bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
1 Peter 1
1 Peter 1
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ពីខ្ញុំ ពេត្រុស ដែលជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលត្រូវបានជ្រើសតាំង ជាជនរស់នៅបណ្ដោះអាសន្នដែលត្រូវបានកម្ចាត់កម្ចាយទៅប៉ុនតុស កាឡាទី កាប៉ាដូគា អាស៊ី និងប៊ីធូនា
2
ជាពួកអ្នកដែលត្រូវបានជ្រើសតាំងស្របតាមការជ្រាបជាមុនរបស់ព្រះដែលជាព្រះបិតា ដោយការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ ដែលនាំទៅរកការស្ដាប់បង្គាប់ និងការប្រោះព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តត្រូវបានបង្កើនដល់អ្នករាល់គ្នា!
3
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានធ្វើឲ្យយើងកើតជាថ្មីទៅក្នុងសេចក្ដីសង្ឃឹមដ៏រស់ ស្របតាមសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពីចំណោមមនុស្សស្លាប់
4
ដើម្បីឲ្យយើងបានទទួលមរតកដែលមិនចេះសាបសូន្យ ឥតសៅហ្មង និងមិនចេះរលាយបាត់ ដែលមានរក្សាទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា។
5
អ្នករាល់គ្នាត្រូវបានការពារដោយព្រះចេស្ដារបស់ព្រះ តាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះដែលត្រូវបានរៀបចំជាស្រេចដើម្បីសម្ដែងឲ្យឃើញនៅគ្រាចុងបញ្ចប់។
6
ដោយហេតុនេះ អ្នករាល់គ្នាក៏ត្រេកអរយ៉ាងខ្លាំង ទោះបីជាឥឡូវនេះ អ្នករាល់គ្នាត្រូវតែព្រួយចិត្តមួយរយៈ ដោយសារតែការសាកល្បងផ្សេងៗក៏ដោយ
7
ដើម្បីឲ្យជំនឿដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា (ជាជំនឿដែលមានតម្លៃជាងមាសដែលរមែងតែងតែសាបសូន្យ ទោះបីជាត្រូវពិសោធដោយភ្លើងក៏ដោយ) ត្រូវបានចាត់ទុកថាសមនឹងការសរសើរ សិរីរុងរឿង និងកិត្តិយស នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។
8
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន
9
ដ្បិតអ្នករាល់គ្នាកំពុងតែទទួលលទ្ធផលនៃជំនឿរបស់អ្នករាល់គ្នា គឺសេចក្ដីសង្គ្រោះដល់ព្រលឹងរបស់អ្នករាល់គ្នា។
10
ចំពោះសេចក្ដីសង្គ្រោះនេះ បណ្ដាព្យាការីដែលព្យាករអំពីព្រះគុណដែលអ្នករាល់គ្នាបានទទួល ពួកគេបានស្វែងរក និងស្រាវជ្រាវយ៉ាងល្អិតល្អន់
11
គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។
12
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។
13
ដូច្នេះ ចូរត្រៀមគំនិតរបស់អ្នករាល់គ្នា ចូរមានគំនិតមធ្យ័ត ចូរសង្ឃឹមទាំងស្រុងលើព្រះគុណដែលកំពុងត្រូវបាននាំមកឯអ្នករាល់គ្នា នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។
14
ក្នុងនាមជាកូននៃការស្ដាប់បង្គាប់ កុំត្រាប់តាមតណ្ហានៃភាពអវិជ្ជាពីមុនរបស់អ្នករាល់គ្នាឡើយ
15
ផ្ទុយទៅវិញ ដូចដែលព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទ្រង់វិសុទ្ធយ៉ាងណា អ្នករាល់គ្នាក៏ត្រូវតែបានវិសុទ្ធក្នុងគ្រប់ទាំងកិរិយាយ៉ាងនោះដែរ
16
ដ្បិតមានសរសេរទុកមកថា: “ចូរឲ្យអ្នករាល់គ្នាបានវិសុទ្ធ ពីព្រោះយើងវិសុទ្ធ”។
17
ដោយអ្នករាល់គ្នាហៅព្រះអង្គនោះដែលជំនុំជម្រះតាមការប្រព្រឹត្តរបស់ម្នាក់ៗដោយឥតលំអៀង ថាព្រះបិតា ដូច្នេះចូររស់នៅដោយការកោតខ្លាច ក្នុងពេលដែលអ្នករាល់គ្នាជាជនរស់នៅបណ្ដោះអាសន្នចុះ
18
ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាត្រូវបានប្រោសលោះពីរបៀបរស់នៅឥតប្រយោជន៍របស់អ្នករាល់គ្នាដែលបន្តពីដូនតាមក មិនមែនដោយអ្វីដែលរមែងតែងតែសាបសូន្យដូចប្រាក់ ឬមាសនោះទេ
19
គឺដោយព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាកូនចៀមដ៏ឥតសៅហ្មង និងឥតប្រឡាក់។
20
ព្រះអង្គត្រូវបានជ្រើសតាំងជាមុន មុនកំណើតនៃពិភពលោកមកម្ល៉េះ ប៉ុន្តែត្រូវបានសម្ដែងនៅគ្រាចុងបញ្ចប់នេះ ដោយយល់ដល់អ្នករាល់គ្នា។
21
តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យជំនឿ និងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានពឹងអាងលើព្រះ។
22
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធដោយការស្ដាប់បង្គាប់សេចក្ដីពិត ធ្វើឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនដែលឥតពុតត្បុត ដូច្នេះចូរស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងអស់ពីចិត្តដោយចិត្តបរិសុទ្ធចុះ។
23
អ្នករាល់គ្នាបានកើតជាថ្មី មិនមែនពីគ្រាប់ពូជដែលរមែងតែងតែសាបសូន្យទេ គឺពីគ្រាប់ពូជដែលមិនចេះសាបសូន្យវិញ តាមរយៈព្រះបន្ទូលដ៏មានជីវិតរស់ និងដ៏នៅស្ថិតស្ថេររបស់ព្រះ។
24
ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ
25
រីឯព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរជារៀងរហូត”។ នេះហើយ ជាព្រះបន្ទូលដែលត្រូវបានផ្សព្វផ្សាយដល់អ្នករាល់គ្នា៕
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5