bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Hebrews 11
Hebrews 11
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
1
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
2
ដ្បិតមនុស្សពីចាស់បុរាណមានជំនឿហ្នឹងហើយ បានជាគេទទួលបានការសរសើរ។
3
ដោយសារជំនឿ យើងយល់ថា ពិភពលោកបានកើតមកដោយសារព្រះបន្ទូលរបស់ព្រះ ដូច្នេះ អ្វីៗដែលមើលឃើញ មិនមែនកើតចេញពីរបស់ដែលមើលឃើញនោះឡើយ។
4
ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះ ដែលប្រសើរជាងតង្វាយរបស់លោកកាអ៊ីន ហើយដោយសារយញ្ញបូជានោះ មានការសរសើរពីគាត់ថា គាត់ជាមនុស្សសុចរិត ទាំងមានព្រះសរសើរពីតង្វាយរបស់គាត់ ហើយដោយសារជំនឿរបស់គាត់ ទោះបើគាត់ស្លាប់ក៏ដោយ ក៏គាត់នៅតែនិយាយ ។
5
ដោយសារជំនឿ លោកហេណុកត្រូវព្រះលើកឡើងទៅស្ថានសួគ៌ មិនឲ្យគាត់ជួបសេចក្តីស្លាប់ ហើយគេរកគាត់មិនឃើញទៀតឡើយ ព្រោះព្រះបានយកគាត់ទៅ ។ មុនពេលព្រះលើកយកគាត់ទៅ មានគេសរសើរពីគាត់ថា ព្រះសព្វព្រះហឫទ័យនឹងគាត់។
6
ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
7
ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។
8
ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។
9
ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។
10
ដ្បិតលោកទន្ទឹងរង់ចាំក្រុងមួយ ដែលមានគ្រឹះរឹងមាំ ដែលព្រះជាអ្នកគូរប្លង់ និងជាជាងសង់។
11
ដោយសារជំនឿ លោកស្រីសារ៉ាបានទទួលអំណាចនឹងមានគភ៌បាន ទោះជាគាត់ហួសអាយុនឹងមានកូនក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថា ទ្រង់ស្មោះត្រង់។
12
ហេតុនេះហើយបានជាមានមនុស្សជាច្រើន ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅមាត់សមុទ្រ ដែលរាប់មិនអស់ បានកើតចេញមកពីមនុស្សតែម្នាក់ ដែលលោកទុកដូចជាស្លាប់ទៅហើយ។
13
អ្នកទាំងអស់នេះបានស្លាប់ទៅ ទាំងមានជំនឿ ឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែអ្នកទាំងនោះបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងបានទទួលស្គាល់ថា ខ្លួនគេជាអ្នកដទៃ និងជាអ្នកស្នាក់នៅ លើផែនដីនេះប៉ុណ្ណោះ។
14
ដ្បិតមនុស្សដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេកំពុងតែស្វែងរកស្រុកកំណើតមួយ។
15
ប្រសិនបើគេរឭកស្រុកដែលគេទើបនឹងចេញមក គេមុខជាមានឱកាសត្រឡប់ទៅវិញបាន។
16
ប៉ុន្ដែ តាមពិត គេប្រាថ្នាចង់បានស្រុកមួយដ៏ប្រសើរជាង គឺជាស្រុកមួយនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះទ្រង់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថាជាព្រះរបស់គេនោះឡើយ ដ្បិតព្រះអង្គបានរៀបចំទីក្រុងមួយសម្រាប់គេរួចហើយ។
17
ដោយសារជំនឿ នៅពេលព្រះល្បងល លោកអ័ប្រាហាំបានថ្វាយអ៊ីសាក គឺអ្នកដែលបានទទួលសេចក្ដីសន្យាទាំងប៉ុន្មាននោះ លោកបានថ្វាយកូនតែមួយរបស់លោក
18
ដែលព្រះទ្រង់មានព្រះបន្ទូលពីដំណើរកូននោះថា «ពូជពង្សរបស់អ្នកនឹងមានឈ្មោះតាមរយៈអ៊ីសាក» ។
19
លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូននោះឲ្យរស់ពីស្លាប់ឡើងវិញបាន ហើយលោកក៏បានទទួលកូនមកវិញមែន ធៀបដូចជារស់ពីស្លាប់ឡើងវិញ។
20
ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរដល់យ៉ាកុប និងអេសាវ អំពីដំណើរអនាគត ។
