bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Colossians 2
Colossians 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ខ្ញុំចង់អោយបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សំរាប់បងប្អូន សំរាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់
2
គឺខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងនោះ អោយរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីអោយគេមានប្រាជ្ញាវាងវៃបំផុតយល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ពោលគឺព្រះគ្រិស្ដផ្ទាល់
3
ដ្បិតព្រះតម្រិះ និងព្រះប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់សុទ្ធតែលាក់ទុកក្នុងអង្គព្រះគ្រិស្ដហ្នឹងហើយ។
4
ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំអោយនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសំដីដ៏ពីរោះៗនោះឡើយ។
5
ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្តខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើព្រះគ្រិស្ដ។
6
ដូច្នេះ បើបងប្អូនបានទទួលព្រះគ្រិស្ដយេស៊ូទុកជាព្រះអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។
7
ចូរចាក់ឫស និងកសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿអោយបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរព្រះគុណព្រះជាម្ចាស់អោយបានច្រើនលើសលប់។
8
ចូរប្រុងប្រយ័ត្ន កុំអោយនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមព្រះគ្រិស្ដទេ
9
ដ្បិតគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយព្រះគ្រិស្ដ។
10
រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមក្នុងអង្គព្រះគ្រិស្ដ ដែលជាម្ចាស់លើវត្ថុស័ក្ដិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។
11
ក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏បានទទួលពិធីកាត់ស្បែក*ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីកាត់ស្បែកតាមរបៀបព្រះគ្រិស្ដ ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
12
ពេលបងប្អូនទទួលពិធីជ្រមុជទឹក*បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រិស្ដហើយ ដោយបងប្អូនរួមក្នុងអង្គព្រះគ្រិស្ដ បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដអោយមានព្រះជន្មរស់ឡើងវិញ។
13
ពីដើមបងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីកាត់ស្បែកខាងរូបកាយមែន តែឥឡូវនេះ ព្រះជាម្ចាស់បានប្រោសអោយបងប្អូនមានជីវិតរួមជាមួយព្រះគ្រិស្ដ។ ព្រះអង្គបានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
14
ព្រះអង្គបានលុបបញ្ជីដែលចោទប្រកាន់ទាស់ នឹងយើងតាមវិន័យនោះចោល។ ព្រះអង្គបានដកបញ្ជីនេះចេញ ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
15
ព្រះអង្គបានដកឫទ្ធិចេញពីវត្ថុស័ក្ដិសិទ្ធិ និងពីអ្វីៗដែលមានអំណាច គឺព្រះអង្គបានបំបាក់មុខពួកវាជាសាធារណៈ ទាំងនាំវាទៅជាឈ្លើយ ក្នុងពេលហែក្បួនជ័យជំនះរបស់ព្រះអង្គ។
16
ហេតុនេះ មិនត្រូវអោយនរណាម្នាក់ថ្កោលទោសបងប្អូន អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន បុណ្យចូលខែ និងថ្ងៃសប្ប័ទ*នោះឡើយ។
17
ការទាំងអស់នេះគ្រាន់តែជាស្រមោលនៃអ្វីៗ ដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺព្រះគ្រិស្ដ។
18
មិនត្រូវអោយនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពទេវតា*នោះឡើយ។ ជនបែបនេះតែងយកការនិមិត្តឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។
19
គេមិននៅជាប់ជាមួយព្រះគ្រិស្ដជាព្រះសិរសាទេ គឺព្រះសិរសានេះហើយ ដែលផ្គត់ផ្គង់អោយព្រះកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រមទាំងចំរើនឡើង តាមតែព្រះជាម្ចាស់ប្រទានអោយ។
20
បងប្អូនបានស្លាប់រួមជាមួយព្រះគ្រិស្ដ ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត?
21
«កុំយក! កុំភ្លក់! កុំប៉ះពាល់!»
22
បញ្ញត្តិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីប្រៀនប្រដៅរបស់មនុស្សលោកជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយ ដោយការប្រើប្រាស់។
23
សេចក្ដីក្នុងបញ្ញត្តិទាំងនេះទំនងដូចជាមានប្រាជ្ញា គឺអោយគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត អោយដាក់ខ្លួន និងលត់ដំខ្លួនជាដើម តែតាមពិតគ្មានតម្លៃអ្វីសោះ បានត្រឹមតែបំពេញសេចក្ដីប៉ងប្រាថ្នារបស់និស្ស័យលោកីយ៍ប៉ុណ្ណោះ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4