bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Hebrews 11
Hebrews 11
Khmer Standard Version 1954 = Hammond Version
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
ជំនឿធ្វើអោយយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើអោយស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។
2
ព្រោះតែជំនឿហ្នឹងហើយ បានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។
3
ដោយសារជំនឿយើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
4
ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជា ប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយ បានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យនឹងតង្វាយរបស់លោកហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។
5
ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដី ស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះលោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។
6
បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថា ព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
7
ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿលោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
8
ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។
9
ដោយសារជំនឿ លោក បានមករស់នៅជាអាណិកជន ក្នុងស្រុកដែលព្រះជាម្ចាស់បានសន្យាថា នឹងប្រទានអោយ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។
10
លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយ ដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគំរោង និងសង់ឡើង។
11
ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្តពូជពង្សបាន ថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។
12
ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ដែលចាស់ជិតស្លាប់ទៅហើយនោះផង។
13
បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរ លើផែនដីនេះប៉ុណ្ណោះ។
14
អ្នកណានិយាយដូច្នេះ បង្ហាញអោយឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។
15
ប្រសិនបើបុព្វបុរសទាំងនោះ នឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។
16
តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខ*ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងអោយគេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសំរាប់ពួកលោករួចទៅហើយ។
17
ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា
18
ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា «អ៊ីសាកនឹងបន្តពូជពង្សអោយអ្នក»ក៏ដោយ។
19
លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់អោយរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញដែលជានិមិត្តរូបមួយ។
20
ដោយសារជំនឿ លោកអ៊ីសាកបានអោយពរលោកយ៉ាកុប និងលោកអេសាវទុកសំរាប់អនាគត។
21
ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានអោយពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ ដោយបន្ទន់ខ្លួនលើឈើច្រត់។
22
ដោយសារជំនឿ ពេលលោកយ៉ូសែបជិតលាចាកលោកនេះទៅ លោកបានថ្លែងទុកថា កូនចៅអ៊ីស្រាអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយលោកផ្ដាំគេអោយធ្វើយ៉ាងណាៗចំពោះធាតុរបស់លោក។
23
ដោយសារជំនឿ ពេលលោកម៉ូសេកើតមក ឪពុកម្ដាយបានលាក់លោកទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។
24
ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមអោយគេហៅលោកថា ជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។
25
លោកសុខចិត្តស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត។
26
លោកយល់ឃើញថា លោករងការប្រមាថមើលងាយដូចព្រះគ្រិស្ដ ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតលោកជាប់ចិត្តនឹងរង្វាន់ដែលនៅខាងមុខ។
27
ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្តរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។
28
ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំអោយមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលបានឡើយ។
29
ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។
30
ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។
31
ដោយសារជំនឿ នាងរ៉ាហាបជាស្ត្រីពេស្យាពុំបានវិនាសអន្តរាយជាមួយពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32
តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទេ។
33
ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានអោយបានបិទមាត់សឹង្ហ
34
បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើអោយខ្មាំងសត្រូវបាក់ទ័ព។
35
ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តអោយគេធ្វើទារុណកម្ម មិនព្រមអោយនរណាដោះលែងឡើយ ដើម្បីអោយបានជីវិតរស់ឡើងវិញក៏ប្រសើរជាង។
36
អ្នកខ្លះទៀតសុខចិត្តអោយគេចំអកឡកឡឺយ អោយគេវាយដំ ហើយថែមទាំងអោយគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។
37
អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណារ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។
38
លោកីយ៍ពុំស័ក្ដិសមនឹងអោយអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។
39
ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។
40
ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះអោយបានគ្រប់លក្ខណៈមុនយើងឡើយ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13