bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Daniel 3
Daniel 3
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
1
ព្រះបាទនេប៊ូក្នេសាបានធ្វើរូបបដិមាករមួយពីមាស មានកម្ពស់ហុកសិបហត្ថ ទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
2
បន្ទាប់មក ព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។
3
ដូច្នេះ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន ក៏បានមកជួបគ្នា ដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ កាលគេកំពុងឈរនៅមុខរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង
4
មានម្នាក់ស្រែកប្រកាសយ៉ាងខ្លាំងថា៖ «ម្នាលប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ ស្ដេចចេញរាជបញ្ជាថា
5
ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង អ្នករាល់គ្នាត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើង។
6
អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនោះភ្លាម!»។
7
ដូច្នេះ កាលប្រជាជនទាំងឡាយបានឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ និងតន្ត្រីគ្រប់យ៉ាងហើយ ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ក៏ក្រាបថ្វាយបង្គំរូបបដិមាករមាស ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។
8
នៅពេលនោះ មានពួកខាល់ដេខ្លះចូលទៅគាល់ស្ដេច ហើយចោទប្រកាន់ពួកសាសន៍យូដា។
9
គេទូលព្រះបាទនេប៊ូក្នេសាថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ!
10
បពិត្រព្រះករុណា ទ្រង់បានចេញរាជបញ្ជាថា មនុស្សទាំងឡាយណាដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង គេត្រូវក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ
11
ហើយថា អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ទោសន្ធៅ។
12
ប៉ុន្ដែ មានពួកសាសន៍យូដាខ្លះ ដែលទ្រង់បានតែងតាំងឲ្យគ្រប់គ្រងលើកិច្ចការនៅអាណាខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ អ្នកទាំងបីនាក់នេះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេមិនគោរពបម្រើព្រះរបស់ព្រះករុណា ក៏មិនថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានតាំងឡើងនោះដែរ»។
13
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានសេចក្ដីក្រេវក្រោធជាខ្លាំង ស្ដេចក៏បញ្ជាឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក។ ដូច្នេះ គេក៏នាំអ្នកទាំងបីចូលមកចំពោះស្តេច។
14
ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការទៅកាន់អ្នកទាំងនោះថា៖ «ម្នាលសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើពិតមែនឬទេ ដែលអស់លោកមិនគោរពបម្រើព្រះរបស់យើង ឬថ្វាយបង្គំរូបបដិមាករមាសដែលយើងបានដំឡើងនោះ?
15
ឥឡូវនេះ បើអស់លោកប្រុងប្រៀបនៅពេលដែលឮសំឡេងស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងតន្ត្រីគ្រប់យ៉ាង ហើយបានក្រាបថ្វាយបង្គំរូបបដិមាករដែលយើងបានកសាង នោះល្អប្រពៃហើយ តែបើមិនថ្វាយបង្គំទេ គេនឹងបោះលោកទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ហើយនៅវេលានោះ តើមានព្រះឯណាដែលអាចនឹងរំដោះអស់លោក ឲ្យរួចពីកណ្ដាប់ដៃរបស់យើងបាន?»។
16
សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទូលឆ្លើយស្តេចវិញថា៖ «បពិត្រព្រះរាជានេប៊ូក្នេសា ទូលបង្គំយើងខ្ញុំមិនបាច់ទូលឆ្លើយព្រះករុណាពីដំណើរនេះទេ។
17
ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។
18
ប៉ុន្ដែ បើព្រះអង្គមិនរំដោះយើងខ្ញុំទេ បពិត្រព្រះករុណា សូមទ្រង់ជ្រាបថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះរបស់ព្រះករុណាឡើយ ក៏មិនព្រមថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើងនោះដែរ»។
19
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានពេញដោយសេចក្ដីក្រេវក្រោធ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយព្រះភក្ត្ររបស់ស្ដេចក៏ផ្លាស់ប្រែ។ ស្ដេចបញ្ជាឲ្យគេដុតគុកភ្លើង ឲ្យក្តៅជាងធម្មតាប្រាំពីរដង
20
រួចបញ្ជាមនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពរបស់ស្ដេច ឲ្យចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។
21
ពេលនោះ គេក៏ចងអ្នកទាំងបី ភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសម្លៀកបំពាក់ឯទៀតៗ រួចបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
22
ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។
23
ប៉ុន្ដែ អ្នកទាំងបី គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ធ្លាក់ទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ទាំងជាប់ចំណង។
24
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានព្រះហឫទ័យស្រឡាំងកាំង ហើយក៏ក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ មានរាជឱង្ការទៅកាន់ពួកទីប្រឹក្សារបស់ស្ដេចថា៖ «តើយើងមិនបានបោះមនុស្សបីនាក់ ទៅក្នុងភ្លើងទាំងជាប់ចំណងទេឬ?»។ គេក៏ទូលតបថា៖ «បពិត្រព្រះករុណា ពិតមែនហើយ»។
25
ស្ដេចមានរាជឱង្ការថា៖ «តែយើងឃើញមនុស្សបួននាក់ឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើង ឥតឈឺចាប់អ្វីសោះ រីឯអ្នកទីបួនមានទ្រង់ទ្រាយដូចជាកូនព្រះ»។
26
ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ចូលទៅជិតមាត់ទ្វារគុកភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅនោះ មានរាជឱង្ការថា៖ «សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្ដាលភ្លើងមក។
27
ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្តេច បានមកជួបជុំគ្នា ហើយឃើញថា ភ្លើងគ្មានអំណាចអ្វីលើខ្លួនរបស់អ្នកទាំងនោះសោះ សក់ក្បាលរបស់គេក៏មិនបានទាំងរួញដែរ ឯខោអាវរបស់គេមិនបានឆេះ ក៏មិនមានក្លិនឈ្ងៀមនៅជាប់ខ្លួនផង។
28
ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។
29
ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។
30
បន្ទាប់មក ស្ដេចក៏ដំឡើងយសស័ក្ដិឲ្យសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នៅក្នុងអាណាខេត្តបាប៊ីឡូន។
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12