bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
1 Kings 2
1 Kings 2
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
1
ពេលព្រះបាទដាវីឌជិតសោយទិវង្គត ទ្រង់ផ្ដែផ្ដាំព្រះបាទសាឡូម៉ូន ជាបុត្រថា៖
2
«បិតាជិតលាចាកលោកនេះហើយ ចូរបុត្រមានចិត្តក្លាហានឲ្យសមជាមនុស្សពេញលក្ខណៈ!
3
ចូរស្ដាប់តាមបង្គាប់របស់ ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ចូរដើរក្នុងមាគ៌ារបស់ព្រះអង្គជានិច្ច ហើយកាន់តាមច្បាប់ តាមបញ្ជា តាមវិន័យ និងតាមដំបូន្មាន ដូចមានចែងទុកក្នុងក្រឹត្យវិន័យ*របស់លោកម៉ូសេ ដើម្បីឲ្យបុត្រមានជោគជ័យក្នុងគ្រប់កិច្ចការដែលបុត្រធ្វើ និងគ្រប់ទីកន្លែងដែលបុត្រទៅ។
4
ពេលបុត្រប្រព្រឹត្តដូច្នេះ ព្រះអម្ចាស់ នឹងសម្រេចតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយបិតាថា “បើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ាដែលខ្លួនដើរ ហើយមានចិត្តភក្ដីចំពោះយើង ព្រមទាំងប្រតិបត្តិតាមយើងដោយស្មោះ និងគ្មានចិត្តវៀចវេរ នោះក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែលជានិច្ច”។
5
បុត្រដឹងស្រាប់ហើយនូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីររូបរបស់ជនជាតិអ៊ីស្រាអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើរ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ លោកត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់លោក។
6
ចូរប្រព្រឹត្តចំពោះលោកយ៉ូអាប់ដោយប្រាជ្ញាដ៏ឈ្លាសវៃរបស់បុត្រ មិនត្រូវទុកឲ្យលោកស្លាប់ដោយសុខសាន្ត ព្រោះតែចាស់ជរាឡើយ។
7
ចូរប្រព្រឹត្តចំពោះកូនចៅរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ដោយសប្បុរស ត្រូវឲ្យពួកគេបរិភោគរួមតុជាមួយបុត្រ ដ្បិតនៅគ្រាដែលបិតារត់ភៀសខ្លួនពីអាប់សាឡុម ជាបងរបស់បុត្រ នោះពួកគេបានមកជួយគាំទ្របិតា។
8
ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្ដាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះ បិតាបានស្បថនៅចំពោះព្រះភ័ក្ត្រ ព្រះអម្ចាស់ ថា មិនសម្លាប់គេដោយមុខដាវឡើយ។
9
ឥឡូវនេះ កុំលើកលែងទោសឲ្យគេឡើយ។ បុត្រជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ដូច្នេះ បុត្រដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចចំពោះគេ ទោះបីគេមានវ័យចាស់ជរាក៏ដោយ ក៏ត្រូវប្រហារជីវិតគេដែរ»។
10
ព្រះបាទដាវីឌសោយទិវង្គត ហើយគេបញ្ចុះសពស្ដេចនៅបុរីព្រះបាទដាវីឌ។
11
ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម ។
