bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Daniel 8
Daniel 8
Khmer Standard Version 1954 = Hammond Version
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
1
នៅឆ្នាំទីបី នៃរជ្ជកាលព្រះចៅបេលសាសារ ខ្ញុំដានីយ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។
2
ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។
3
ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។
4
ខ្ញុំឃើញចៀមនោះវ័ធប្រហារទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង តែគ្មានសត្វណាមួយអាចតទល់នឹងវាបានទេ ហើយក៏គ្មាននរណាអាចរំដោះអ្នករងគ្រោះអោយរួចពីអំណាចរបស់វាបានដែរ។ វាធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ហើយអំណាចរបស់វាកាន់តែចំរើនធំឡើងជានិច្ច។
5
ពេលខ្ញុំកំពុងតែរិះគិត ខ្ញុំឃើញមានពពែឈ្មោលមួយចេញពីទិសខាងលិចមក វាបោលកាត់ផែនដីយ៉ាងលឿន ជើងវាឥតប៉ះដីសោះឡើយ។ ពពែនេះមានស្នែងមួយគួរអោយស្ញប់ស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។
6
ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសំរុកទៅរកចៀមយ៉ាងពេញទំហឹង។
7
ខ្ញុំឃើញវាចូលទៅជិតចៀម ទាំងកំរោល វាជល់ចៀមនោះបាក់ស្នែងទាំងពីរ ហើយចៀមឥតមានកម្លាំងតទល់នឹងវាវិញឡើយ។ វាផ្ដួលចៀមទៅលើដីហើយជាន់កំទេច ដោយគ្មាននរណាអាចរំដោះចៀមអោយរួចពីអំណាចរបស់វាបានឡើយ។
8
ពពែឈ្មោលនោះកាន់តែធំឡើងៗ ហើយពេលវាកំពុងតែមានអំណាចខ្លាំងក្លា ស្នែងធំរបស់វាក៏បាក់ រួចមានស្នែងបួនទៀតគួរអោយស្ញប់ស្ញែងដុះឡើងជំនួស បែរមុខទៅរកទិសទាំងបួន។
9
មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត។
10
បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃស្ថានសួគ៌ ធ្វើអោយពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។
11
ស្នែងនោះលូតឡើងរហូតដល់ព្រះម្ចាស់សួគ៌ វាហាមគេមិនអោយថ្វាយយញ្ញបូជាប្រចាំថ្ងៃចំពោះព្រះអង្គ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។
12
កងពល និងយញ្ញបូជាប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសំរេចទាំងអស់។
13
ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្ដីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពលដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះរហូតដល់ពេលណា»។
14
គាត់ពោលមកខ្ញុំថា៖ «រហូតដល់ពេលដែលគេខានបានថ្វាយយញ្ញបូជា ពីរពាន់បីរយដង ដោយគិតទាំងព្រឹក ទាំងល្ងាច។ បន្ទាប់មក គេនឹងរៀបចំទីសក្ការៈឡើងវិញ»។
15
នៅពេលដែលខ្ញុំដានីយ៉ែល កំពុងតែសម្លឹងមើលនិមិត្តហេតុដ៏អស្ចារ្យនេះ ទាំងរិះគិតចង់យល់អត្ថន័យមានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្សឈរនៅពីមុខខ្ញុំ
16
ហើយខ្ញុំបានឮសំឡេងមនុស្សម្នាក់ បន្លឺចេញពីទន្លេអ៊ូឡៃមកថា៖ «កាព្រីយ៉ែលអើយ ចូរពន្យល់ប្រាប់គាត់អំពីនិមិត្តហេតុដ៏អស្ចារ្យនេះផង»។
17
លោកនោះក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ធ្វើអោយខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយខ្ញុំក៏ក្រាបចុះអោនមុខដល់ដី។ លោកពោលមកខ្ញុំថា៖ «បុត្រមនុស្សអើយ ចូរជ្រាបថា និមិត្តហេតុដ៏អស្ចារ្យនេះសំដែងអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ»។
18
ក្នុងពេលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែអោនមុខដល់ដីដដែល។ លោកពាល់ខ្ញុំរួចអោយខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។
19
បន្ទាប់មក លោកពោលថា៖ «ខ្ញុំនឹងជំរាបអោយលោកជ្រាប អំពីហេតុការណ៍ដែលនឹងកើតមាននៅគ្រាដែលព្រះជាម្ចាស់វិនិច្ឆ័យទោស ដ្បិតព្រះអង្គបានកំណត់ថ្ងៃចុងក្រោយទុកជាស្រេចហើយ។
20
ចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញនោះ គឺស្ដេចរបស់ជនជាតិមេឌី និងជនជាតិពែរ្ស។
21
រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។
22
ស្នែងនេះបានបាក់ ហើយមានស្នែងបួនទៀតដុះឡើងជំនួស គឺមាននគរបួនកើតចេញពីប្រជាជាតិក្រិក តែពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។
23
នៅចុងរជ្ជកាលរបស់នគរទាំងបួន គឺនៅពេលដែលមនុស្សពាលប្រព្រឹត្តអំពើបាបដល់កំរិត នឹងមានស្ដេចមួយអង្គទៀតឡើងគ្រងរាជ្យ ស្ដេចនេះព្រហើនកោងកាចណាស់ ហើយប៉ិនប្រសប់ខាងបោកប្រាស់ទៀតផង។
24
អំណាចរបស់ស្ដេចនេះនឹងរឹងប៉ឹងកាន់តែខ្លាំងឡើងៗ តែមិនមែនដោយសារកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ស្ដេចនេះនឹងបំផ្លាញអ្វីៗទាំងអស់គួរអោយព្រឺខ្លាច ការអ្វីដែលស្ដេចធ្វើសុទ្ធតែបានសំរេច ស្ដេចនឹងកំទេចពួកមានអំណាចខ្លាំងពូកែ ហើយកំទេចប្រជាជនដ៏វិសុទ្ធទៀតផង។
25
ពេលបានចំរុងចំរើន ព្រោះតែកលល្បិចដ៏ប៉ិនប្រសប់ ស្ដេចក៏មានចិត្តព្រហើន គឺសម្លាប់រង្គាលមនុស្សជាច្រើនដែលកំពុងរស់នៅដោយសុខសាន្ត។ សូម្បីតែព្រះមហាក្សត្រលើក្សត្រទាំងអស់ក៏ស្ដេចហ៊ានប្រឆាំងដែរ តែស្ដេចនោះនឹងត្រូវរលំដោយគ្មាននរណាផ្ដួលឡើយ។
26
រីឯកំណត់ពេលព្រឹក និងល្ងាច ដែលលោកបានឃើញនៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ពិតជាមានមែន។ សូមលោកលាក់និមិត្តហេតុដ៏អស្ចារ្យនេះអោយជិត ដ្បិតព្រឹត្តិការណ៍នោះនឹងកើតមានទៅអនាគតដ៏យូរលង់ខាងមុខ»។
27
ខ្ញុំដានីយ៉ែល ខ្ញុំធ្លាក់ខ្លួនខ្សោយ និងមានជំងឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំបានក្រោកឡើង ហើយបំពេញមុខងារថ្វាយព្រះរាជាតទៅទៀត។ ប៉ុន្តែ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ ធ្វើអោយខ្ញុំតក់ស្លុតជាខ្លាំង ព្រោះគ្មាននរណាអាចយល់បានឡើយ។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12