bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
1 Timothy 6
1 Timothy 6
Khmer 2014 (អាល់គីតាប)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
1
ចំពោះបងប្អូនដែលជាទាសករ ត្រូវគោរពម្ចាស់របស់ខ្លួន ទុកដូចជាមនុស្សដែលសមនឹងទទួលកិត្ដិយសគ្រប់យ៉ាង ដើម្បីកុំឲ្យនរណាម្នាក់និយាយមួលបង្កាច់នាមនៃអុលឡោះ និងមួលបង្កាច់សេចក្ដីបង្រៀនរបស់យើងបានឡើយ។
2
បងប្អូនទាំងឡាយណាមានម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបម្រើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។ អ្នកត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។
3
ប្រសិនបើមាននរណាម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្ដទុកដាក់នឹងពាក្យដ៏ត្រឹមត្រូវរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង និងមិនយកចិត្ដទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍អុលឡោះទេនោះ
4
អ្នកនោះជាមនុស្សអួតបំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្ដគ្នា
5
និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍អុលឡោះ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។
6
ចំពោះអ្នកដែលចេះស្កប់ចិត្ដនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍អុលឡោះ ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន!
7
ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។
8
ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្ដហើយ។
9
រីឯអស់អ្នកដែលចង់មានចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្ដប៉ងប្រាថ្នាលេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្ដរាយ
10
ដ្បិតការស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
11
ចំពោះអ្នកវិញ អ្នកបម្រើរបស់អុលឡោះអើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍អុលឡោះជំនឿ សេចក្ដីស្រឡាញ់ ចិត្ដអត់ធ្មត់ ចិត្ដស្លូតបូត។
12
ត្រូវពុះពារតយុទ្ធ សម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតអុលឡោះបានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។
13
នៅចំពោះអុលឡោះដែលប្រទានឲ្យអ្វីៗទាំងអស់មានជីវិត និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលបានផ្ដល់សក្ខីភាពដោយប្រកាសជំនឿយ៉ាងល្អប្រពៃ នៅមុខលោកប៉ុនទាស-ពីឡាត ខ្ញុំសុំដាស់តឿនអ្នកថា
14
ចូរប្រតិបត្ដិតាមបទបញ្ជាឲ្យបានល្អឥតខ្ចោះ ឥតកំហុស រហូតដល់ពេលអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងមក
15
នៅពេលកំណត់ដែលអុលឡោះនឹងបង្ហាញឲ្យឃើញ។ អុលឡោះប្រកបដោយសុភមង្គល មានតែទ្រង់មួយគត់ ដែលជាអធិបតី ទ្រង់ជាស្តេច ធំលើសស្តេចនានា ជាម្ចាស់ធំលើសម្ចាស់នានា
16
មានតែទ្រង់មួយគត់ដែលមាន ជីវិតអមតៈ ទ្រង់នៅក្នុងពន្លឺ ដែលគ្មាននរណា អាចចូលជិតបានឡើយ ហើយក៏គ្មានមនុស្សណាបានឃើញ និងអាចឃើញទ្រង់បានដែរ សូមលើកតម្កើងកិត្ដិនាម និងអំណាច របស់ទ្រង់អស់កល្បជានិច្ច! អាម៉ីន!
17
ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើអុលឡោះដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។
18
ត្រូវឲ្យគេប្រព្រឹត្ដអំពើល្អ ឲ្យគេធ្វើជាអ្នកមានផ្នែកខាងបុណ្យទាន ឲ្យគេមានចិត្ដទូលាយ ចេះចែករំលែកដល់អ្នកឯទៀតៗ
19
ធ្វើដូច្នេះ គេនឹងសន្សំសម្បត្តិដ៏ល្អគង់វង្សសម្រាប់សូរ៉កា ដើម្បីទទួលជីវិតដ៏ពិតប្រាកដ។
20
ធីម៉ូថេអើយ អ្វីៗដែលអុលឡោះបានផ្ញើនឹងអ្នកចូររក្សាទុកទៅ។ ត្រូវចៀសវាងពាក្យសម្តីឥតន័យ ឥតខ្លឹមសារ និងចៀសវាងការជជែកទាស់ទែងអំពីចំណេះក្លែងក្លាយ។
21
មានអ្នកខ្លះប្រកាន់យកចំណេះបែបនេះ ហើយត្រូវវង្វេងចេញពីជំនឿ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស។
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
All chapters:
1
2
3
4
5
6