12
ព្រះបាទសាឡូម៉ូន ជាបុត្រ ឡើងស្នងរាជ្យព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះបាទសាឡូម៉ូនរឹងមាំណាស់។
13
ថ្ងៃមួយ សម្ដេចអដូនីយ៉ា ជាបុត្ររបស់ព្រះបាទដាវីឌ និងនាងហាគីត យាងទៅជួបនាងបាតសេបា ជាមាតារបស់ព្រះបាទសាឡូម៉ូន។ នាងបាតសេបាសួរសម្ដេចអដូនីយ៉ាថា៖ «តើសម្ដេចយាងមកទីនេះ ក្នុងបំណងល្អឬ?»។ សម្ដេចតបថា៖ «ទូលបង្គំមក ដោយបំណងល្អទេ!»។
14
សម្ដេចអដូនីយ៉ាពោលថា៖ «ទូលបង្គំមានការមួយចង់ទូលថ្វាយ»។ នាងតបថា៖ «សូមមានរាជឱង្ការមកចុះ»។
15
សម្ដេចអដូនីយ៉ាឆ្លើយដូចតទៅ៖ «សម្ដេចមាតាជ្រាបហើយថា រាជសម្បត្តិត្រូវបានមកទូលបង្គំ ហើយប្រជាជនអ៊ីស្រាអែលទាំងមូលសង្ឃឹមថា ទូលបង្គំនឹងឡើងគ្រងរាជ្យ។ ប៉ុន្តែ រាជសម្បត្តិបែរជាបានទៅព្រះបាទសាឡូម៉ូន ជាអនុជរបស់ទូលបង្គំទៅវិញ ដ្បិត ព្រះអម្ចាស់ សព្វព្រះហឫទ័យដូច្នេះ។
16
ឥឡូវនេះ ទូលបង្គំមានការមួយចង់ទូលថ្វាយ សូមកុំបដិសេធឡើយ»។ នាងពោលថា៖ «សូមមានរាជឱង្ការមកចុះ»។
17
សម្ដេចអដូនីយ៉ាទូលថា៖ «សូមសម្ដេចមាតាទូលព្រះបាទសាឡូម៉ូន សុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យមកធ្វើជាមហេសីផង ដ្បិតព្រះរាជាមិនបដិសេធនឹងសំណូមពររបស់សម្ដេចមាតាទេ»។
18
នាងបាតសេបាឆ្លើយថា៖ «មាតានឹងទៅទូលព្រះរាជាឲ្យ»។
19
នាងបាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលថ្វាយពីសំណូមពររបស់សម្ដេចអដូនីយ៉ា។ ព្រះរាជាយាងចុះពីបល្ល័ង្ក មករកនាង ហើយថ្វាយបង្គំ។ បន្ទាប់មក ព្រះរាជាគង់លើបល្ល័ង្កវិញ ហើយបញ្ជាឲ្យគេដាក់បល្ល័ង្កមួយថ្វាយមាតា នៅខាងស្ដាំ។
20
នាងបាតសេបាទូលព្រះរាជាថា៖ «មាតាមានសំណូមពរដ៏តូចមួយចំពោះបុត្រ សូមបុត្រកុំបដិសេធឡើយ!»។ ស្ដេចមានរាជឱង្ការថា៖ «សូមមាតាមានសវនីយ៍មកចុះ បុត្រមិនបដិសេធទេ»។
21
នាងពោលថា៖ «សូមបុត្រប្រគល់នាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបងរបស់បុត្រ ធ្វើជាមហេសី»។
22
ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ហេតុអ្វីបានជាមាតាមកសុំនាងអប៊ីសាក ជាអ្នកភូមិស៊ូណែម ឲ្យសម្ដេចអដូនីយ៉ាបែបនេះ? ម្ដេចមិនសុំរាជសម្បត្តិឲ្យសម្ដេចតែម្ដងទៅ ដ្បិតសម្ដេចជាបងរបស់ទូលបង្គំស្រាប់! សូមមាតាប្រគល់រាជ្យនេះឲ្យសម្ដេចអដូនីយ៉ា និងលោកបូជាចារ្យអបៀថើរ ព្រមទាំងលោកមេទ័ពយ៉ូអាប់ ជាកូនអ្នកស្រីសេរូយ៉ាទៅ!»។
23
ព្រះបាទសាឡូម៉ូនស្បថក្នុងនាម ព្រះអម្ចាស់ ថា៖ «ប្រសិនបើទូលបង្គំមិនប្រហារជីវិតសម្ដេចអដូនីយ៉ា ដែលហ៊ានធ្វើសំណូមពរបែបនេះទេ សូមព្រះជាម្ចាស់ដាក់ទោសទូលបង្គំ យ៉ាងធ្ងន់ចុះ!
