bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
/
1 Samuel 17
1 Samuel 17
Khmer 2005 (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 18 →
1
ពួកភីលីស្ទីនប្រមូលផ្ដុំកងទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្ដុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-ដាំមីម ដែលនៅចន្លោះសូកូ និងអាសេកា។
2
រីឯព្រះបាទសូល និងទាហានអ៊ីស្រាអែល ក៏បានប្រមូលផ្ដុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។
3
ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រាអែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកងទ័ពទាំងពីរ។
4
មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកម្ពស់ប្រមាណបីម៉ែត្រ។
5
គាត់ពាក់មួកធ្វើពីលង្ហិន និងអាវក្រោះមានទម្ងន់ប្រមាណហាសិបប្រាំពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។
6
គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។
7
ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកីតម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូក្រាម។ មានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់។
8
គាត់ឈរ ហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចាំបាច់រៀបទ័ពច្បាំងដូច្នេះ? អញជាជនជាតិភីលីស្ទីន រីឯពួកឯងជាកញ្ជះរបស់ស្ដេចសូល។ ចូររើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញ។
9
ប្រសិនបើវាច្បាំងឈ្នះអញ ហើយសម្លាប់អញ នោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯង តែប្រសិនបើអញឈ្នះ ហើយសម្លាប់វាបាន ពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះ ហើយនៅបម្រើពួកអញវិញ»។
10
ទាហានភីលីស្ទីននោះនិយាយទៀតថា៖ «ថ្ងៃនេះ អញនឹងបំបាក់មុខពលទ័ពអ៊ីស្រាអែល! ចូរឲ្យម្នាក់ចេញមកប្រយុទ្ធគ្នាជាមួយអញមើល៍!»។
11
កាលព្រះបាទសូល និងប្រជាជនអ៊ីស្រាអែលទាំងមូល ឮពាក្យសម្ដីរបស់ទាហានភីលីស្ទីននោះ ក៏ញាប់ញ័រ ហើយភ័យខ្លាចជាខ្លាំង។
12
យុវជនដាវីឌជាកូនរបស់លោកអ៊ីសាយ ពីអំបូរអេប្រាតា ដែលរស់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ នៅជំនាន់ព្រះបាទសូល លោកមានវ័យចាស់ជរាណាស់ទៅហើយ។
13
កូនប្រុសច្បងទាំងបីរបស់លោក គឺ អេលាប អប៊ីណាដាប់ និងសាម៉ា បានចេញទៅច្បាំង រួមជាមួយព្រះបាទសូល
14
ហើយដាវីឌជាកូនពៅ។ ពេលបងៗទាំងបីចេញទៅជាមួយព្រះបាទសូលអស់ទៅ
15
ដាវីឌវិលត្រឡប់ទៅផ្ទះវិញ ដើម្បីឃ្វាលចៀមឲ្យឪពុកនៅភូមិបេថ្លេហិម។
16
កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសម្លុតពលទ័ពអ៊ីស្រាអែល ទាំងព្រឹក ទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។
17
ថ្ងៃមួយ លោកអ៊ីសាយមានប្រសាសន៍ទៅកាន់យុវជនដាវីឌ ជាកូនថា៖ «ចូរយកលាជមួយថង់ និងនំប៉័ងដប់ដុំនេះ ទៅឲ្យបងៗនៅកន្លែងបោះទ័ពយ៉ាងលឿន។
18
ចូរយកប្រូម៉ាស់ដប់ដុំនេះទៅជូនលោកមេទ័ពរបស់គេដែរ។ កូនត្រូវសួរសុខទុក្ខបងៗ ហើយយកអ្វីមួយជាសម្គាល់មកផង ដើម្បីបញ្ជាក់ថាពួកគេបានសេចក្ដីសុខហើយ។
19
ពួកគេស្ថិតនៅជាមួយព្រះបាទសូល និងពលទាហានអ៊ីស្រាអែលទាំងមូល នៅតាមជ្រលងភ្នំអេឡា ហើយកំពុងតែច្បាំងជាមួយពួកភីលីស្ទីន»។
20
យុវជនដាវីឌក្រោកពីព្រលឹម ទុកហ្វូងចៀមឲ្យគង្វាលម្នាក់មើលថែទាំ រួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅ តាមបង្គាប់របស់លោកអ៊ីសាយ។ ពេលដាវីឌទៅដល់កន្លែងបោះទ័ព ពលទាហានកំពុងរៀបទ័ព ដើម្បីប្រយុទ្ធ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។
21
ទាហានអ៊ីស្រាអែល និងទាហានភីលីស្ទីន រៀបទ័ពនៅប្រឈមមុខគ្នា ដើម្បីប្រយុទ្ធ។
22
ដាវីឌប្រគល់អីវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈ រួចរត់តម្រង់ទៅជួរទ័ពខាងមុខ។ ពេលទៅដល់ភ្លាម គាត់ជម្រាបសួរសុខទុក្ខបងៗ។
23
ពេលដាវីឌកំពុងតែសំណេះសំណាលជាមួយបងៗ ទាហានភីលីស្ទីន ឈ្មោះកូលីយ៉ាត ជាអ្នកក្រុងកាថ ចេញមកខាងមុខជួរទ័ពរបស់ខ្លួន ហើយស្រែកសួរពួកអ៊ីស្រាអែលនូវពាក្យដដែល ដាវីឌក៏បានឮពាក្យទាំងនោះដែរ។
24
កាលឃើញកូលីយ៉ាតចេញមក ទាហានអ៊ីស្រាអែលនាំគ្នារត់ប្រសេចប្រសាច ដ្បិតគេភ័យខ្លាចជាខ្លាំង។
25
ទាហានអ៊ីស្រាអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសម្លុតពលទ័ពអ៊ីស្រាអែលយើង! អ្នកណាសម្លាប់វាបាន ស្ដេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រាអែលដែរ»។
26
យុវជនដាវីឌសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រាអែល នឹងទទួលរង្វាន់អ្វី? ជនភីលីស្ទីនជាសាសន៍មិនកាត់ស្បែកនេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»។
27
ពួកទាហានឆ្លើយតាមពាក្យដែលស្ដេចបានសន្យាថា នឹងប្រទានចំពោះអ្នកដែលវាយឈ្នះជនភីលីស្ទីននោះ។
28
លោកអេលាប ជាបងបង្អស់ ឮដាវីឌនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងដាវីឌយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។
29
យុវជនដាវីឌឆ្លើយតបថា៖ «តើខ្ញុំមានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែសួរប៉ុណ្ណឹង មិនបានឬ!»។
30
ដាវីឌបែរចេញពីបង សួរទាហានម្នាក់ទៀតនូវសំណួរដដែលនោះ ពួកទាហានក៏ឆ្លើយតបមកវិញដូចពីមុនដែរ។
