bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2014 (អាល់គីតាប)
/
Nehemiah 9
Nehemiah 9
Khmer 2014 (អាល់គីតាប)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
1
នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជនជាតិអ៊ីស្រអែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួបជុំគ្នាធ្វើពិធីតមអាហារ។
2
អស់អ្នកដែលជាពូជពង្សអ៊ីស្រអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។
3
បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គីតាបហ៊ូកុំរបស់ អុលឡោះតាអាឡា ជាម្ចាស់នៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយបង្គំ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ។
4
លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូរអាអង្វរ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។
5
បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើង អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។ «អុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំសូមលើកតម្កើង នាមដ៏រុងរឿងរបស់ទ្រង់ ជានាមប្រសើរលើសអ្វីៗទាំងអស់ ដែលពុំអាចរកពាក្យមកថ្លែង ដើម្បីលើកតម្កើង និងសរសើរបាន!
6
មានតែ អុលឡោះតាអាឡា ទេដែលជាម្ចាស់ ទ្រង់បានបង្កើតផ្ទៃមេឃ ព្រមទាំងផ្ទៃមេឃដ៏ខ្ពស់បំផុត និងផ្កាយទាំងប៉ុន្មានដែលស្ថិតនៅលើមេឃ ទ្រង់ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ ទ្រង់ប្រទានជីវិតដល់អ្វីៗសព្វសារពើ ហ្វូងតារាទាំងអស់នៅលើមេឃ នាំគ្នាក្រាបថ្វាយបង្គំទ្រង់
7
ឱ អុលឡោះតាអាឡា ជាម្ចាស់អើយ! គឺទ្រង់ហើយ ដែលបានជ្រើសរើសលោកអាប់រ៉ាម និងនាំគាត់ចេញពីក្រុងអ៊ើរ នៅស្រុកខាល់ដេ ហើយទ្រង់ប្រទាននាមគាត់ថាអ៊ីព្រហ៊ីម។
8
ទ្រង់ឈ្វេងយល់គាត់មាន ចិត្តស្មោះត្រង់នឹងទ្រង់ ទ្រង់ក៏បានចងសម្ពន្ធមេត្រីជាមួយគាត់ ដើម្បីប្រគល់ទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស និងជនជាតិគើកាស៊ី ឲ្យពូជពង្សរបស់គាត់។ ទ្រង់បានធ្វើតាមបន្ទូលសន្យា ដ្បិតទ្រង់ជាម្ចាស់ដ៏សុចរិត។
9
ទ្រង់ឃើញទុក្ខវេទនានៃបុព្វបុរស របស់យើងខ្ញុំនៅស្រុកអេស៊ីប ទ្រង់បានឮសំរែករបស់ពួកគេ នៅក្បែរសមុទ្រក្រហម។
10
ទ្រង់បានសំដែងទីសំគាល់ និងអំណាចផ្សេងៗ ប្រឆាំងនឹងស្ដេចហ្វៀរ៉អ៊ូន ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច និងប្រជាជននៅស្រុកអេស៊ីបទាំងមូល ដ្បិតទ្រង់ជ្រាបថា គេមានចិត្តកោងកាច ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ ទ្រង់បានធ្វើឲ្យនាមរបស់ទ្រង់ ល្បីល្បាញរហូតដល់សព្វថ្ងៃ។
11
ទ្រង់បានញែកទឹកសមុទ្រចេញពីគ្នា នៅចំពោះមុខបុព្វបុរសរបស់យើង ពួកគេដើរកាត់បាតសមុទ្រ ប៉ុន្តែ ទ្រង់បានទម្លាក់អស់អ្នកដែល ដេញតាមពីក្រោយពួកគេ ទៅក្នុងទីជម្រៅ ដូចដុំថ្មដែលគេបោះទៅក្នុងមហាសាគរ។
12
នៅពេលថ្ងៃ ទ្រង់ដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់បំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
13
ទ្រង់ចុះមកលើភ្នំស៊ីណៃ ទ្រង់មានបន្ទូលពីលើមេឃ មកពួកគេ ហើយប្រទានហ៊ូកុំដ៏ត្រឹមត្រូវ ជាការពិត ព្រមទាំងច្បាប់ និងបទបញ្ជាផ្សេងៗមកឲ្យពួកគេ។
14
ទ្រង់ប្រទានឲ្យពួកគេស្គាល់ ថ្ងៃឈប់សម្រាកដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ហ៊ូកុំមកពួកគេ តាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
15