21
ដោយសារជំនឿ កាលលោកយ៉ាកុបហៀបនឹងស្លាប់ លោកបានឲ្យពរដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះ ដោយបន្ទន់ខ្លួនលើឈើច្រត់ ។
22
ដោយសារជំនឿ កាលលោកយ៉ូសែបហៀបនឹងផុតដង្ហើម លោកបានថ្លែងប្រាប់ពីដំណើរចាកចេញរបស់ពួកកូនចៅអ៊ីស្រាអែល ហើយបានផ្តាំអំពីឆ្អឹងរបស់លោក។
23
ដោយសារជំនឿ កាលលោកម៉ូសេកើតមក ឪពុកម្តាយរបស់លោកបានលាក់ទុកអស់បីខែ ព្រោះពួកគាត់ឃើញថាកូននោះស្អាត ហើយពួកគាត់មិនខ្លាចបញ្ញត្តិរបស់ស្តេចឡើយ។
24
ដោយសារជំនឿ ពេលលោកធំហើយ លោកមិនព្រមឲ្យគេហៅលោកថា ជាកូនរបស់បុត្រីផារ៉ោនទេ
25
លោកស៊ូរងទុក្ខលំបាកជាមួយប្រជារាស្ត្ររបស់ព្រះ ជាជាងមានអំណរខាងអំពើបាប ដែលនៅតែមួយភ្លែត ។
26
លោកបានរាប់ពាក្យត្មះតិះដៀលដោយព្រោះព្រះគ្រីស្ទ ថាជាសម្បត្តិដែលប្រសើរជាងទ្រព្យសម្បិត្តដ៏វិសេសនៅស្រុកអេស៊ីព្ទទៅទៀត ដ្បិតលោកសម្លឹងទៅឯរង្វាន់ដែលនៅខាងមុខ។
27
ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីព្ទ ដោយមិនខ្លាចស្តេចខ្ញាល់ឡើយ ដ្បិតលោកសុខចិត្តស៊ូទ្រាំ ហាក់ដូចជាឃើញព្រះ ដែលមនុស្សពុំអាចមើលឃើញ។
28
ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យរំលង ហើយប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញពួកកូនច្បង មកពាល់ពួកគេឡើយ។
29
ដោយសារជំនឿ ប្រជាជនបានឆ្លងកាត់សមុទ្រក្រហម ដូចជាដើរលើដីគោក តែកាលពួកសាសន៍អេស៊ីព្ទប៉ុនប៉ងឆ្លងដូចគេដែរ គេក៏ត្រូវទឹកលេបអស់ទៅ ។
30
ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំ ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញអស់ប្រាំពីរថ្ងៃ ។
31
ដោយសារជំនឿ នាងរ៉ាហាបជាស្ត្រីពេស្យា មិនបានវិនាសជាមួយពួកអ្នកមិនស្ដាប់បង្គាប់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព ។
32
តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតគ្មានពេលនឹងថ្លែងប្រាប់ពីរឿងលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងពួកហោរាទេ
33
ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ
34
បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។
35
ស្ត្រីៗបានជួបមនុស្សរបស់ខ្លួនដែលស្លាប់ទៅហើយនោះឡើងវិញ ដោយបានរស់ពីស្លាប់។ ខ្លះត្រូវទទួលរងទារុណកម្ម មិនព្រមទទួលការដោះលែង ដើម្បីឲ្យគេបានរស់ឡើងវិញ ជាជីវិតមួយដែលប្រសើរជាង។
36
ខ្លះទៀតទទួលរងការចំអកឡកឡើយ ការវាយដំ ហើយថែមទាំងជាប់ច្រវាក់ និងជាប់ឃុំឃាំងទៀតផង។
37
ត្រូវគេចោលសម្លាប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាពីរ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើររសាត់អណ្ដែតទាំងស្លៀកស្បែកចៀម ស្បែកពពែ ត្រូវខ្វះខាតសព្វគ្រប់ ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប។
38
គេដើររសាត់អណ្ដែតតាមទីរហោស្ថាន តាមភ្នំ តាមរអាង និងតាមរូងភ្នំ។ លោកីយ៍មិនស័ក្ដិសមនឹងអ្នកទាំងនោះទេ។
39
អ្នកទាំងអស់នោះ ទោះបើមានគេសរសើរ ដោយព្រោះជំនឿរបស់គេក៏ដោយ តែគេមិនបានទទួលអ្វីៗដែលព្រះបានសន្យានោះទេ
40
ដោយព្រះបានផ្គត់ផ្គង់អ្វីមួយដែលប្រសើរជាងដល់យើង ដើម្បីឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍រួមជាមួយយើងដែរ ។
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13