bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Ruth 2
Ruth 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ណាអូមីមានសាច់ញាតិខាងប្តីម្នាក់ ឈ្មោះលោកបូអូស ជាអ្នកមានស្តុកស្តម្ភ នៅក្នុងគ្រួសារអេលីម៉ាលេច។
2
នាងរស់ជាសាសន៍ម៉ូអាប់និយាយទៅកាន់ណាអូមីថា៖ «ឥឡូវនេះ សូមឲ្យខ្ញុំទៅស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ» រួចគាត់ប្រាប់ថា៖ «ទៅចុះ កូនអើយ»
3
នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែមួយរបស់លោកបូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច។
4
ឯលោកបូអូសបានមកពីបេថ្លេហិម គាត់និយាយទៅកាន់ពួកអ្នកចម្រូតថា៖ «សូមព្រះយេហូវ៉ាគង់ជាមួយអ្នករាល់គ្នា» គេឆ្លើយថា៖ «សូមព្រះយេហូវ៉ាប្រទានពរដល់លោក»។
5
រួចលោកបូអូសសួរទៅអ្នកបម្រើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចម្រូតនោះថា៖ «នាងនេះជាកូនអ្នកណា?»
6
អ្នកបម្រើនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយណាអូមី។
7
នាងបានសូមយើងខ្ញុំថា "សូមឲ្យខ្ញុំរើសសន្សំតាមគំនរកណ្ដាប់ពីក្រោយពួកអ្នកច្រូតផង"។ ដូច្នេះ នាងក៏បានមកឈររង់ចាំតាំងពីព្រលឹម រហូតមកទល់ពេលនេះ ហើយនាងទៅសម្រាកក្នុងរោងតែមួយភ្លែតប៉ុណ្ណោះ»។
8
ដូច្នេះ លោកបូអូសប្រាប់នាងរស់ថា៖ «ចូរស្តាប់ខ្ញុំ នាងអើយ នាងកុំចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែណាផ្សេងទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ។
9
ចូរឲ្យភ្នែកនាងមើលតែស្រែដែលពួកនេះកំពុងច្រូត ហើយដើរតាមគេទៅ ខ្ញុំបានហាមកំលោះៗ មិនឲ្យគេពាល់នាងទេ បើកាលណានាងស្រេកទឹក ចូរទៅរកក្អម ហើយផឹកទឹកដែលកំលោះៗបានដងហើយចុះ»។
10
នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា៖ «ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ?»
11
លោកបូអូសឆ្លើយទៅនាងថា៖ «គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក ក្រោយពីប្តីនាងស្លាប់ទៅ ហើយពីការដែលនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកក្នុងសាសន៍នេះ ដែលនាងមិនស្គាល់ពីមុនមកផង។
12
សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបព្រះអង្គចុះ»។
13
នាងរស់និយាយថា៖ «ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនដូចជាពួកស្រីបម្រើរបស់លោកណាម្នាក់ក៏ដោយ តែលោកបានកម្សាន្តចិត្តខ្ញុំ ព្រមទាំងនិយាយរកខ្ញុំជាអ្នកបម្រើលោកដោយសប្បុរសដែរ»។
14
ដល់ពេលបរិភោគអាហារ លោកបូអូសប្រាប់នាងថា៖ «អញ្ជើញមកហូបនំបុ័ង ហើយជ្រលក់អាហារទៅក្នុងទឹកជ្រលក់នេះចុះ» នាងក៏អង្គុយនៅខាងពួកអ្នកច្រូត ហើយគេក៏ហុចលាជមកឲ្យនាងដែរ នាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ។
15
ពេលនាងបានក្រោកទៅរើស ហើយលោកបូអូសប្រាប់ពួកកំលោះៗរបស់លោកថា៖ «ចូរឲ្យនាងរើសយកចុះ សូម្បីតែក្នុងគំនរកណ្ដាប់ស្រូវ កុំបន្ទោសនាងអី
16
ហើយហូតគួរខ្លះពីកណ្ដាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ»។
17
ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែនស្រូវដែលបានរើសនោះ បានស្រូវប្រហែលជាមួយថាំង។
18
នាងលើកទូលយកទៅទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចម្អែត ជូនដល់ម្តាយក្មេក។
19
គាត់ក៏សួរនាងថា៖ «នៅថ្ងៃនេះ កូនបានរើសសន្សំនៅទីណា? តើកូនបានធ្វើការនៅកន្លែងណា? សូមឲ្យមានព្រះពរដល់អ្នកណាដែលបានអាណិតមេត្តាដល់កូន» ដូច្នេះ នាងក៏រៀបរាប់ប្រាប់ម្តាយក្មេក ពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា៖ «អ្នកដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ លោកបូអូស»។
20
នោះគាត់និយាយទៅកូនប្រសាថា៖ «សូមឲ្យលោកបានព្រះពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនដែលខានប្រព្រឹត្តដោយសប្បុរសដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង»។ រួចណាអូមីនិយាយថា៖ «លោកនោះជាសាច់ញាតិជិតដិតនឹងយើងទេ លោកជាអ្នកដែលមានច្បាប់នឹងលោះឲ្យយើងបាន»។
21
នាងរស់ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា៖ «ចាស៎ លោកមានប្រសាសន៍នឹងខ្ញុំដែរថា "នាងត្រូវនៅជាប់នឹងពួកអ្នកបម្រើរបស់ខ្ញុំនេះ រហូតដល់ច្រូតចម្រូតទាំងប៉ុន្មានរបស់ខ្ញុំហើយ"»។
22
ណាអូមីនិយាយទៅនាងរស់ ជាកូនប្រសាថា៖ «កូនអើយ បើកូនចេញទៅជាមួយពួកស្រីរបស់លោក នោះស្រួលហើយ មិនចាំបាច់ទៅស្រែណាផ្សេងទៀតទេ ក្រែងគេធ្វើបាប»។
23
ដូច្នេះ នាងក៏នៅជាប់ជាមួយពួកស្រីៗរបស់លោកបូអូសនោះ ទាំងខំរើសសន្សំទាល់តែចម្រូតស្រូវ និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយម្តាយក្មេក។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4