bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer Standard Version 1954 = Hammond Version
/
Judges 2
Judges 2
Khmer Standard Version 1954 = Hammond Version
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
1
នៅគ្រានោះ ទេវតារបស់ ព្រះអម្ចាស់ បានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុក ដែលយើងបានសន្យាជាមួយពួកបុព្វបុរស*ថាប្រគល់អោយអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី*ដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។
2
រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ?
3
ដូច្នេះ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្ដេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។
4
នៅពេលឮទេវតារបស់ ព្រះអម្ចាស់ ពោលដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។
5
គេដាក់ឈ្មោះកន្លែងនោះថា បូគីម ហើយនាំគ្នាថ្វាយយញ្ញបូជាដល់ ព្រះអម្ចាស់ ។
6
លោកយ៉ូស្វេបានអោយប្រជាជនវិលត្រឡប់ទៅវិញ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាទៅចាប់យកចំណែកទឹកដី ដែលជាមត៌ករបស់គេរៀងៗខ្លួន។
7
ពួកគេគោរពបំរើ ព្រះអម្ចាស់ ក្នុងអំឡុងពេលដែលលោកយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកទទួលមរណភាពផុតទៅ គេនៅតែគោរពបំរើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្ដុង្គឧត្ដម ដែល ព្រះអម្ចាស់ បានធ្វើចំពោះជនជាតិអ៊ីស្រាអែល។
8
លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបំរើរបស់ ព្រះអម្ចាស់ បានទទួលមរណភាព ក្នុងជន្មាយុមួយរយដប់ឆ្នាំ។
9
គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។
10
មនុស្សជំនាន់នោះក៏ទៅជួបជុំនឹងដូនតារបស់គេ ដែលចែកស្ថានទៅហើយ ហើយមានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ ព្រះអម្ចាស់ ហើយក៏មិនស្គាល់ស្នាព្រះហស្ដ ដែលព្រះអង្គបានធ្វើចំពោះអ៊ីស្រាអែលដែរ។
11
ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យ ព្រះអម្ចាស់ ដោយនាំគ្នាគោរពបំរើព្រះបាល។
12
ពួកគេបានបោះបង់ចោល ព្រះជាអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្ដាលអោយ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធ។
13
ពួកគេបានបោះបង់ចោល ព្រះអម្ចាស់ ទៅគោរពបំរើព្រះបាល និងព្រះអាសថារ៉ូតវិញ។
14
ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរព្រៃ ដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ព្រះអង្គប្រគល់ពួកគេទៅអោយខ្មាំងសត្រូវនៅជុំវិញ យកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវទៀតឡើយ។
15
រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ ធ្វើអោយពួកគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។
16
គ្រានោះ ព្រះអម្ចាស់ បានធ្វើអោយមានពួកចៅហ្វាយក្រោកឡើង រំដោះពួកគេអោយរួចពីកណ្ដាប់ដៃរបស់ចោរព្រៃ។
17
ប៉ុន្តែ ពួកគេមិនស្ដាប់បង្គាប់អស់លោកចៅហ្វាយ ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមបទបញ្ជារបស់ ព្រះអម្ចាស់ ដូចពួកបុព្វបុរសទេ។
18
ពេល ព្រះអម្ចាស់ តែងតាំងចៅហ្វាយណាម្នាក់អោយដឹកនាំពួកគេ ព្រះអង្គគង់ជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់លោក ដ្បិត ព្រះអម្ចាស់ អាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរ ដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។
19
លុះចៅហ្វាយនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបំរើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។
20
ពេលនោះ ព្រះអម្ចាស់ ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «ប្រជាជាតិនេះបានផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្ដាប់បង្គាប់យើងទេ
21
ដូច្នេះ យើងក៏នឹងមិនបណ្ដេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស្វេបន្សល់ទុក ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។
22
យើងនឹងប្រើប្រជាជាតិទាំងនោះ ដើម្បីល្បងលមើលអោយដឹងថា តើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។
23
ព្រះអម្ចាស់ ទុកប្រជាជាតិទាំងឡាយ ដែលព្រះអង្គមិនបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកយ៉ូស្វេ អោយរស់នៅក្នុងស្រុកតទៅមុខទៀត គឺព្រះអង្គមិនប្រញាប់បណ្ដេញពួកគេចេញពីទឹកដីរបស់ខ្លួនឡើយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21