bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2012 (Khmer Christian Bible)
/
Hebrews 9
Hebrews 9
Khmer 2012 (Khmer Christian Bible)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
នៅក្នុងកិច្ចព្រមព្រៀងមុន មានក្បួនតម្រាសម្រាប់ការបម្រើ ហើយក៏មានទីបរិសុទ្ធនៅលោកិយ៍នេះដែរ។
2
ដ្បិតពួកគេសង់រោង ហើយនៅផ្នែកខាងមុខដែលគេហៅថា ទីបរិសុទ្ធនោះ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ។
3
រីឯនៅខាងក្រោយវាំងននទីពីរ មានផ្នែកមួយទៀតដែលហៅថាទីបរិសុទ្ធបំផុត
4
នៅទីនោះមានឧបករណ៍សម្រាប់ដុតគ្រឿងក្រអូបធ្វើអំពីមាស និងហិបនៃកិច្ចព្រមព្រៀងដែលស្រោបមាសជុំវិញទាំងអស់ ហើយនៅក្នុងហិបនោះមានពានមាសមួយដាក់នំម៉ាណា ព្រមទាំងដំបងរបស់លោកអើរ៉ុនដែលមានស្លឹកដុះចេញមក និងបន្ទះថ្មនៃកិច្ចព្រមព្រៀង
5
ហើយពីលើហិបនោះ មានរូបចេរ៉ូប៊ីនដ៏មានសិរីរុងរឿងបាំងពីលើទីសណ្ដោសប្រោស ប៉ុន្ដែនៅពេលនេះ យើងមិនអាចនិយាយអំពីរឿងទាំងនេះឲ្យបានល្អិតល្អន់ទេ។
6
ពេលរបស់ទាំងនេះបានរៀបចំរួចរាល់ហើយ ពួកសង្ឃក៏ចូលទៅក្នុងរោងផ្នែកខាងមុខ ដើម្បីធ្វើការបម្រើ
7
ប៉ុន្ដែនៅផ្នែកទីពីរ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលបានក្នុងមួយឆ្នាំម្ដង ដោយមានឈាមដែលគាត់ត្រូវថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់បាបរបស់ប្រជាជន។
8
ព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញឲ្យឃើញអំពីការនេះថា ដរាបណាផ្នែកខាងមុខនៃរោងនៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏ពុំទាន់បើកចំហដែរ។
9
នេះគឺជាការប្រៀបប្រដូចអំពីបច្ចុប្បន្នកាល ដែលការថ្វាយតង្វាយ និងយញ្ញបូជាពុំអាចធ្វើឲ្យមនសិការរបស់អ្នកបម្រើគ្រប់លក្ខណ៍បានឡើយ។
10
ទាំងនោះគ្រាន់តែជាក្បួនតម្រាខាងសាច់ឈាមអំពីម្ហូបអាហារ ភេសជ្ជៈ និងការលាងសំអាតផ្សេងៗប៉ុណ្ណោះដែលបានប្រើរហូតដល់ពេលដែលមានការកែប្រែឡើងវិញ។
11
កាលព្រះគ្រិស្ដបានយាងមកធ្វើជាសម្ដេចសង្ឃខាងឯសេចក្ដីល្អដែលត្រូវមក ព្រះអង្គបានយាងកាត់រោងដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើឡើងដោយដៃមនុស្សទេ ហើយក៏មិនមែនជារបស់ពិភពលោកនេះដែរ។
12
ព្រះអង្គមិនបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ តែបានយកឈាមរបស់ព្រះអង្គផ្ទាល់ចូលក្នុងទីបរិសុទ្ធបំផុតតែម្ដងជាការស្រេច ទាំងទទួលបានសេចក្ដីប្រោសលោះដ៏អស់កល្បជានិច្ច។
13
ដ្បិតបើឈាមគោឈ្មោល ឈាមពពែឈ្មោល និងផេះគោក្រមុំ ដែលគេប្រោះលើពួកអ្នកស្មោកគ្រោកធ្វើឲ្យអ្នកទាំងនោះបរិសុទ្ធ ហើយធ្វើឲ្យសាច់ឈាមជ្រះស្អាតទៅហើយ
14