31
កាលពលទ័ពទាំងមូលឮពាក្យទាំងប៉ុន្មានដែលដាវីឌនិយាយ គេក៏នាំគ្នាទៅទូលព្រះបាទសូល ហើយស្ដេចឲ្យគេទៅហៅដាវីឌមក។
32
ដាវីឌទូលព្រះបាទសូលថា៖ «មិនត្រូវឲ្យនរណាម្នាក់បាក់ទឹកចិត្ត ដោយសារតែជនភីលីស្ទីននោះឡើយ! ទូលបង្គំជាអ្នកបម្រើរបស់ព្រះករុណា នឹងចេញទៅប្រយុទ្ធជាមួយវា»។
33
ស្ដេចសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចម្បាំងតាំងពីក្មេងម៉្លេះ»។
34
ដាវីឌទូលស្ដេចសូលថា៖ «ទូលបង្គំធ្លាប់ឃ្វាលចៀមរបស់ឪពុកទូលបង្គំ ពេលណាមានតោ ឬខ្លាឃ្មុំមកចាប់កូនចៀមនៅក្នុងហ្វូងនោះ
35
ទូលបង្គំចេញទៅតាមវាភ្លាម ទូលបង្គំបានវាយដណ្ដើមយកកូនចៀមពីមាត់របស់វាមកវិញ។ បើវាលោតសង្គ្រុបលើទូលបង្គំ ទូលបង្គំក៏ច្បាមពុកចង្កាវា បោកសម្លាប់តែម្ដង។
36
ជនភីលីស្ទីន ជាសាសន៍មិនកាត់ស្បែកនេះ នឹងត្រូវស្លាប់ដូចតោ ឬខ្លាឃ្មុំ ដែលទូលបង្គំបានសម្លាប់នោះជាមិនខាន ដ្បិតវាបំបាក់មុខកងទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ»។
37
ដាវីឌពោលបន្តទៀតថា៖ « ព្រះអម្ចាស់ តែងតែជួយទូលបង្គំឲ្យរួចពីក្រញាំតោ និងខ្លាឃ្មុំ ព្រះអង្គមុខជាជួយទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនភីលីស្ទីននេះមិនខាន»។ ឮដូច្នេះ ព្រះបាទសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «ទៅចុះ! សូម ព្រះអម្ចាស់ គង់ជាមួយអ្នក»។
38
ព្រះបាទសូលយកអាវសឹករបស់ខ្លួនផ្ទាល់មកបំពាក់ឲ្យដាវីឌ គឺទ្រង់យកមួកលង្ហិនមកបំពាក់លើក្បាលរបស់ដាវីឌ ព្រមទាំងបំពាក់អាវក្រោះឲ្យដែរ។
39
ដាវីឌយកដាវរបស់ព្រះបាទសូលមកស្ពាយលើអាវសឹក ហើយសាកល្បងដើរលមើល ព្រោះពុំដែលបានពាក់គ្រឿងសឹកដូច្នេះនៅឡើយ។ ប៉ុន្តែ ដាវីឌទូលព្រះបាទសូលថា៖ «ជាមួយគ្រឿងសឹកទាំងនេះ ទូលបង្គំដើរមិនរួចទេ ព្រោះទូលបង្គំពុំធ្លាប់ពាក់សោះ»។ ដាវីឌក៏ដោះគ្រឿងទាំងនោះចោល
40
ហើយយកដំបងមកកាន់ រើសក្រួសរលោងៗប្រាំគ្រាប់ពីក្នុងជ្រោះមកដាក់ក្នុងកូនថង់មួយ រួចដាក់ថង់យាម ព្រមទាំងកាន់ខ្សែដង្ហក់ ដើរឆ្ពោះទៅតទល់នឹងជនភីលីស្ទីន។
41
រីឯជនភីលីស្ទីននោះវិញ ក៏ដើរចូលមករកដាវីឌដែរ ដោយមានម្នាក់កាន់ខែលដើរពីមុខ។
42
ពេលជនភីលីស្ទីនក្រឡេកមើលមកដាវីឌ វាមើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។
43
ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។
44
វាពោលមកកាន់ដាវីឌថា៖ «មកជិតអញមក៍! អញនឹងយកសាច់ឯងឲ្យត្មាត និងសត្វសាហាវស៊ី!»។
45
ដាវីឌឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្ន មកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាម ព្រះអម្ចាស់ នៃពិភពទាំងមូល ជាព្រះនៃពលទ័ពអ៊ីស្រាអែល ដែលឯងបានបំបាក់មុខ។
