bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Joshua 2
Joshua 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
1
លោកយ៉ូស្វេជាកូនរបស់លោកនុន បានចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីស៊ីទីម ទៅស៊ើបការណ៍ ដោយប្រាប់ថា៖ «ចូរទៅសង្កេតមើលស្រុកនោះ និងក្រុងយេរីខូរផង»។ គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីពេស្យាម្នាក់ ឈ្មោះរ៉ាហាប ។
2
មានគេទូលដល់ស្តេចក្រុងយេរីខូរថា៖ «មើល៍ នៅយប់នេះ មានពួកអ៊ីស្រាអែលខ្លះបានចូលមក ដើម្បីសង្កេតមើលស្រុកនេះ»។
3
ពេលនោះ ស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅជួបនាងរ៉ាហាប ប្រាប់ថា៖ «ចូរនាំមនុស្សដែលបានចូលមកឯនាង គឺអ្នកដែលចូលមកក្នុងផ្ទះនាងចេញមក ដ្បិតគេបានមកសង្កេតមើលស្រុកនេះទាំងមូល»។
4
ប៉ុន្ដែ ស្ត្រីនោះបាននាំបុរសពីរនាក់នោះទៅលាក់ទុក រួចប្រាប់ថា៖ «មានមនុស្សមកឯនាងខ្ញុំមែន តែនាងខ្ញុំមិនបានដឹងថាគេមកពីណាទេ។
5
លុះជិតដល់ពេលបិទទ្វារក្រុងនៅពេលព្រលប់ បុរសនោះបានចេញទៅបាត់។ នាងខ្ញុំមិនដឹងថាបុរសនោះទៅទីណាទេ។ សូមដេញតាមគេឲ្យលឿនទៅ ដ្បិតអស់លោកនឹងដេញតាមគេទាន់មិនខាន»។
6
ប៉ុន្ដែ នាងបាននាំអ្នកទាំងពីរឡើងទៅលើដំបូលផ្ទះ ហើយលាក់នៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូល។
7
ដូច្នេះ បុរសទាំងនោះក៏ដេញតាមអ្នកទាំងពីរ តាមផ្លូវទៅកាន់ទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង។ កាលពួកអ្នកដេញតាមបានចេញទៅផុតហើយ នោះគេក៏បិទទ្វារក្រុង។
8
កាលអ្នកទាំងពីរមិនទាន់ដេកនៅឡើយ នាងក៏ឡើងទៅជួបគេនៅលើដំបូល
9
ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។
10
ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហម រីងទៅ នៅមុខពួកលោក ពេលពួកលោកចេញពីស្រុកអេស៊ីព្ទ និងពីការដែលពួកលោកបានធ្វើចំពោះស្តេចទាំងពីរអង្គរបស់សាសន៍អាម៉ូរី នៅខាងនាយទន្លេយ័រដាន់ គឺដល់ព្រះបាទស៊ីហុន និងព្រះបាទអុក ដែលពួកលោកបានបំផ្លាញទាំងស្រុង។
11
កាលយើងខ្ញុំបានឮភ្លាម ចិត្តយើងខ្ញុំបានរលាយអស់ ហើយនៅក្នុងខ្លួនមនុស្សម្នាក់ៗគ្មានព្រលឹងទេ ដោយព្រោះតែពួកលោក ដ្បិតព្រះយេហូវ៉ាជាព្រះរបស់ពួកលោក ព្រះអង្គជាព្រះគង់នៅស្ថានសួគ៌ខាងលើ ហើយក៏គង់នៅលើផែនដីខាងក្រោមដែរ។
12
ដូច្នេះ សូមស្បថឲ្យនាងខ្ញុំឥឡូវ ដោយយកព្រះយេហូវ៉ាជាសាក្សីថា ពួកលោកនឹងអាណិតមេត្តាដល់ក្រុមគ្រួសារឪពុកនាងខ្ញុំ ដូចនាងខ្ញុំបានអាណិតមេត្តាដល់ពួកលោកដែរ ហើយសូមទុកសញ្ញាមួយឲ្យប្រាកដដល់នាងខ្ញុំផង
13
