bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Colossians 1
Colossians 1
Khmer 2014 (អាល់គីតាប)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
ខ្ញុំ ប៉ូល ដែលអុលឡោះគាប់ចិត្តតែងតាំងជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា និងលោកធីម៉ូថេ
2
សូមជម្រាបមកប្រជារាស្ដ្របរិសុទ្ធ និងបងប្អូនដែលជឿលើអាល់ម៉ាហ្សៀស នៅក្រុងកូឡូស។ សូមអុលឡោះជាបិតារបស់យើង ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
3
យើងសូមអរគុណអុលឡោះជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងទូរអាឲ្យបងប្អូន
4
ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើអាល់ម៉ាហ្សៀសអ៊ីសា និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏បរិសុទ្ធទាំងអស់
5
ព្រោះតែសេចក្ដីសង្ឃឹមដែលអុលឡោះបម្រុងទុកសម្រាប់បងប្អូននៅសូរ៉កា។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ
6
ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ក្តីមេត្តារបស់អុលឡោះ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។
7
បងប្អូនបានទទួលការអប់រំនេះ ពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ដែលរួមការងារជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់អាល់ម៉ាហ្សៀសសម្រាប់បងប្អូន។
8
គាត់បានប្រាប់ឲ្យយើងដឹងច្បាស់ អំពីសេចក្ដីស្រឡាញ់ដែលរសអុលឡោះប្រទានមកបងប្អូន។
9
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែទូរអា និងសូមអង្វរអុលឡោះឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់បំណងរបស់ទ្រង់យ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីរសអុលឡោះ។
10
សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងអ៊ីសាជាអម្ចាស់ ដើម្បីឲ្យបានគាប់ចិត្តគាត់ក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់អុលឡោះកាន់តែច្បាស់ឡើងៗ។
11
សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយចេស្ដាដ៏រុងរឿងរបស់ទ្រង់ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។
12
ចូរអរគុណអុលឡោះជាបិតា ដោយចិត្ដរីករាយ ព្រោះទ្រង់បានប្រោសប្រទានឲ្យបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏បរិសុទ្ធនៅក្នុងពន្លឺ។
13
អុលឡោះបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងនគរនៃបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។
14
ដោយយើងនៅក្នុងបុត្រានៃអុលឡោះ ទ្រង់បានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។
15
អុលឡោះដែលយើងមើលពុំឃើញ គឺយើងអាចឃើញតាមរយៈអាល់ម៉ាហ្សៀស មុនអុលឡោះបង្កើតអ្វីៗទាំងអស់ គឺមានអាល់ម៉ាហ្សៀស
16
ដ្បិតអុលឡោះបានបង្កើតអ្វីៗសព្វសារពើនៅក្នុងអាល់ម៉ាហ្សៀស ទាំងនៅសូរ៉កា ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងម៉ាឡាអ៊ីកាត់ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា អុលឡោះបានបង្កើតទាំងអស់មក ដោយសារអាល់ម៉ាហ្សៀស និងសម្រាប់អាល់ម៉ាហ្សៀស។
17
អាល់ម៉ាហ្សៀសមានជីវិតមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារគាត់ដែរ។
18
អ៊ីសាប្រៀបដូចជាក្បាលនៃរូបកាយរបស់គាត់ គឺក្រុមជំអ អ៊ីសាជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ អ៊ីសារស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
19
ដ្បិតអុលឡោះគាប់ចិត្តឲ្យ គ្រប់លក្ខណសម្បត្តិរបស់ទ្រង់ ស្ថិតនៅក្នុងអាល់ម៉ាហ្សៀស។
20
អុលឡោះបានសំរុះសំរួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅសូរ៉កា ឲ្យជានានឹងទ្រង់វិញ ដោយសារអាល់ម៉ាហ្សៀស និងសម្រាប់អាល់ម៉ាហ្សៀស គឺអុលឡោះបានធ្វើឲ្យមានសន្ដិភាព ដោយបុត្រាបង្ហូរឈាម នៅលើឈើឆ្កាង។
21
ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់អុលឡោះ ហើយជាសត្រូវនឹងទ្រង់ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។
22
តែឥឡូវនេះ អុលឡោះបានសំរុះសំរួលបងប្អូនឲ្យជានានឹងទ្រង់វិញ ដោយបុត្រាដែលកើតមកជាមនុស្ស បានស្លាប់ ដើម្បីឲ្យបងប្អូនបានបរិសុទ្ធឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះទ្រង់។
23
ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹង ខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមាន តាំងពីបានឮដំណឹងល្អមកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។
24
ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់អាល់ម៉ាហ្សៀស សម្រាប់រូបកាយរបស់គាត់ដែលជាក្រុមជំអះ។
25
ខ្ញុំបានទទួលមុខងារបម្រើក្រុមជំអះនេះ តាមការចាត់ចែង ដែលអុលឡោះបានផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឲ្យស្គាល់បន្ទូលរបស់ទ្រង់បានសព្វគ្រប់។
26
នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលអុលឡោះបានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ទ្រង់បានបង្ហាញឲ្យប្រជាជនដ៏បរិសុទ្ធរបស់ទ្រង់ស្គាល់។
27
អុលឡោះគាប់ចិត្តឲ្យប្រជាជនដ៏បរិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន គាត់ប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់គាត់។
28
ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីអាល់ម៉ាហ្សៀសនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗគ្នា ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈនៅក្នុងអាល់ម៉ាហ្សៀស។
29
ខ្ញុំធ្វើការនឿយហត់ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើអំណាចរបស់អ៊ីសា ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4