bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Zephaniah 3
Zephaniah 3
Khmer 2014 (អាល់គីតាប)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
1
យេរូសាឡឹមត្រូវវេទនាជាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។
2
ពួកគេមិនស្ដាប់បន្ទូលរបស់អុលឡោះ ហើយក៏មិនទទួលការប្រដៅពីទ្រង់ដែរ។ ពួកគេមិនផ្ញើជីវិតលើ អុលឡោះតាអាឡា ពួកគេមិនចូលមកជិតម្ចាស់របស់ខ្លួនទេ។
3
មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ នៅពេលព្រឹកឡើយ។
4
ណាពីរបស់ពួកគេជាមនុស្សក្អេងក្អាង ហើយក្បត់មុខងាររបស់ខ្លួន។ អ៊ីមុាំរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗ ដែលជាទីសក្ការៈ ព្រមទាំងបំពានលើហ៊ូកុំ។
5
ប៉ុន្តែ អុលឡោះតាអាឡា នៅក្នុងចំណោមពួកគេ ទ្រង់សុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ទ្រង់បង្ហាញយុត្តិធម៌ ឲ្យពួកគេឃើញច្បាស់ មិនដែលអាក់ខានទេ។ ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។
6
ទ្រង់មានបន្ទូលថា៖ «យើងបានកំទេចប្រជាជាតិនានា យើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេ យើងធ្វើឲ្យផ្លូវរបស់គេនៅស្ងាត់ជ្រងំ គ្មានមនុស្សដើរ! ក្រុងរបស់គេនឹងត្រូវអន្តរាយ លែងមានប្រជាជនរស់នៅទៀត។
7
យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាច និងព្រមទទួលការស្តីប្រដៅពីយើង ដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវ វិនាសអន្តរាយទេ”។ ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេ ពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាប គ្រប់បែបយ៉ាង។
8
ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ។
9
ពេលនោះ យើងនឹងជម្រះបបូរមាត់ ជាតិសាសន៍នានាឲ្យបានបរិសុទ្ធ ដើម្បីឲ្យពួកគេទាំងអស់គ្នាអង្វររក នាមយើងជា អុលឡោះតាអាឡា ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។
10
អ្នកថ្វាយបង្គំយើង ដែលយើងកំចាត់កំចាយ ឲ្យទៅនៅខាងនាយទន្លេស្រុកអេត្យូពី នឹងនាំគ្នាយកជំនូនមកឲ្យយើង។
11
នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្ត គឺអំពើបាបប្រឆាំងនឹងយើង ដ្បិតយើងដកមនុស្សក្អេងក្អាង ចេញពីចំណោមអ្នក ហើយអ្នកក៏លែងវាយឫកខ្ពស់នៅលើ ភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។
12
យើងនឹងទុកប្រជាជនមួយចំនួន ដែលទន់ទាប ហើយក្រខ្សត់ ឲ្យនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើង ដែលជា អុលឡោះតាអាឡា ។
13
ជនជាតិអ៊ីស្រអែលដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
14
ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រអែលអើយ ចូរនាំគ្នាស្រែកជយឃោស! ក្រុងយេរូសាឡឹមអើយ ចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង!
15
អុលឡោះតាអាឡា បានលើកលែងទោសឲ្យអ្នក ទ្រង់បានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ អុលឡោះតាអាឡា ជាស្តេចនៃ ជនជាតិអ៊ីស្រអែល នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។
16
នៅថ្ងៃនោះ គេនឹងពោលមកកាន់ ក្រុងយេរូសាឡឹមថា កុំខ្លាចអ្វីឡើយ! ក្រុងស៊ីយ៉ូនអើយ កុំបាក់ទឹកចិត្តឲ្យសោះ!
17
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទ្រង់នៅជាមួយអ្នក ទ្រង់ជាវីរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ទ្រង់មានអំណរសប្បាយជាខ្លាំង។ ចិត្តស្រឡាញ់របស់ទ្រង់ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ទ្រង់ច្រៀងយ៉ាងរីករាយបំផុត។
18
«យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយ ដោយមិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ៗ គឺអស់អ្នកដែលនៅឆ្ងាយពីអ្នក ហើយត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
19
នៅថ្ងៃនោះ យើងនឹងដាក់ទោស ជាតិសាសន៍ទាំងឡាយដែលសង្កត់សង្កិនអ្នក។ យើងនឹងសង្គ្រោះចៀមដែលដើរពុំរួច ហើយប្រមូលចៀមដែលវង្វេង។ យើងនឹងធ្វើឲ្យពួកគេមានកិត្តិយស និងមានកេរ្តិ៍ឈ្មោះល្បី នៅគ្រប់ទីកន្លែង ក្នុងស្រុកដែលពួកគេត្រូវអាម៉ាស់។
20
នៅថ្ងៃនោះ យើងនឹងនាំអ្នករាល់គ្នាវិលមកវិញ ព្រោះជាពេលដែលយើងប្រមូលផ្ដុំអ្នករាល់គ្នា ពេលយើងស្ដារស្រុកអ្នករាល់គ្នាឡើងវិញ នៅចំពោះមុខរបស់អ្នករាល់គ្នា យើងនឹងធ្វើឲ្យអ្នករាល់គ្នាមាន កេរ្តិ៍ឈ្មោះល្បី និងមានកិត្តិយសក្នុងចំណោម ជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី» នេះជាបន្ទូលរបស់ អុលឡោះតាអាឡា ជាម្ចាស់។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
All chapters:
1
2
3