bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Lamentations 1
Lamentations 1
Khmer Standard Version 1954 = Hammond Version
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រីលើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី!
2
នៅពេលយប់នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សំរាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
3
កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែលតោលនៅក្នុងចំណោម ប្រជាជាតិទាំងឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោមព័ទ្ធនាង ធ្វើអោយនាងរកច្រកចេញពុំរួច។
4
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់ បូជាចារ្យរបស់ក្រុងនេះនាំគ្នាយំថ្ងូរ ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
5
បច្ចាមិត្តមានប្រៀបលើនាង ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត ព្រះអម្ចាស់ បានធ្វើអោយនាងរងទុក្ខវេទនា ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក ទៅជាឈ្លើយ។
6
ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួន ពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើស ដែលរកវាលស្មៅស៊ីលែងបានទៀត។ ពួកគេចាកចេញទៅ ទាំងបាក់កម្លាំង នៅមុខសត្រូវដែលដេញតាម។
7
នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។
8
យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន ហេតុនេះហើយបានជានាងក្លាយទៅ ជាមិនបរិសុទ្ធ* អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន បែរជានាំគ្នាមើលងាយនាង ដោយឃើញនាងនៅខ្លួនទទេ នាងយំថ្ងូរ ហើយដកខ្លួនថយ។
9
ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង សំពត់របស់នាង នាងពុំបានគិតដល់ហេតុការណ៍ ដែលនឹងកើតមានចំពោះនាង នាងផុងខ្លួនជ្រៅពេក គ្មាននរណាអាចសំរាលទុក្ខនាងបានឡើយ។ «ឱ ព្រះអម្ចាស់ អើយ សូមទតមកទុក្ខវេទនា របស់ខ្ញុំម្ចាស់ផង សត្រូវមានជ័យជំនះលើខ្ញុំម្ចាស់ហើយ!»
10
សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាង នាងឃើញប្រជាជាតិនានាចូលមកក្នុង ទីសក្ការៈរបស់ព្រះអម្ចាស់ គឺប្រជាជាតិដែលព្រះអង្គបានហាមមិនអោយ ចូលក្នុងអង្គប្រជុំរបស់ព្រះអង្គឡើយ។
11
ប្រជាជនទាំងមូលនាំគ្នាយំថ្ងូរ គេចង់បានអាហារបរិភោគ គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ ដើម្បីអោយបានរស់រានមានជីវិត។ ព្រះអម្ចាស់ អើយ សូមទតមកខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់អាម៉ាស់មុខខ្លាំងណាស់!
12
អស់អ្នកដែលដើរកាត់តាមនេះអើយ សូមមើលមកចុះ! តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ! នៅថ្ងៃដែល ព្រះអម្ចាស់ ទ្រង់ព្រះពិរោធដ៏ខ្លាំង ព្រះអង្គបានធ្វើអោយខ្ញុំរងទុក្ខឥតឧបមា!
13
ព្រះអង្គបានបោះភ្លើងពីស្ថានលើ ចូលមកក្នុងឆ្អឹងរបស់ខ្ញុំ ព្រះអង្គដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំ ព្រះអង្គធ្វើអោយខ្ញុំដកខ្លួនថយ ព្រះអង្គទុកអោយខ្ញុំនៅឯកោ ហើយឈឺចាប់រៀងរាល់ថ្ងៃ។
14
ព្រះអង្គប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើអោយខ្ញុំធ្លាក់ខ្លួនខ្សោយ។ ព្រះអម្ចាស់បានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
15
ព្រះអម្ចាស់បានកំចាត់ទាហានដ៏ចំណាន ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ ព្រះអង្គចាត់កងទ័ពអោយមកប្រហារ ពួកយុវជនរបស់ខ្ញុំ ព្រះអម្ចាស់បានកំទេចប្រជាជនយូដា ដូចគេជាន់ផ្លែទំពាំងបាយជូរ។
16
ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើអោយខ្ញុំរស់រាន ឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
17
ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ តែគ្មាននរណាមកសំរាលទុក្ខនាងទេ ព្រះអម្ចាស់ បញ្ជាអោយសត្រូវដែលនៅជុំវិញ មកវាយប្រហារពូជពង្សរបស់លោកយ៉ាកុប យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ នៅក្នុងចំណោមពួកគេ។
18
ព្រះអម្ចាស់ ប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ព្រះអង្គ។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
19
ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំអោយមកជួយ តែពួកគេបែរជាបោកប្រាស់ខ្ញុំ។ ពួកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ខ្ញុំ ដួលស្លាប់នៅតាមផ្លូវ ក្នុងពេលដែលពួកគេស្វែងរកអាហារបរិភោគ ដើម្បីអោយបានរស់រានមានជីវិត។
20
ព្រះអម្ចាស់ អើយ សូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំង នឹងព្រះអង្គមែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចស្ថានមច្ចុរាជ។
21
គេបានឮខ្ញុំម្ចាស់យំថ្ងូរ ក៏ប៉ុន្តែ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំម្ចាស់ទេ សត្រូវទាំងប៉ុន្មានបានឮថា ខ្ញុំម្ចាស់រងទុក្ខវេទនា គេនាំគ្នាសប្បាយចិត្ត ដោយឃើញព្រះអង្គធ្វើទោសខ្ញុំម្ចាស់ ព្រះអង្គធ្វើអោយថ្ងៃដែលព្រះអង្គកំណត់ទុក បានមកដល់។ សូមអោយពួកគេរងទុក្ខដូចខ្ញុំម្ចាស់ដែរ!
22
សូមទតមើលអំពើអាក្រក់ទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្ត។ សូមដាក់ទោសពួកគេ ដូចព្រះអង្គបាន ដាក់ទោសខ្ញុំម្ចាស់ ព្រោះតែកំហុសទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់ប្រព្រឹត្ត ខ្ញុំម្ចាស់យំថ្ងូរយ៉ាងសែនវេទនា ហើយចិត្តខ្ញុំម្ចាស់ក៏ឈឺចាប់ជាខ្លាំងដែរ។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5