bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Colossians 1
Colossians 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
ខ្ញុំ ប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យតែងតាំងជាសាវ័ករបស់ព្រះគ្រិស្ដយេស៊ូ និងលោកធីម៉ូថេ
2
សូមជំរាបមកប្រជារាស្ត្រដ៏វិសុទ្ធ* និងបងប្អូនដែលជឿលើព្រះគ្រិស្ដ នៅក្រុងកូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
3
យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ* ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន*អោយបងប្អូន
4
ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រិស្ដយេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់
5
ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសំរាប់បងប្អូននៅស្ថានបរមសុខ*។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ*
6
ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។
7
បងប្អូនបានទទួលការអប់រំនេះ ពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ដែលរួមការងារជាមួយយើង។ គាត់ជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះគ្រិស្ដសំរាប់បងប្អូន។
8
គាត់បានប្រាប់អោយយើងដឹងច្បាស់ អំពីសេចក្ដីស្រឡាញ់ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។
9
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់អោយបងប្អូន ឥតឈប់ឈរឡើយ ដើម្បីអោយបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។
10
សូមអោយបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីអោយបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។
11
សូមអោយបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីអោយបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
12
ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានអោយបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។
13
ព្រះអង្គបានរំដោះយើងអោយរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ*នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
14
ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងអោយរួចពីបាប។
15
ព្រះគ្រិស្ដជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
16
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រិស្ដ ទាំងនៅស្ថានបរមសុខ*ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្ដិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ដ និងសំរាប់ព្រះគ្រិស្ដ។
17
ព្រះគ្រិស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។
18
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺក្រុមជំនុំ* ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
19
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យអោយ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ដ។
20
ព្រះជាម្ចាស់បានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ អោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ និងសំរាប់ព្រះគ្រិស្ដ គឺព្រះជាម្ចាស់បានធ្វើអោយមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិត នៅលើឈើឆ្កាង។
21
ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។
22
តែឥឡូវនេះ ព្រះអង្គបានសំរុះសំរួលបងប្អូនអោយជានានឹងព្រះអង្គវិញ ដោយព្រះបុត្រាដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីអោយបងប្អូនបានវិសុទ្ធ*ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ។
23
ក៏ប៉ុន្តែ បងប្អូនត្រូវតែកាន់ជំនឿអោយបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំអោយឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អ*មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខងារបំរើដំណឹងល្អនេះដែរ។
24
ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសំរាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ដ សំរាប់ព្រះកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ*។
25
ខ្ញុំបានទទួលមុខងារបំរើក្រុមជំនុំនេះ តាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់អោយខ្ញុំធ្វើ គឺណែនាំបងប្អូនអោយស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។
26
នេះហើយជាគំរោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនអោយមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញអោយប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។
27
ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគំរោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្ដគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានអោយបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។
28
ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្ដនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើអោយគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ដ។
29
ខ្ញុំធ្វើការនឿយហត់ដើម្បីសំរេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4