នៅពេលដែលពួកគេឃ្លាន ទ្រង់ប្រទាន អាហារពីលើមេឃមកឲ្យពួកគេ នៅពេលដែលពួកគេស្រេកទឹក ទ្រង់ធ្វើឲ្យមានទឹកហូរចេញពីថ្មដា។ ទ្រង់បញ្ជាពួកគេឲ្យចូល ទៅកាន់កាប់ទឹកដីដែលទ្រង់បានសន្យា យ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យពួកគេ។
16
ប៉ុន្តែ ដូនតារបស់យើងខ្ញុំមានអំនួត និងមានចិត្តរឹងចចេស ពុំព្រមស្ដាប់តាមបទបញ្ជារបស់ទ្រង់ទេ។
17
ពួកគេបដិសេធមិនព្រមស្ដាប់បង្គាប់ ហើយបំភ្លេចការអស្ចារ្យទាំងប៉ុន្មាន ដែលទ្រង់បានធ្វើ ដើម្បីជួយពួកគេ។ ពួកគេបានតាំងចិត្តរឹងចចេស ហើយបះបោរ ពួកគេបានតែងតាំងមេដឹកនាំម្នាក់ ចង់វិលទៅរកទាសភាពវិញ។ ប៉ុន្តែ ទ្រង់ជាម្ចាស់ដែលតែងតែអត់ទោស ទ្រង់ប្រកបដោយចិត្ត អាណិតអាសូរ និងប្រណីសន្ដោស ទ្រង់មានចិត្តអត់ធ្មត់ និងពោរពេញដោយចិត្តមេត្តាករុណា ទ្រង់មិនបោះបង់ចោលពួកគេឡើយ។
18
ទោះបីពួកគេសិតរូបកូនគោមួយ ទាំងពោលថា “នេះនែ៎ ព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប!” ហើយទោះបីពួកគេបានប្រមាថ ទ្រង់ខ្លាំងយ៉ាងណាក្ដី
19
ក៏ទ្រង់ពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះទ្រង់មានចិត្តអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ទ្រង់នៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់នៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
20
ទ្រង់ប្រទានរសដ៏ល្អ របស់ទ្រង់ មកពួកគេ ដើម្បីឲ្យពួកគេចេះគិតពិចារណា ទ្រង់ប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ព្រមទាំងប្រទានទឹកឲ្យពួកគេ មិនដែលអាក់ខានឡើយ។
21
ក្នុងអំឡុងពេលសែសិបឆ្នាំ ទ្រង់បានផ្គត់ផ្គង់អ្វីៗទាំងអស់ ដែលពួកគេត្រូវការនៅវាលរហោស្ថាន ពួកគេមិនដែលខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេមិនរេចរឹល ហើយជើងរបស់ពួកគេក៏មិនហើមដែរ។
22
ទ្រង់បានប្រគល់ទឹកដីរបស់នគរ និងជាតិសាសន៍នានាដែលនៅជិតខាង មកឲ្យពួកគេកាន់កាប់។ ពួកគេដណ្ដើមយកបានទឹកដីរបស់ស្តេចស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ស្តេចអុក ជាស្ដេចស្រុកបាសាន។
23
ទ្រង់បានធ្វើឲ្យកូនចៅរបស់ពួកគេ កើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ ហើយទ្រង់នាំពួកគេចូលទៅចាប់យកទឹកដី ដែលទ្រង់សន្យាដល់បុព្វបុរសរបស់ពួកគេ ថានឹងឲ្យពួកគេកាន់កាប់។
24
កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដី ទ្រង់បានបង្ក្រាបជនជាតិកាណាន ជាអ្នកស្រុកនោះ នៅមុខពួកគេ ទ្រង់បានប្រគល់ជនជាតិនោះ ទាំងស្ដេច ទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេ ដើម្បីឲ្យពួកគេប្រព្រឹត្តតាមអំពើចិត្ត។
25
ពួកគេដណ្ដើមយកក្រុង ដែលមានកំពែងរឹងមាំ និងទឹកដីដែលមានជីជាតិល្អ។ ពួកគេចាប់យកបានផ្ទះ ដែលមានពេញដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ព្រមទាំងអណ្ដូងទឹក ចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងដើមឈើស៊ីផ្លែគ្រប់មុខ យ៉ាងច្រើនបរិបូណ៌។ ពួកគេបរិភោគឆ្អែត មានសាច់មានឈាម ហើយរស់នៅយ៉ាងសប្បាយ ដោយសារចិត្តសប្បុរសដ៏ធំធេង របស់ទ្រង់។
26
ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ ប្រឆាំងនឹងទ្រង់ ពួកគេបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ហើយសម្លាប់ពួកណាពី ដែលដាស់តឿនពួកគេឲ្យបែរចិត្ត មករកទ្រង់វិញ ពួកគេនាំគ្នាប្រមាថទ្រង់យ៉ាងខ្លាំង។
27