24
ទូលបង្គំសូមស្បថក្នុងនាម ព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ ហើយដែលបានឲ្យទូលបង្គំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកទូលបង្គំថា នៅថ្ងៃនេះ សម្ដេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។
25
ព្រះបាទសាឡូម៉ូន ចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ឲ្យទៅប្រហារជីវិតសម្ដេចអដូនីយ៉ា។ សម្ដេចអដូនីយ៉ាក៏សោយទិវង្គតទៅ។
26
បន្ទាប់មក ព្រះរាជាមានរាជឱង្ការទៅកាន់លោកបូជាចារ្យអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់លោក នៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់លោកក្នុងថ្ងៃនេះទេ ព្រោះលោកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ ព្រះជាអម្ចាស់ ដើរពីមុខព្រះបាទដាវីឌ ជាបិតារបស់យើង ហើយលោកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ» ។
27
ព្រះបាទសាឡូម៉ូនបណ្ដេញលោកអបៀថើរចេញពីតំណែងជាបូជាចារ្យរបស់ ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បានថ្លែងទុក ស្ដីអំពីក្រុមគ្រួសាររបស់លោកអេលី នៅស៊ីឡូ។
28
ពេលលោកយ៉ូអាប់ជ្រាបដំណឹងនេះ លោករត់គេចខ្លួនទៅពន្លារបស់ ព្រះអម្ចាស់ ហើយតោងស្នែងអាសនៈ។ ទោះបីលោកមិនបានចូលរួមក្បត់ជាមួយសម្ដេចអាប់សាឡុមពីមុនមែន តែពេលនេះ លោកបានចូលដៃជាមួយសម្ដេចអដូនីយ៉ា។
29
មានគេនាំដំណឹងទៅទូលព្រះបាទសាឡូម៉ូនថា លោកយ៉ូអាប់រត់គេចខ្លួនទៅពន្លារបស់ ព្រះអម្ចាស់ ហើយជ្រកនៅក្បែរអាសនៈ។ ពេលនោះ ព្រះបាទសាឡូម៉ូនចាត់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដោយមានរាជឱង្ការថា៖ «ចូរទៅប្រហារលោកយ៉ូអាប់ទៅ!»។
30
លោកបេណាយ៉ាទៅដល់ពន្លារបស់ ព្រះអម្ចាស់ ហើយពោលទៅកាន់លោកយ៉ូអាប់ថា៖ «ព្រះរាជាបញ្ជាឲ្យលោកចេញពីទីនេះ»។ លោកយ៉ូអាប់ឆ្លើយថា៖ «ទេ! ខ្ញុំចង់ស្លាប់នៅទីនេះ»។ លោកបេណាយ៉ាត្រឡប់ទៅដំណាក់ស្ដេចវិញ ហើយទូលស្ដេចតាមពាក្យដែលលោកយ៉ូអាប់ប្រាប់។
31
ព្រះរាជាមានរាជឱង្ការថា៖ «ចូរធ្វើតាមពាក្យគាត់ គឺសម្លាប់គាត់នៅនឹងកន្លែង ហើយបញ្ចុះសពនៅទីនោះទៅ។ ដូច្នេះ លោកធ្វើឲ្យយើង និងរាជវង្សរបស់យើង រួចផុតពីទោសពៃរ៍ចំពោះឃាតកម្ម ដែលលោកយ៉ូអាប់ប្រព្រឹត្តទៅលើជនស្លូតត្រង់។
32
ព្រះអម្ចាស់ ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមុខដាវ។
33
បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ ព្រះអម្ចាស់ ប្រោសប្រទានឲ្យរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ព្រះបាទដាវីឌ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅ»។
