bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Amos 5
Amos 5
Khmer 2014 (អាល់គីតាប)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 6 →
1
កូនចៅអ៊ីស្រអែលអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ! ចូរស្ដាប់ទំនួញដែលខ្ញុំច្រៀងអំពីអ្នករាល់គ្នា!
2
អ៊ីស្រអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ នាងមិនអាចក្រោកឡើងវិញបានទៀតទេ។ នាងដេកដួលនៅលើទឹកដីរបស់ខ្លួន គ្មាននរណាលើកនាងឡើយ
3
ដ្បិត អុលឡោះតាអាឡា ជាម្ចាស់មានបន្ទូលថា៖ «ក្រុងរបស់អ៊ីស្រអែលដែលចាត់ទាហាន មួយពាន់នាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ ក្រុងដែលចាត់ទាហានមួយរយនាក់ ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ តែដប់នាក់ប៉ុណ្ណោះ!»។
4
អុលឡោះតាអាឡា មានបន្ទូលមកកាន់ កូនចៅអ៊ីស្រអែលថា៖ «ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងមានជីវិត។
5
កុំទៅបេតអែល កុំទៅគីលកាល កុំទៅបៀរសេបាឡើយ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ ជាឈ្លើយទាំងអស់គ្នា រីឯបេតអែល នឹងត្រូវគេបំផ្លាញ»។
6
កូនចៅយូសុះអើយ ចូរស្វែងរក អុលឡោះតាអាឡា នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងទ្រង់ឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។
7
អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ ប្រែទៅជាពិសពុល ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
8
ទ្រង់បង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ទ្រង់ធ្វើឲ្យភាពអន្ធការ ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ទ្រង់ធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត ទ្រង់ហៅទឹកសមុទ្រមកស្រោចស្រពផែនដី នាមរបស់ទ្រង់ គឺ អុលឡោះតាអាឡា ។
9
ទ្រង់ធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
10
ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
11
អ្នករាល់គ្នាជិះជាន់ជនទុគ៌ត ហើយរឹបអូសយកស្រូវរបស់គេ ហេតុនេះហើយបានជាអ្នករាល់គ្នានឹង មិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃ ដែលអ្នករាល់គ្នាបានសង់នោះទេ។ អ្នករាល់គ្នាក៏ពុំអាចផឹក ស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។
12
«យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត អំពើទុច្ចរិតជាច្រើន ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត អ្នករាល់គ្នាទទួលសំណូក ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
13
បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា សុខចិត្តនៅស្ងៀម»។
14
ចូរខិតខំស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ នោះអ្នករាល់គ្នានឹងមានជីវិត ហើយ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល នឹងនៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។
15
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សយូសុះ ដែលនៅសេសសល់។
16
ហេតុនេះ អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «មនុស្សម្នានឹងសោកសង្រេង នៅតាមទីសាធារណៈទាំងអស់ គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ ហើយហៅអ្នកដែលចេះយំរៀបរាប់ ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។
17
ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា មនុស្សម្នានឹងសោកសង្រេង នៅតាមចម្ការទំពាំងបាយជូរទាំងអស់» - នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
18
អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ អុលឡោះតាអាឡា អ្នកនោះមុខជាវេទនាពុំខាន! តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ អុលឡោះតាអាឡា? ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
19
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
20
ថ្ងៃរបស់ អុលឡោះតាអាឡា ជាថ្ងៃងងឹត មិនមែនជាថ្ងៃមានពន្លឺទេ ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
21
«យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។
22
ពេលអ្នករាល់គ្នាយកគូរបានដុត និងជំនូនម្សៅ មកឲ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ ដែលអ្នករាល់គ្នាយកមកធ្វើ គូរបានមេត្រីភាពដែរ។
23
ចូរឈប់ច្រៀងទំនុកតម្កើង ដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្ដាប់សំឡេងពិណ របស់អ្នករាល់គ្នាដែរ។
24
ផ្ទុយទៅវិញ ចូរគោរពហ៊ូកុំទុកដូចជា ប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឲ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។
25
កូនចៅអ៊ីស្រអែលអើយ ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាមានយកគូរបាន និងជំនូនផ្សេងៗមកឲ្យយើងឬទេ?
26
ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំ ស៊ីគុតជាស្តេចរបស់អ្នក និងគីយូនជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងរូបផ្កាយរបស់ព្រះនោះ ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង
27
យើងនឹងកៀរអ្នករាល់គ្នាទៅឆ្ងាយជាង ក្រុងដាម៉ាស់ទៅទៀត»។ នេះជាបន្ទូលរបស់ម្ចាស់ដែលមាននាមថា អុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល។
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9