bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ruth 1
Ruth 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
នៅគ្រាដែលពួកចៅហ្វាយកំពុងត្រួតត្រា កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះ មានបុរសម្នាក់ជាអ្នកនៅភូមិបេថ្លេហិម ស្រុកយូដា គាត់បាននាំទាំងប្រពន្ធ និងកូនប្រុសទាំងពីរនាក់ ទៅស្នាក់នៅស្រុកម៉ូអាប់។
2
បុរសនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះណាអូមី ហើយកូនទាំងពីរ គឺម៉ាឡូន និងគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅភូមិបេថ្លេហិម ស្រុកយូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ។
3
ឯអេលីម៉ាលេច ជាប្តីណាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង និងកូនទាំងពីរនាក់
4
កូនទាំងពីរក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាងមួយឈ្មោះអ័រប៉ា ហើយមួយទៀតឈ្មោះនាងរស់។ គេរស់នៅស្រុកនោះប្រហែលជាដប់ឆ្នាំ
5
ហើយម៉ាឡូន និងគីលីយ៉ូនក៏ស្លាប់ទាំងពីរនាក់ទៅ នៅសល់តែណាអូមីម្នាក់ឯង បាត់កូនទាំងពីរ ទាំងប្តី។
6
ណាអូមី និងកូនប្រសាទាំងពីរក៏ប្រុងប្រៀប ដើម្បីចេញពីស្រុកម៉ូអាប់ត្រឡប់ទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានអាហារ។
7
ដូច្នេះ គាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំងពីរ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅស្រុកយូដាវិញ។
8
គាត់និយាយទៅកូនប្រសាទាំងពីរថា៖ «ចូរកូនត្រឡប់ទៅរកផ្ទះម្តាយរៀងខ្លួនវិញចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់កូន ដូចជាកូនបានប្រព្រឹត្តនឹងខ្មោចប្តី ហើយនឹងម្តាយដែរ។
9
សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យកូនបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្តីមួយទៀតរៀងខ្លួនចុះ» រួចគាត់ក៏ថើបនាងទាំងពីរ ហើយគេឡើងសំឡេងយំទាំងអស់គ្នា។
10
ប៉ុន្តែ នាងទាំងពីរប្រកែកថា៖ «ទេ យើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយអ្នកម្តាយដែរ»។
11
ប៉ុន្តែ ណាអូមីឃាត់ថា៖ «ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់ទៅតាមម្តាយ? តើម្តាយនៅមានកូនក្នុងពោះទៀត ដែលនឹងធ្វើជាប្តីដល់ឯងបានឬ?
12
ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតម្តាយចាស់ហួសកំណត់នឹងយកប្តីហើយ ប្រសិនបើម្តាយនិយាយថា ម្តាយមានសង្ឃឹមហើយ បើម្តាយមានប្តីនៅយប់នេះ ហើយបង្កើតបានកូនប្រុស
13
នោះតើកូននឹងនៅចាំទាល់តែវាធំឡើងឬ? បើយ៉ាងនោះ តើកូននឹងបង្អង់នៅឥតមានប្តីឬ? កុំអី កូនស្រីអើយ ម្តាយព្រួយចិត្តខ្លាំងណាស់ ដោយព្រោះកូន ព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងម្តាយហើយ»។
14
នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់។
15
រួចគាត់និយាយទៅនាងរស់ថា៖ «មើល៍! ប្អូនថ្លៃឯងបានត្រឡប់ទៅរកសាសន៍ និងព្រះរបស់គេវិញហើយ ដូច្នេះ ចូរឲ្យកូនវិលទៅតាមប្អូនថ្លៃកូនចុះ»។
16
ប៉ុន្តែ នាងឆ្លើយថា៖ «សូមកុំបង្ខំឲ្យខ្ញុំទៅចោលអ្នកម្តាយឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយ នឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយ នឹងបានជាព្រះរបស់ខ្ញុំដែរ។
17
អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។
18
ពេលណាអូមីឃើញថា នាងតាំងចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។
19
រួចទាំងពីរនាក់ក៏នាំគ្នាទៅដល់បេថ្លេហិម កាលបានចូលទៅក្នុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នាក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា៖ «តើនេះជាណាអូមីមែនឬ?»
20
គាត់ឆ្លើយថា៖ «កុំហៅខ្ញុំថាណាអូមី ឡើយ ត្រូវហៅថាម៉ារ៉ា វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ព្រះអង្គបានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។
21
ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំ ឲ្យត្រឡប់វិលមកដោយទទេ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ណាអូមី ជាអ្នកដែលព្រះយេហូវ៉ា បានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បានធ្វើទុក្ខខ្ញុំដូច្នេះ?»
22
គឺយ៉ាងនោះហើយ ដែលណាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួន មកជាមួយផង គេមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូតស្រូវឱក។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4