bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Nehemiah 13
Nehemiah 13
Khmer 2014 (អាល់គីតាប)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
1
នៅគ្រានោះ ពេលអានគីតាបហ៊ូកុំរបស់ណាពីម៉ូសា នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថា ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុមជំអះរបស់អុលឡោះជាដាច់ខាត
2
ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជនជាតិអ៊ីស្រអែលទេ។ ជនជាតិម៉ូអាប់បានសូកបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រអែល។ ប៉ុន្តែ អុលឡោះជាម្ចាស់របស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាពរវិញ។
3
ពេលឮហ៊ូកុំនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។
4
មុនពេលនោះ គេតែងតាំងអ៊ីមុាំអេលីយ៉ាស៊ីប ឲ្យមើលខុសត្រូវបន្ទប់នានាក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។ ដោយគាត់ត្រូវជាសាច់ញាតិរបស់លោកថូប៊ីយ៉ា
5
គាត់បានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់ជំនូនម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ម៉ាស្ជិទ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាជំនូនមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចំរៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមអ៊ីមុាំ។
6
ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅជួបស្តេចអើថាស៊ើកសេស ជាស្តេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្តេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលការអនុនុញ្ញាត
7
វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាដំណាក់របស់អុលឡោះជាម្ចាស់ សម្រាប់លោកថូប៊ីយ៉ា។
8
ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំក៏ឲ្យគេយកសម្ភារៈទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់លោកថូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់
9
ខ្ញុំឲ្យគេធ្វើពិធីជម្រះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃដំណាក់អុលឡោះជាម្ចាស់ ជំនូន និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។
10
ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចំរៀងដែលត្រូវបំពេញមុខងារនៅក្នុងដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។
11
ខ្ញុំស្តីបន្ទោសពួកអ្នកគ្រប់គ្រងថា «ហេតុអ្វីបានជាអស់លោកបោះបង់ចោលដំណាក់របស់អុលឡោះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និងក្រុមចំរៀង ឲ្យមកបំពេញមុខងាររបស់ខ្លួនវិញ។
12
ពេលនោះ ប្រជាជនយូដាទាំងមូលយកស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ដែលជាជំនូនមួយភាគដប់មកដាក់ក្នុងឃ្លាំង។
13
ខ្ញុំបានប្រគល់ភារកិច្ចមើលខុសត្រូវឃ្លាំងទៅលោកសេលេមា ជាអ៊ីមុាំ លោកសាដុក ជាបណ្ឌិតខាងហ៊ូកុំ និងលោកពេដាយ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណាន ជាកូនរបស់លោកសាគើរ និងជាចៅរបស់លោកម៉ាថានា ធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថាលោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះ ពួកគេមានភារកិច្ចចែករបបឲ្យបងប្អូនរបស់ខ្លួន។
14
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីការដែលខ្ញុំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលខ្ញុំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ ចំពោះដំណាក់របស់ទ្រង់ និងឲ្យប្រជាជនធ្វើពិធីគោរពបម្រើទ្រង់។
15
នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដា នាំគ្នាគាបផ្លែទំពាំងបាយជូរ នៅថ្ងៃឈប់សម្រាក ហើយខ្ញុំក៏ឃើញគេដឹកកណ្ដាប់ស្រូវ ដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និងរបស់ឯទៀតៗ លើខ្នងលា នាំចូលមកក្រុងយេរូសាឡឹម នៅថ្ងៃឈប់សម្រាក។ ខ្ញុំព្រមានពួកគេកុំឲ្យលក់ដូរអ្វីនៅថ្ងៃនោះ។
16
មានអ្នកក្រុងទីរ៉ុសខ្លះដែលរស់នៅក្រុងយេរូសាឡឹម តែងតែដឹកត្រី និងទំនិញគ្រប់យ៉ាង មកលក់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម នៅថ្ងៃឈប់សម្រាក។
17
ខ្ញុំបន្ទោសពួកអភិជននៃស្រុកយូដាថា៖ «ម្ដេចក៏អស់លោកប្រព្រឹត្តអំពើអាក្រក់ ដោយរំលោភលើថ្ងៃឈប់សម្រាកដូច្នេះ?