46
ថ្ងៃនេះ ព្រះអម្ចាស់ ប្រគល់ឯងមកក្នុងកណ្ដាប់ដៃអញ អញនឹងប្រហារឯង ព្រមទាំងកាត់កឯងទៀតផង។ ថ្ងៃនេះ អញក៏យកខ្មោចទាហានភីលីស្ទីនទៅឲ្យត្មាត និងសត្វសាហាវស៊ីដែរ។ ដូច្នេះ ប្រជាជនទាំងអស់នៅលើផែនដីនឹងដឹងថា អ៊ីស្រាអែលមានព្រះជាម្ចាស់ជួយការពារ។
47
សហគមន៍នៃជនជាតិអ៊ីស្រាអែលទាំងមូលនឹងដឹងថា ព្រះអម្ចាស់ ប្រទានឲ្យយើងមានជ័យជម្នះ ពុំមែនដោយដាវ ឬលំពែងទេ ដ្បិត ព្រះអម្ចាស់ ច្បាំងជំនួសយើង ព្រះអង្គនឹងប្រគល់ពួកឯងមកក្នុងកណ្ដាប់ដៃរបស់ពួកយើង»។
48
ពេលនោះ ជនភីលីស្ទីនដើរតម្រង់ចូលមករកដាវីឌ ដាវីឌក៏រត់យ៉ាងលឿនទៅតទល់នឹងវា។
49
ដាវីឌលូកដៃក្នុងកូនថង់យ៉ាងរហ័ស យកក្រួសមួយគ្រាប់មកដាក់នឹងខ្សែដង្ហក់ បាញ់ចំថ្ងាសជនភីលីស្ទីននោះ។ គ្រាប់ក្រួសធ្លុះចូលក្នុងថ្ងាសរបស់ជនភីលីស្ទីន វាក៏ដួលផ្កាប់មុខ។
50
ដាវីឌវាយឈ្នះជនភីលីស្ទីន ដោយសារខ្សែដង្ហក់ និងក្រួសមួយគ្រាប់។ ដាវីឌប្រហារជនភីលីស្ទីននោះ ដោយឥតប្រើដាវឡើយ។
51
ដាវីឌរត់ចូលទៅជិតជនភីលីស្ទីន ហើយហូតដាវរបស់វាពីស្រោមសម្លាប់វា ហើយកាត់កផង។ ពេលកងទ័ពភីលីស្ទីនឃើញវីរជនរបស់ខ្លួនស្លាប់ដូច្នេះ ពួកគេនាំគ្នារត់អស់ទៅ។
52
កងទ័ពអ៊ីស្រាអែល និងកងទ័ពយូដា ក៏ស្ទុះឡើង នាំគ្នាស្រែកហ៊ោ ហើយដេញតាមពួកភីលីស្ទីនរហូតដល់ច្រកចូលជ្រលងភ្នំ និងរហូតដល់មាត់ទ្វារក្រុងអេក្រូន។ សាកសពរបស់ពួកភីលីស្ទីនដេកដួល ហូរហែតាមផ្លូវទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រូន។
53
ក្រោយពីបានដេញតាមពួកភីលីស្ទីនរួចហើយ កងទ័ពអ៊ីស្រាអែលវិលមកប្រមូលយកជយភណ្ឌក្នុងកន្លែងបោះទ័ពរបស់ពួកភីលីស្ទីន។
54
ដាវីឌយកក្បាលជនភីលីស្ទីននោះមកក្រុងយេរូសាឡឹម ហើយយកគ្រឿងសស្ត្រាវុធរបស់វាមកទុកក្នុងតង់ត៍របស់ខ្លួន។
55
កាលព្រះបាទសូលឃើញដាវីឌចេញទៅច្បាំងតទល់នឹងជនភីលីស្ទីន ទ្រង់ក៏សួរលោកអប៊ីនើរ ជាមេទ័ពថា៖ «អប៊ីនើរ! តើក្មេងនោះជាកូនអ្នកណា?»។ លោកអប៊ីនើរទូលតបវិញថា៖ «ព្រះករុណាថ្លៃវិសេស ទូលបង្គំមិនដឹងទាល់តែសោះ»។
56
ស្ដេចបញ្ជាថា៖ «សូមលោកសាកសួរមើល យុវជននោះជាកូនរបស់អ្នកណា?»។
57
ក្រោយពីបានសម្លាប់ជនភីលីស្ទីននោះហើយ ដាវីឌវិលមកវិញ។ លោកអប៊ីនើរនាំគាត់ចូលទៅគាល់ព្រះបាទសូល ពេលនោះ ដាវីឌកាន់ក្បាលជនភីលីស្ទីនទៅជាមួយផង។
58
ស្ដេចមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ! តើអ្នកជាកូននរណា?»។ ដាវីឌទូលថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយ ជាអ្នកបម្រើរបស់ព្រះករុណា នៅភូមិបេថ្លេហិម»។
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31