bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
2 Peter 2
2 Peter 2
Khmer 2014 (អាល់គីតាប)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
1
កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។
2
មនុស្សជាច្រើននឹងដើរតាមពួកគេ ទៅប្រព្រឹត្ដអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។
3
ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ អុលឡោះបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយទ្រង់ឥតប្រហែសនឹងបំផ្លាញគេឡើយ
4
ដ្បិតអុលឡោះពុំបានយោគយល់ដល់ពួកម៉ាឡាអ៊ីកាត់ដែលប្រព្រឹត្ដអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរ៉កាអវិចី ដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះរង់ចាំពេលទ្រង់វិនិច្ឆ័យទោស។
5
ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។
6
ទ្រង់បានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
7
ទ្រង់បានដោះលែងតែណាពីឡូតជាមនុស្សសុចរិត ព្រោះគាត់ព្រួយចិត្ដដោយឃើញមនុស្សអាក្រក់នៅជំនាន់នោះ វក់វីនឹងកាមគុណដ៏ថោកទាប។
8
រៀងរាល់ថ្ងៃ ណាពីឡូតជាមនុស្សសុចរិត ដែលរស់នៅកណ្ដាលចំណោមមនុស្សអាក្រក់ទាំងនោះ បានគ្រាំគ្រាក្នុងចិត្ដដ៏សុចរិតរបស់គាត់ ព្រោះឃើញ ហើយឮនូវអំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ។
9
យ៉ាងនេះហើយ ដែលអុលឡោះជាអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ទ្រង់ ឲ្យរួចពីទុក្ខលំបាក តែទ្រង់ទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលទ្រង់នឹងវិនិច្ឆ័យទោសមនុស្សលោក
10
ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។
11
សូម្បីតែម៉ាឡាអ៊ីកាត់ដែលមានកម្លាំង និងអំណាចខ្លាំងជាងអ្នកទាំងនោះ ក៏ពុំដែលចោទប្រកាន់ប្រមាថម៉ាឡាអ៊ីកាត់ នៅមុខអុលឡោះជាអម្ចាស់ដែរ។
12
រីឯអ្នកទាំងនោះវិញ ពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលកើតមកសម្រាប់តែជាប់អន្ទាក់ និងត្រូវវិនាសអន្ដរាយ ពួកគេនាំគ្នាជេរប្រមាថអ្វីៗដែលគេពុំស្គាល់។ ពួកគេមុខជាត្រូវវិនាសសូន្យទៅ ដូចសត្វតិរច្ឆានដែរ។
13
អ្នកប្រព្រឹត្ដអំពើទុច្ចរិត នឹងទទួលផលពីអំពើទុច្ចរិតដែលខ្លួនបានប្រព្រឹត្ដ។ អ្នកទាំងនោះត្រេកត្រអាលនឹងការស្រើបស្រាលរបស់ខ្លួនទាំងថ្ងៃ ពួកគេជាមនុស្សមានចិត្ដកខ្វក់ថោកទាប ហើយនៅពេលបរិភោគអាហាររួមជាមួយបងប្អូន គេសប្បាយចិត្ដចំពោះការបោកប្រាស់របស់ខ្លួនបែបនេះណាស់។
14
គេគិតតែពីរំពៃមើលស្រីៗដោយចិត្ដស្រើបស្រាល និងប្រព្រឹត្ដអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្ដអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។
15
ពួកគេបានបោះបង់មាគ៌ាត្រឹមត្រូវចោល ងាកទៅដើរតាមផ្លូវបាឡាមជាកូនរបស់លោកបេអ៊រ និងជាអ្នកស្រឡាញ់ប្រាក់ដែលគេជួលឲ្យប្រព្រឹត្ដអំពើទុច្ចរិត។
16
ប៉ុន្ដែ ណាពីនេះបានទទួលការស្ដីប្រដៅ ព្រោះគាត់ប្រព្រឹត្ដល្មើសវិន័យ គឺសត្វពាហនៈដែលមិនចេះនិយាយ បែរជានិយាយភាសាមនុស្ស ឃាត់គាត់កុំឲ្យប្រព្រឹត្ដអំពើលេលាយ៉ាងនោះឡើយ។
17
អ្នកទាំងនោះប្រៀបបាននឹងប្រភពទឹកហួតហែង ឬពពកដែលត្រូវខ្យល់ព្យុះផាត់ គេនឹងត្រូវធ្លាក់ទៅក្នុងទីងងឹតសូន្យសុងជាមិនខាន។
18
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
19
ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្ដរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។
20
ប្រសិនបើអ្នកណាបានលះបង់អំពើសៅហ្មងនៃលោកីយ៍ ដោយបានស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់ និងជាអ្នកសង្គ្រោះយ៉ាងច្បាស់ហើយ តែបែរជាបណ្ដោយឲ្យអំពើសៅហ្មងនេះ មានអំណាចរួបរឹត និងដឹកនាំសាជាថ្មី ជីវិតរបស់អ្នកនោះនឹងក្លាយទៅជាអាក្រក់ជាងមុនទៅទៀត។
21
គួរកុំឲ្យអ្នកនោះស្គាល់មាគ៌ាសុចរិត ជាជាងឲ្យស្គាល់ ហើយបែរជាងាកចេញពីបទបញ្ជាបរិសុទ្ធដែលខ្លួនបានទទួល។
22
ហេតុការណ៍ដែលកើតមានដល់គេនេះ សឲ្យឃើញថា សេចក្ដីដែលសុភាសិតចែងទុកមកនោះពិតជាត្រឹមត្រូវមែន គឺ «ឆ្កែតែងតែវិលទៅរកកំអួតរបស់វាវិញ ជ្រូកដែលទើបនឹងលាងស្អាតក៏តែងតែវិលទៅននៀលភក់វិញដែរ»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 3 →
All chapters:
1
2
3