bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Acts 17
Acts 17
Khmer Standard Version 1954 = Hammond Version
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 18 →
1
លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ*មួយរបស់សាសន៍យូដា។
2
លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ* ក្នុងអំឡុងបីសប្ដាហ៍។
3
លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្ដត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ដ គឺព្រះយេស៊ូដែលខ្ញុំបានជំរាបបងប្អូននេះហើយ»។
4
ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងមានស្ត្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។
5
រីឯជនជាតិយូដាវិញ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន អោយកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅអោយប្រជាជនកាត់ទោស
6
តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កអោយជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។
7
យ៉ាសូនបានទទួលពួកគេអោយស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្តខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយអង្គទៀត នាមយេស៊ូ»។
8
ពាក្យនេះបានធ្វើអោយបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ត។
9
គេបានសុំអោយលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងអោយទៅវិញ។
10
ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាស អោយចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ*របស់សាសន៍យូដា។
11
សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីអោយដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។
12
ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។
13
ប៉ុន្តែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនអោយជ្រួលច្របល់ឡើង។
14
ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។
15
ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជំរាបលោកស៊ីឡាស និងលោកធីម៉ូថេ អោយមកតាមលោកយ៉ាងប្រញាប់បំផុត។
16
ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។
17
លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ* ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។
18
មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «ប្រហែលគាត់ជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ* ស្ដីអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ។
19
គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់អោយយើងដឹង អំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានឬទេ?
20
ដ្បិតយើងបានឮលោកថ្លែងរឿងចំឡែកៗ យើងចង់ដឹងអត្ថន័យណាស់»។
21
អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។
22
លោកប៉ូលក្រោកឈរ នៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់
23
ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។
24
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ
25
ហើយព្រះអង្គក៏មិនត្រូវការអោយមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។
26
ព្រះអង្គប្រទានអោយប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយអោយគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនអោយមនុស្សរស់នៅ។
27
ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីអោយគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ
28
ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។
29
ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។
30
ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង អោយគេកែប្រែចិត្តគំនិត
31
ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត* ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះអោយរស់ឡើងវិញ ទុកជាភស្ដុតាងសំរាប់មនុស្សទាំងអស់»។
32
កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកអោយ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
33
លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។
34
ប៉ុន្តែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28