ថាពួកលោកនឹងទុកជីវិតឲ្យឪពុកម្តាយរបស់នាងខ្ញុំ បងប្អូនប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមគ្រួសាររបស់គាត់ទាំងអស់ ហើយជួយជីវិតយើងខ្ញុំឲ្យរួចពីស្លាប់ផង»។
14
បុរសទាំងពីរឆ្លើយទៅនាងថា៖ «យើងយកជីវិតរបស់យើងធានាជីវិតរបស់នាង ប្រសិនបើនាងមិនយករឿងយើងទៅនិយាយ ហើយកាលណាព្រះយេហូវ៉ាប្រគល់ស្រុកនេះមកយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាង ដោយសប្បុរសស្មោះត្រង់»។
15
បន្ទាប់មក នាងក៏សម្រូតគេដោយខ្សែចុះតាមបង្អួច ដ្បិតផ្ទះរបស់នាងសង់នៅលើកំផែងទីក្រុង ហើយនាងរស់នៅចំពីលើកំផែងនោះ។
16
នាងនិយាយទៅកាន់អ្នកទាំងពីរថា៖ «សូមទៅឯស្រុកភ្នំទៅ ក្រែងពួកអ្នកដេញតាមជួបប្រទះនឹងពួកលោក។ សូមពួននៅទីនោះបីថ្ងៃ រហូតដល់ពួកអ្នកដេញតាមត្រឡប់មកវិញ រួចសឹមពួកលោកបន្តដំណើរទៅទៀត»។
17
អ្នកទាំងពីរនិយាយទៅនាងថា៖ «យើងនឹងបានរួចពីពាក្យសម្បថនេះ ដែលនាងបានសុំឲ្យយើងស្បថ។
18
មើល៍ កាលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែក្រហមនេះជាប់នឹងបង្អួច ដែលនាងបានសម្រូតយើងចុះមកនោះ ហើយនាងត្រូវប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសាររបស់ឪពុកនាងទាំងអស់ មកជួបជុំនៅក្នុងផ្ទះរបស់នាង។
19
ប្រសិនបើមានអ្នកណាម្នាក់ចេញពីទ្វារផ្ទះរបស់នាង ទៅតាមដងផ្លូវ នោះឈាមរបស់គេនឹងធ្លាក់លើក្បាលរបស់គេ ឯយើងគ្មានទោសទេ។ ប៉ុន្ដែ ប្រសិនបើមានដៃណាដាក់លើអ្នកណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង នោះឈាមរបស់គេនឹងធ្លាក់មកលើក្បាលយើងវិញ។
20
ប៉ុន្ដែ ប្រសិនបើនាងនិយាយរឿងរបស់យើងនេះប្រាប់គេ យើងនឹងរួចពីសម្បថនេះ ដែលនាងបានសុំឲ្យយើងស្បថ»។
21
នាងឆ្លើយថា៖ «ដូច្នេះ សូមឲ្យសម្រេចតាមពាក្យរបស់លោកចុះ»។ បន្ទាប់មក នាងសុំឲ្យគេចេញទៅ រួចគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែក្រហមនៅជាប់នឹងបង្អួច។
22
អ្នកទាំងពីរក៏ចេញទៅឯស្រុកភ្នំ ហើយស្នាក់នៅទីនោះអស់បីថ្ងៃ រហូតទាល់តែពួកអ្នកដេញតាមបានវិលត្រឡប់មកវិញ ក្រោយពេលដែលពួកគេបានស្វែងរកសព្វតាមផ្លូវ ហើយរកមិនឃើញសោះ។
23
បន្ទាប់មក អ្នកទាំងពីរបានវិលត្រឡប់ គឺគេចុះពីស្រុកភ្នំ ឆ្លងទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស្វេ ជាកូនរបស់លោកនុន ហើយរៀបរាប់ប្រាប់ពីគ្រប់ទាំងហេតុការណ៍ ដែលបានកើតឡើងដល់ពួកគេ។
24
គេជម្រាបលោកយ៉ូស្វេថា៖ «ព្រះយេហូវ៉ាពិតជាបានប្រគល់ស្រុកនោះទាំងមូលមកក្នុងកណ្ដាប់របស់ដៃយើងមែន ហើយសូម្បីតែអ្នកស្រុកនោះទាំងប៉ុន្មានក៏ញ័ររន្ធត់ ព្រោះតែយើងដែរ»។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24