bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Daniel 9
Daniel 9
Khmer Standard Version 1954 = Hammond Version
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 10 →
1
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាបុត្ររបស់ព្រះចៅអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានអភិសេកជាស្ដេចរបស់រាជាណាចក្រខាល់ដេ
2
គឺឆ្នាំទីមួយដែលទ្រង់ឡើងគ្រងរាជ្យ ខ្ញុំដានីយ៉ែលបានអានព្រះគម្ពីរ ហើយយល់អត្ថន័យនៃចំនួនឆ្នាំដែល ព្រះអម្ចាស់ មានព្រះបន្ទូលទុកតាមរយៈព្យាការីយេរេមា ស្ដីអំពីក្រុងយេរូសាឡឹមដែលត្រូវខូចបង់នោះ គឺចិតសិបឆ្នាំ។
3
ខ្ញុំក៏បែរមុខទៅរកព្រះជាអម្ចាស់ ដើម្បីអធិស្ឋានទទូចអង្វរព្រះអង្គ ដោយតមអាហារ និងកាន់ទុក្ខ។
4
ខ្ញុំទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ: “បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ!
5
យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរ ហើយយើងខ្ញុំបានងាកចេញពីបទបញ្ជា និងវិន័យរបស់ព្រះអង្គ។
6
យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់អស់លោកព្យាការីជាអ្នកបំរើរបស់ព្រះអង្គ ដែលបានថ្លែងព្រះបន្ទូលក្នុងនាមព្រះអង្គថ្វាយស្ដេចប្រាប់នាម៉ឺនបុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។
7
បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលសុចរិត រីឯយើងខ្ញុំសព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រាអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលព្រះអង្គបណ្ដេញអោយទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះព្រះអង្គ។
8
បពិត្រ ព្រះអម្ចាស់ យើងខ្ញុំទាំងអស់គ្នា ទាំងស្ដេច ទាំងនាម៉ឺន ទាំងបុព្វបុរស ត្រូវអាម៉ាស់មុខ ព្រោះតែយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
9
ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ហើយលើកលែងទោសអោយយើងខ្ញុំជានិច្ច។
10
យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលព្រះអង្គប្រទានមកយើងខ្ញុំ តាមរយៈអស់លោកព្យាការី ជាអ្នកបំរើរបស់ព្រះអង្គឡើយ។
11
ជនជាតិអ៊ីស្រាអែលទាំងមូល បានបំពានលើក្រឹត្យវិន័យរបស់ព្រះអង្គ ហើយងាកចេញពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើព្រះអង្គបានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
12
ព្រះអង្គបានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះអង្គធ្វើអោយទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើងដូចទុក្ខវេទនា ដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។
13
ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ តែយើងខ្ញុំពុំបានទូលអង្វរសុំសេចក្ដីសន្ដោសពី ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។
14
ព្រះអម្ចាស់ មិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិត ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។
15
ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីបដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយព្រះអង្គបានធ្វើអោយព្រះកិត្តិនាមរបស់ព្រះអង្គល្បីរន្ទឺដូចសព្វថ្ងៃ តែយើងខ្ញុំបានប្រព្រឹត្តអំពើបាបហើយមានទោស។
16
ឱព្រះអម្ចាស់អើយ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែសុចរិតទាំងអស់ ហេតុនេះ សូមបំបែរព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ចេញពីក្រុងយេរូសាឡឹម និងចេញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតសាសន៍ទាំងឡាយដែលនៅជុំវិញយើងខ្ញុំ នាំគ្នាមាក់ងាយក្រុងយេរូសាឡឹម និងប្រជារាស្ត្ររបស់ព្រះអង្គព្រោះតែអំពើបាបរបស់យើងខ្ញុំ និងកំហុសរបស់បុព្វបុរសយើងខ្ញុំ។
17
ឱព្រះនៃយើងខ្ញុំអើយ ឥឡូវនេះសូមទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំដែលជាអ្នកបំរើព្រះអង្គផង។ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមសំដែងព្រះហឫទ័យប្រណីមេត្តាចំពោះទីសក្ការៈរបស់ព្រះអង្គដែលត្រូវគេបំផ្លាញនេះផង។
18
ឱព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទតមើលក្រុងបាក់បែកដែលជាព្រះដំណាក់របស់ព្រះអង្គនេះផង! យើងខ្ញុំអង្វរព្រះអង្គ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើព្រះហឫទ័យអាណិតអាសូរដ៏ធំធេងរបស់ព្រះអង្គ។
19
ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសអោយយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ត្រនេះជាកម្មសិទ្ធិរបស់ព្រះអង្គ”។
20
ខ្ញុំបានរៀបរាប់ទូលអង្វរព្រះអង្គតទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រាអែល ហើយខ្ញុំក៏បានទូលអង្វរ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។
21
ពេលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ ស្រាប់តែទេវតា*កាព្រីយ៉ែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យកាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលថ្វាយតង្វាយវេលាល្ងាច។
22
លោកមកពន្យល់ប្រាប់ខ្ញុំថា៖ «លោកដានីយ៉ែលអើយ ខ្ញុំមកពេលនេះ ដើម្បីណែនាំលោកអោយបានយល់។
23
នៅពេលលោកចាប់ផ្ដើមទូលអង្វរព្រះជាម្ចាស់ ព្រះអង្គក៏មានព្រះបន្ទូល ហើយខ្ញុំនាំយកមកជំរាបលោក ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់។ សូមពិចារណាព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យចុះ។
24
ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សំរាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសំរេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។
25
ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលព្រះអម្ចាស់មានព្រះបន្ទូល ស្ដីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្ដេចដែលជាព្រះមេស្ស៊ី*យាងមកដល់មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះជាគ្រាមួយដ៏សែនវេទនា។
26
លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ លោកដែលគេចាក់ប្រេងអភិសេក នឹងត្រូវគេដកជីវិត គ្មាននរណាការពារលោកទេ។ ប្រជាជាតិរបស់ស្ដេចមួយអង្គនឹងលើកគ្នាមកកំទេចទីក្រុង និងទីសក្ការៈ។ នៅទីបញ្ចប់ ស្ដេចនោះ នឹងទទួលទោសពីព្រះជាម្ចាស់។ ប៉ុន្តែ ស្ដេចនោះនឹងបន្តធ្វើសឹកបំផ្លិចបំផ្លាញ រហូតដល់សោយទិវង្គតដូចបានកំណត់ទុក។
27
ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំអោយប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងអោយមានការថ្វាយយញ្ញបូជា ឬថ្វាយតង្វាយទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12