bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Hosea 2
Hosea 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
1
ចូរប្រាប់ "អាំមី " ជាបងប្អូនប្រុស របស់អ្នក ហើយប្រាប់ "រូហាម៉ា "ជាបងប្អូនស្រី របស់អ្នក។
2
ចូរចោទប្រកាន់ម្តាយរបស់ឯង ចូរចោទប្រកាន់ទៅ ដ្បិតនាងមិនមែនជាប្រពន្ធយើងទេ យើងក៏មិនមែនជាប្តីរបស់នាងដែរ ចូរឲ្យនាងលះចោលអំពើពេស្យាចារពីមុខនាងចេញ ហើយអំពើផិតក្បត់ពីកណ្ដាលទ្រូងនាងចេញទៅ
3
ពុំនោះទេ យើងនឹងសម្រាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យនាងត្រឡប់ដូចជាថ្ងៃដែលកើតមក ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ក៏នឹងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
4
យើងនឹងមិនអាណិតមេត្តាដល់កូនរបស់នាងទេ ព្រោះគេសុទ្ធតែជាកូននៃអំពើពេស្យាចារ។
5
ម្តាយរបស់គេបានធ្វើជាស្ត្រីពេស្យា គឺអ្នកដែលបានពរពោះគេ បានប្រព្រឹត្តអំពើដ៏អាម៉ាស់ ដ្បិតនាងបានពោលថា "ខ្ញុំនឹងទៅតាមគូស្នេហ៍របស់ខ្ញុំ ព្រោះគេបានឲ្យនំបុ័ង ឲ្យទឹកមកខ្ញុំ គេឲ្យរោមចៀម ខ្លូតទេស ប្រេង និងស្រាមកខ្ញុំទៀតផង"។
6
ដូច្នេះ យើងនឹងស្រាស់ផ្លូវនាង ដោយបន្លា ហើយសង់កំផែងទាស់នឹងនាង ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀត។
7
នាងនឹងរត់តាមគូស្នេហ៍របស់នាង តែតាមគេមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ ពេលនោះ នាងនឹងពោលថា "ខ្ញុំនឹងវិលទៅរកប្តីដើមខ្ញុំវិញ ដ្បិតនៅគ្រានោះ ខ្ញុំបានប្រសើរជាងសព្វថ្ងៃនេះ"។
8
នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។
9
ដូច្នេះ យើងនឹងដកយកស្រូវរបស់យើងនៅរដូវចម្រូត យើងនឹងដកស្រាថ្មីរបស់យើងវិញ នៅរដូវបេះផ្លែទំពាំងបាយជូរ យើងក៏នឹងដកយករោមចៀម និងខ្លូតទេសរបស់យើង ដែលសម្រាប់បិទបាំងភាពអាក្រាតរបស់នាងមកវិញដែរ។
10
ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។
11
យើងនឹងធ្វើឲ្យនាងបាត់បង់សំណើចក្អាកក្អាយ ពិធីបុណ្យផ្សេងៗ បុណ្យចូលខែ បុណ្យថ្ងៃសប្ប័ទ និងបុណ្យដែលបានកំណត់ទាំងប៉ុន្មានរបស់នាង។
12
យើងនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា "ចម្ការទាំងនេះជាឈ្នួលដែលគូស្នេហ៍របស់ខ្ញុំបានឲ្យ"។ យើងនឹងធ្វើឲ្យចម្ការទាំងនោះត្រឡប់ទៅជាព្រៃ ហើយសត្វព្រៃនឹងស៊ីបង្ហិនអស់។
13
យើងនឹងដាក់ទោសនាងសម្រាប់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយព្រះបាល គឺពេលដែលនាងបានតែងខ្លួន ដោយទំហូ និងគ្រឿងលម្អផ្សេងៗរបស់នាង ហើយរត់តាមគូស្នេហ៍របស់នាង រួចបំភ្លេចយើងចោល នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14
ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង។
15
នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។
16
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ នាងនឹងហៅយើងថា "លោកប្តី" គឺនាងនឹងលែងហៅយើងថា "លោកម្ចាស់" ទៀតហើយ។
17
ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង គឺគេនឹងលែងនឹកនាពីឈ្មោះទាំងនោះទៀត។
18
នៅថ្ងៃនោះ យើងក៏នឹងតាំងសញ្ញាមួយឲ្យគេ ជាមួយសត្វព្រៃ សត្វហើរលើអាកាស និងសត្វលូនវារលើដី។ យើងនឹងបំបាត់ធ្នូ ដាវ និងសង្គ្រាមចេញពីស្រុក ហើយយើងនឹងធ្វើឲ្យអ្នកដេកយ៉ាងសុខសាន្ត។
19
យើងនឹងដណ្តឹងនាងទុកសម្រាប់យើងជាដរាបតរៀងទៅ គឺយើងនឹងដណ្តឹងនាងសម្រាប់យើង ដោយសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ដោយសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណា។
20
យើងនឹងដណ្តឹងនាងទុកសម្រាប់យើង ដោយសេចក្ដីស្មោះត្រង់ ហើយនាងនឹងស្គាល់ព្រះយេហូវ៉ា។
21
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ យើងនឹងឆ្លើយតប គឺយើងនឹងឆ្លើយតបដល់ផ្ទៃមេឃ ហើយផ្ទៃមេឃនឹងឆ្លើយតបដល់ផែនដី
22
ឯផែនដីនឹងឆ្លើយតបដល់ស្រូវ ស្រាថ្មី និងប្រេង ហើយរបស់ទាំងនោះនឹងឆ្លើយតបដល់យេសរាល ។
23
យើងនឹងសាបព្រោះពូជគេនៅលើផែនដីសម្រាប់យើង យើងនឹងអាណិតមេត្តាដល់ឡូ-រូហាម៉ា ហើយនឹងនិយាយទៅឡូ-អាំមី ថា "អ្នកជាប្រជារាស្ត្ររបស់យើង" រួចគេនឹងពោលថា "ព្រះអង្គជាព្រះនៃទូលបង្គំ"។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14