នោះឈាមរបស់ព្រះគ្រិស្ដដែលបានថ្វាយអង្គទ្រង់ទុកជាតង្វាយដ៏ឥតសៅហ្មងដល់ព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ចវិញ កាន់តែធ្វើឲ្យមនសិការរបស់យើងស្អាតពីកិច្ចការខាងឯសេចក្ដីស្លាប់ទៅទៀត ដើម្បីឲ្យបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់
15
ហេតុនេះហើយបានជាព្រះអង្គជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅទទួលបានមរតកដ៏អស់កល្បជានិច្ចដែលបានសន្យា ដោយព្រះអង្គសោយទិវង្គត ដើម្បីលោះគេឲ្យរួចពីការល្មើសទាំងឡាយដែលបានប្រព្រឹត្តកាលនៅក្រោមកិច្ចព្រមព្រៀងមុន។
16
ដ្បិតទីណាមានបណ្ដាំមរតក ទីនោះត្រូវតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលសរសេរបណ្ដាំបានស្លាប់ហើយ
17
ដ្បិតបណ្ដាំមរតកអាចយកជាការបាន លុះត្រាតែអ្នកសរសេរបានស្លាប់ហើយ ប៉ុន្ដែពេលអ្នកសរសេរនៅរស់នៅឡើយ បណ្ដាំនោះមិនអាចយកជាការបានទេ
18
ដូច្នេះហើយ កិច្ចព្រមព្រៀងមុនក៏មិនអាចយកជាការបានដែរ បើគ្មានឈាម។
19
ដ្បិតពេលលោកម៉ូសេបានប្រកាសប្រាប់ប្រជាជនទាំងអស់អំពីបញ្ញត្ដិទាំងឡាយស្របតាមគម្ពីរវិន័យរួចហើយ គាត់ក៏យករោមចៀមពណ៌ក្រហមទុំ និងស្លឹកហ៊ីសុបមកជ្រលក់នៅក្នុងឈាមកូនគោ ឈាមពពែ និងទឹក ហើយប្រោះលើគម្ពីរ និងប្រជាជនទាំងអស់
20
ទាំងនិយាយថា នេះជាឈាមនៃកិច្ចព្រមព្រៀងដែលព្រះជាម្ចាស់បានបង្គាប់មកអ្នករាល់គ្នា។
21
បន្ទាប់មក គាត់ក៏ប្រោះឈាមបែបដូច្នោះដែរ ទៅលើរោង និងទៅលើឧបករណ៍ទាំងអស់សម្រាប់ការបម្រើ។
22
ស្របតាមគម្ពីរវិន័យ អ្វីៗស្ទើរតែទាំងអស់បានស្អាតដោយសារឈាម ហើយបើគ្មានការបង្ហូរឈាមទេ នោះក៏គ្មានការលើកលែងទោសដែរ។
23
ដូច្នេះ ចាំបាច់ត្រូវឲ្យគំរូនៃអ្វីៗ ដែលនៅស្ថានសួគ៌មានការសំអាតដោយពិធីទាំងនេះ ប៉ុន្ដែអ្វីៗដែលនៅស្ថានសួគ៌នោះត្រូវសំអាតដោយយញ្ញបូជាដ៏ប្រសើរជាងនេះ
24
ដ្បិតព្រះគ្រិស្ដមិនបានយាងចូលក្នុងទីបរិសុទ្ធដែលធ្វើឡើងដោយដៃមនុស្ស ដែលគ្រាន់តែជារូបតំណាងនៃរបស់ពិតប៉ុណ្ណោះទេ គឺព្រះអង្គបានយាងចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញអង្គទ្រង់ជំនួសយើងនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់នៅពេលឥឡូវនេះ។
25
ព្រះអង្គមិនបានថ្វាយអង្គទ្រង់ជាច្រើនលើក ដូចជាសម្ដេចសង្ឃដែលចូលក្នុងទីបរិសុទ្ធបំផុតជារៀងរាល់ឆ្នាំដោយយកឈាមដែលមិនមែនជារបស់ខ្លួនឯងនោះឡើយ
26
ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។
27
មនុស្សត្រូវកំណត់ឲ្យស្លាប់មួយដង ហើយបន្ទាប់មកត្រូវជាប់ជំនុំជម្រះជាយ៉ាងណា
28
ព្រះគ្រិស្ដក៏ថ្វាយអង្គទ្រង់តែមួយដង ដើម្បីដកយកបាបចេញពីមនុស្សជាច្រើនជាយ៉ាងនោះដែរ ព្រះអង្គនឹងបង្ហាញខ្លួនជាលើកទីពីរ ប៉ុន្ដែគ្មានការដកយកបាបទៀតទេ គឺសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13