្រុងយេរូសាឡឹម ហើយស្នាក់នៅទីនោះចំនួនបីថ្ងៃ។
12
បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់អោយនរណាដឹងអំពីគំរោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ អោយគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។
13
នៅពេលយប់ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។
14
ខ្ញុំបានទៅជិតទ្វារប្រភពទឹក និងស្រះហ្លួង ប៉ុន្តែ គ្មានច្រកអាចអោយសត្វដែលខ្ញុំជិះនោះ ដើរទៅមុខទៀតបានឡើយ។
15
ដូច្នេះ ខ្ញុំក៏ឡើងតាមជ្រោះទៅទាំងយប់ ដើម្បីពិនិត្យមើលកំពែងក្រុង រួចខ្ញុំវិលត្រឡប់មកវិញដោយចូលតាមទ្វារជ្រលងភ្នំ។
16
ពួកអ្នកគ្រប់គ្រងក្រុងពុំបានដឹងថា ខ្ញុំទៅទីណាហើយខ្ញុំធ្វើអ្វីទេ។ មកទល់ពេលនេះខ្ញុំពុំបានប្រាប់ប្រជាជនយូដាពួកបូជាចារ្យ ពួកអភិជន ពួកអ្នកគ្រប់គ្រង ឬមេជាងសំណង់ឯទៀតៗ អោយដឹងពីគំរោងការរបស់ខ្ញុំឡើយ។
17
បន្ទាប់មក ខ្ញុំពោលទៅពួកគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ ពួកយើងរងទុក្ខវេទនាដល់កំរិតណា ក្រុងយេរូសាឡឹមត្រូវគេបំផ្លាញចោល ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ដែរ! ដូច្នេះ ចូរនាំគ្នាមក យើងសង់ក្រុងយេរូសាឡឹមឡើងវិញ ដើម្បីកុំអោយយើងបាក់មុខទៀត!»។
18
ពេលនោះ ខ្ញុំបានរៀបរាប់អោយពួកគេដឹងថា ព្រះដ៏សប្បុរសរបស់ខ្ញុំ ដាក់ព្រះហស្ដលើខ្ញុំ ហើយព្រះចៅអធិរាជបានថ្លែងមកខ្ញុំដូចម្ដេចខ្លះ។ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់!»។ ដូច្នេះ ពួកគេក៏មានទឹកចិត្តក្លាហាន បំពេញកិច្ចការដ៏ល្អប្រសើរនេះ។
19
លោកសាន់បាឡាត់ជាអ្នកស្រុកហូរ៉ូណែម លោកថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន និងកេសែម ជាជនជាតិអារ៉ាប់ បានដឹងដំណឹងនេះ ពួកគេនាំគ្នាសើចចំអក និងមើលងាយពួកយើងដោយពោលថា៖ «តើអ្នករាល់គ្នាចង់ធ្វើអ្វីហ្នឹង? តើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះចៅអធិរាជឬ?»។
20
ខ្ញុំឆ្លើយទៅពួកគេថា៖ «ព្រះនៃស្ថានបរមសុខ មុខជាប្រទានអោយពួកយើងទទួលជោគជ័យមិនខាន! ពួកយើងជាអ្នកបំរើរបស់ព្រះអង្គនឹងក្រោកឡើងសង់ក្រុងនេះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាគ្មានចំណែក គ្មានសិទ្ធិ ឬអនុស្សាវរីយ៍អ្វីក្នុងក្រុងយេរូសាឡឹមនេះទេ»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13