34
លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ក៏ទៅសម្លាប់លោកយ៉ូអាប់ ហើយបញ្ចុះសពក្នុងដីភូមិដែលជាកម្មសិទ្ធិរបស់លោកយ៉ូអាប់នៅវាលរហោស្ថាន។
35
ព្រះរាជាតែងតាំងលោកបេណាយ៉ា ជាមេទ័ពជំនួសលោកយ៉ូអាប់ ហើយតែងតាំងលោកសាដុកជាបូជាចារ្យ ជំនួសលោកអបៀថើរ។
36
ព្រះបាទសាឡូម៉ូនចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការទៅកាន់លោកថា៖ «លោកត្រូវសង់ផ្ទះមួយ នៅក្រុងយេរូសាឡឹម ហើយរស់នៅក្នុងផ្ទះនោះ តែមិនត្រូវចេញពីក្រុងឡើយ។
37
តោងដឹងថា ថ្ងៃណាមួយ ប្រសិនបើលោកហ៊ានឈានជើងចេញពីក្រុងនេះឆ្លងកាត់ជ្រោះកេដ្រូន នោះលោកមុខជាស្លាប់ ហើយលោកទទួលខុសត្រូវខ្លួនឯងចំពោះការស្លាប់នេះ»។
38
លោកស៊ីម៉ៃទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំនឹងធ្វើតាមរាជឱង្ការរបស់ព្រះករុណា»។ លោកស៊ីម៉ៃស្នាក់នៅក្រុងយេរូសាឡឹមយ៉ាងយូរ។
39
បីឆ្នាំក្រោយមក មានបាវបម្រើពីរនាក់របស់លោកស៊ីម៉ៃ រត់ភៀសខ្លួនទៅជ្រកកោននឹងស្ដេចអគីស ជាបុត្ររបស់ស្ដេចម៉ាកា នៅក្រុងកាថ។ មានគេប្រាប់លោកស៊ីម៉ៃថា បាវបម្រើរបស់គាត់រត់ទៅនៅក្រុងកាថ។
40
លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ លោកទាមទារយកបាវបម្រើពីស្ដេចអគីស នាំត្រឡប់មកវិញ។
41
មានគេទូលព្រះបាទសាឡូម៉ូនថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។
42
ព្រះរាជាក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការថា៖ «យើងបានឲ្យលោកស្បថ ក្នុងនាម ព្រះអម្ចាស់ ហើយយើងបានបញ្ជាក់ប្រាប់លោកថា ប្រសិនបើថ្ងៃណាមួយលោកចាកចេញពីទីក្រុង ទៅណាមកណា លោកមុខជាស្លាប់ពុំខាន។ លោកបានឆ្លើយមកយើងថា លោកយល់ព្រមធ្វើតាម។
43
ហេតុអ្វីបានជាលោកមិនគោរពតាមពាក្យដែលលោកបានស្បថក្នុងនាម ព្រះអម្ចាស់? ហេតុអ្វីបានជាលោកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់លោក?»។
44
ព្រះរាជាមានរាជឱង្ការទៀតថា៖ «តើលោកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងឬទេ? ព្រះអម្ចាស់ នឹងដាក់ទោសលោក តាមអំពើអាក្រក់ដែលលោកបានប្រព្រឹត្ត។
45
ប៉ុន្តែ យើងសាឡូម៉ូននឹងទទួលព្រះពរ ហើយរាជសម្បត្តិរបស់ព្រះបាទដាវីឌនឹងរឹងមាំ នៅចំពោះព្រះភ័ក្ត្រ ព្រះអម្ចាស់ រហូតតរៀងទៅ»។
46
ស្ដេចចេញបញ្ជាឲ្យលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ចេញទៅប្រហារជីវិតលោកស៊ីម៉ៃ។ រាជសម្បត្តិរបស់ព្រះបាទសាឡូម៉ូនក៏នៅស្ថិតស្ថេរយ៉ាងរឹងមាំ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22