ពេលនោះ ទ្រង់ក៏ប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់បច្ចាមិត្ត ហើយបច្ចាមិត្តជិះជាន់សង្កត់សង្កិនពួកគេ។ ពេលមានអាសន្ន ពួកគេស្រែកអង្វរទ្រង់ ទ្រង់ស្ដាប់ពួកគេពីសូរ៉កា ហើយអាណិតអាសូរពួកគេយ៉ាងខ្លាំង ទ្រង់ប្រទានអ្នករំដោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃ របស់បច្ចាមិត្ត។
28
ពេលបានសុខក្សេមក្សាន្ត ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងទ្រង់សាជាថ្មី ទ្រង់ក៏បោះបង់ចោលពួកគេ ឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ខ្មាំងសត្រូវក៏ជិះជាន់សង្កត់សង្កិនពួកគេ។ ពេលនោះ ពួកគេស្រែកអង្វរទ្រង់សាជាថ្មី ទ្រង់ស្ដាប់ពួកគេពីសូរ៉កា ទ្រង់អាណិតអាសូរពួកគេយ៉ាងខ្លាំង ហើយទ្រង់សង្គ្រោះពួកគេ ជាច្រើនលើកច្រើនសា។
29
ទ្រង់បានដាស់តឿនពួកគេឲ្យវិលមក កាន់តាមហ៊ូកុំរបស់ទ្រង់វិញ តែពួកគេមានចិត្តរឹងចចេស មិនព្រមស្ដាប់តាមបទបញ្ជារបស់ទ្រង់ទេ។ វិន័យរបស់ទ្រង់តែងតែផ្ដល់ជីវិត ឲ្យមនុស្សដែលប្រតិបត្តិតាម ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុស នឹងវិន័យទាំងនេះវិញ។ ពួកគេមានចិត្តមានះ និងរឹងចចេស មិនព្រមស្ដាប់បង្គាប់ឡើយ។
30
ទ្រង់ទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ទ្រង់ប្រទានរសរបស់ទ្រង់ឲ្យមក រំលឹកដាស់តឿនពួកគេ តាមរយៈពួកណាពី ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ ដូច្នេះ ទ្រង់ក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
31
ដោយទ្រង់អាណិតអាសូរពួកគេយ៉ាងខ្លាំង ទ្រង់មិនលុបបំបាត់ពួកគេ ឬបោះបង់ចោលពួកគេឡើយ ដ្បិតទ្រង់ជាម្ចាស់ដែលមានចិត្ត ប្រណីសន្ដោស និងអាណិតអាសូរ។
32
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ប្រកបដោយអំណាចគួរឲ្យស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយមានចិត្តមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាមើលមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ ណាពីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ទ្រង់ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។
33
ហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានដល់យើងខ្ញុំបញ្ជាក់ថា ទ្រង់ប្រព្រឹត្តចំពោះយើងខ្ញុំ ដោយយុត្តិធម៌ និងសុចរិតមែន ព្រោះយើងខ្ញុំបានធ្វើអំពើអាក្រក់។
34
ស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ ពុំប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់ ហើយពួកគេក៏ពុំយកចិត្តទុកដាក់នឹងបទបញ្ជា ឬការព្រមានផ្សេងៗ ដែលទ្រង់មានបន្ទូលមកកាន់ពួកគេដែរ។
35
នៅគ្រាដែលគេរស់ក្នុងនគររបស់ខ្លួន ទ្រង់ប្រទានឲ្យពួកគេមានអ្វីៗគ្រប់យ៉ាង ដ៏សម្បូណ៌សប្បាយ ក្នុងទឹកដីដ៏ទូលំទូលាយ និងមានជីជាតិល្អ ពួកគេពុំព្រមគោរពបម្រើទ្រង់ទេ ហើយក៏ពុំព្រមងាកចេញពីអំពើអាក្រក់ របស់ខ្លួនដែរ។
36
ថ្ងៃនេះ យើងខ្ញុំបានធ្លាក់ខ្លួនជាទាសករ! យើងខ្ញុំធ្វើជាទាសករក្នុងស្រុក ដែលទ្រង់ប្រទានឲ្យបុព្វបុរសរបស់យើងខ្ញុំ ដើម្បីឲ្យពួកគេបរិភោគផលផ្លែ និងទទួលភោគទ្រព្យនៅក្នុងស្រុក!
37
ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះ បែរជាបម្រុងទុកសម្រាប់ស្ដេចនានា ដែលទ្រង់ឲ្យយើងខ្ញុំធ្វើជាចំណុះ ព្រោះតែអំពើបាបរបស់យើងខ្ញុំ។ គេត្រួតត្រាលើរូបកាយយើងខ្ញុំ និងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ យើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
38
ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងអ៊ីមុាំ។
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13