18
អុលឡោះជាម្ចាស់បានធ្វើឲ្យទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និងក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញ អស់លោករំលោភលើថ្ងៃឈប់សម្រាកដូច្នេះ តើអស់លោកចង់ធ្វើឲ្យកំហឹងរបស់ទ្រង់ ឆាបឆេះលើជនជាតិអ៊ីស្រអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។
19
បន្ទាប់មក ខ្ញុំបញ្ជាឲ្យគេខ្ទាស់ទ្វារក្រុង នៅល្ងាចផ្ដើមថ្ងៃឈប់សម្រាក ហើយខ្ញុំប្រាប់ឲ្យគេបើកទ្វារវិញ ក្រោយថ្ងៃឈប់សម្រាក។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួនឲ្យយាមមាត់ទ្វារក្រុង ដើម្បីកុំឲ្យនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃឈប់សម្រាកឡើយ។
20
ដូច្នេះ អ្នកជំនួញ និងអ្នកលក់ដូរទំនិញគ្រប់យ៉ាង ត្រូវតែនៅខាងក្រៅក្រុងយេរូសាឡឹម មួយយប់ ឬពីរយប់។
21
ខ្ញុំព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានៅខាងមុខកំពែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នាធ្វើបែបនេះទៀត ខ្ញុំនឹងចាប់ខ្លួនអ្នករាល់គ្នាជាមិនខាន»។ ចាប់ពីពេលនោះ ពួកគេលែងធ្វើដំណើរមកក្រុងយេរូសាឡឹម នៅថ្ងៃឈប់សម្រាកទៀតហើយ។
22
ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
23
នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួន រៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌ ស្ត្រីសាសន៍អាំម៉ូន និងស្ត្រីសាសន៍ម៉ូអាប់។
24
កូនរបស់ពួកគេចំនួនពាក់កណ្ដាលនិយាយភាសាអាសដូឌ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជនជាតិដទៃប៉ុណ្ណោះ។
25
ខ្ញុំបានស្តីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងនាមអុលឡោះជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។
26
ព្រោះតែបញ្ហានេះហើយដែលស្តេចស៊ូឡៃម៉ាន ជាស្តេចស្រុកអ៊ីស្រអែល បានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្តេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្តេចណាមួយដូចស្តេចស៊ូឡៃម៉ានទេ។ អុលឡោះជាម្ចាស់ស្រឡាញ់ស្តេចស៊ូឡៃម៉ាន ទ្រង់បានតែងតាំងគាត់ឲ្យគ្រងរាជ្យលើជនជាតិអ៊ីស្រអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃអូសទាញគាត់ឲ្យប្រព្រឹត្តអំពើបាប។
27
ដូច្នេះ យើងមិនចង់ឮដំណឹងថា អ្នករាល់គ្នាផ្ទាល់ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងអុលឡោះជាម្ចាស់នៃយើង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយ»។
28
លោកយ៉ូយ៉ាដាជាកូនរបស់មូស្ទីអេលីយ៉ាស៊ីប មានកូនប្រុសម្នាក់ត្រូវជាកូនប្រសារបស់លោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម។ ខ្ញុំបានដេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
29
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីអ្នកទាំងនោះ ដែលបានធ្វើឲ្យមុខងាររបស់ខ្លួនជាអ៊ីមុាំទៅជាសៅហ្មង ហើយធ្វើឲ្យសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយក្រុមអ៊ីមុាំ និងក្រុមលេវី ទៅជាស្មៅហ្មងដែរ។
30
ខ្ញុំបានជម្រះពួកគេឲ្យដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញហ៊ូកុំឲ្យក្រុមអ៊ីមុាំ និងក្រុមលេវី អនុវត្ត ស្របតាមមុខងាររបស់ខ្លួន។
31
ខ្ញុំបានចាត់ចែងឲ្យប្រជាជនយកអុសមកជូនតាមពេលកំណត់ ព្រមទាំងជំនូនដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីខ្ញុំ ហើយប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តសន្ដោសផង៕
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13