bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Lamentations 1
Lamentations 1
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
ទីក្រុងដែលធ្លាប់មាន មនុស្សច្រើនកុះករ ម្ដេចឥឡូវបែរជានៅឯកោ ដូចជាស្ត្រីមេម៉ាយទៅវិញ ពីដើមជាបុត្រីនៅកណ្ដាលខេត្តទាំងប៉ុន្មាន តែឥឡូវនេះ ទៅចំណុះគេវិញ។
2
នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានអ្នកណាជួយដោះទុក្ខឡើយ ពួកមិត្តសម្លាញ់ទាំងអស់បានក្បត់នាងហើយ គេត្រឡប់ជាខ្មាំងសត្រូវវិញ។
3
ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្ដាលអស់ទាំងសាសន៍ ឥតបានសម្រាកឡើយ ពួកអ្នកបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត។
4
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។
5
ពួកអ្នកដែលតតាំងនឹងនាងបានឡើងជាកំពូល ពួកខ្មាំងសត្រូវមានសេចក្ដីចម្រើន ដ្បិតព្រះយេហូវ៉ាបានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ ពួកក្មេងៗត្រូវបំបរទៅជាឈ្លើយ នៅមុខពួកដែលតតាំង។
6
សម្រស់កូនស្រីក្រុងស៊ីយ៉ូនបានបាត់បង់អស់ហើយ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាម ដោយល្វើយកម្លាំង។
7
នៅគ្រារងទុក្ខវេទនា ហើយលំបាក ក្រុងយេរូសាឡិមនឹកចាំពីសេចក្ដីល្អទាំងប៉ុន្មាន ដែលធ្លាប់មានកាលពីដើម ក្នុងគ្រាដែលជនទាំងឡាយបានធ្លាក់ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ឥតមានអ្នកណាជួយសោះ នោះពួកខ្មាំងសត្រូវបានឃើញនាង ហើយបានចំអកឲ្យពីដំណើរដែលនាង ឈប់ផ្អាកនៅ
8
ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
9
សេចក្ដីស្មោកគ្រោករបស់នាងនៅត្រង់ជាយសំពត់ នាងមិននឹកពីចុងបំផុតរបស់ខ្លួនសោះ ហេតុនោះបានជានាងត្រូវចុះមកយ៉ាងអស្ចារ្យ ឥតមានអ្នកណានឹងជួយដោះទុក្ខឡើយ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទតសេចក្ដីវេទនា របស់ខ្ញុំម្ចាស់ចុះ ដ្បិតខ្មាំងសត្រូវមានសេចក្ដីឆ្មើងឆ្មៃ
10
ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់នាង ជាពួកមនុស្សដែលព្រះអង្គបានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ព្រះអង្គឡើយ
11
បណ្ដាជនរបស់នាងកំពុងតែថ្ងូរ គេរកអាហារ គេបានឲ្យរបស់ ដែលគាប់ចិត្តខ្លួនទាំងប៉ុន្មាន ប្ដូរនឹងអាហារ សម្រាប់ចម្រើនកម្លាំងឡើងវិញ ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់បានត្រឡប់ជាទាបថោកហើយ។
12
ឱអ្នករាល់គ្នាដែលដើរបង្ហួសអើយ តើមិនអំពល់ដល់អ្នករាល់គ្នាទេឬ? សូមពិចារណាមើល បើមានសេចក្ដីទុក្ខព្រួយណា ដូចយ៉ាងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំនេះ ដែលព្រះយេហូវ៉ាបាននាំមកធ្វើទុក្ខដល់ខ្ញុំ នៅថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
13
ព្រះអង្គបានចាត់ភ្លើងឲ្យមកពីស្ថានដ៏ខ្ពស់ ចូលក្នុងឆ្អឹងខ្ញុំ ភ្លើងនោះក៏ឈ្នះផង ព្រះអង្គបានដាក់មងសម្រាប់ចាប់ជើងខ្ញុំ ព្រះអង្គបានបង្វែរខ្ញុំឲ្យថយទៅក្រោយ ក៏បានធ្វើឲ្យខ្ញុំនៅស្ងាត់ ហើយល្វើយជានិច្ច
14
ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តរបស់ព្រះអង្គបានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា មកពាក់លើកខ្ញុំ ព្រះអង្គបានឲ្យកម្លាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
15
ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ នៅកណ្ដាលខ្ញុំហើយ ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
16
ព្រោះហេតុការណ៍ទាំងនេះបានជាខ្ញុំយំ ទឹកភ្នែកខ្ញុំហូរសស្រាក់ ដោយព្រោះអ្នកកម្សាន្តចិត្ត ដែលគួរមកលំហើយព្រលឹងខ្ញុំ គេនៅឆ្ងាយពីខ្ញុំវិញ កូនចៅខ្ញុំត្រូវចោលស្ងាត់ ដោយព្រោះពួកខ្មាំងសត្រូវបានឈ្នះហើយ។
17
ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្ដាលគេ ទុកដូចជារបស់ស្មោកគ្រោក
18
ព្រះយេហូវ៉ាសុចរិតទេ ដ្បិតខ្ញុំបានបះបោរនឹងបញ្ញត្តិព្រះអង្គ ឱសាសន៍ទាំងឡាយអើយ សូមស្តាប់ ហើយ ពិចារណាមើលសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ពួកក្រមុំៗ និងពួកកំលោះៗរបស់ខ្ញុំ គេបានទៅជាឈ្លើយអស់ហើយ
19
ខ្ញុំបានហៅពួកអ្នកដែលធ្លាប់ស្រឡាញ់ខ្ញុំ តែគេបានបញ្ឆោតខ្ញុំវិញ ពួកសង្ឃ និងពួកចាស់ទុំរបស់ខ្ញុំ បានរលត់ទៅនៅក្នុងទីក្រុង កំពុងដែលគេរកអាហារសម្រាប់ចម្រើនកម្លាំងខ្លួន។
20
ឱព្រះយេហូវ៉ាអើយ សូមទតមើល ដ្បិតខ្ញុំម្ចាស់ មានសេចក្ដីវេទនា ចិត្តខ្ញុំម្ចាស់ទុរន់ទុរា ចិត្តខ្ញុំម្ចាស់ក្រឡាប់ចុះនៅក្នុងខ្លួន ពីព្រោះខ្ញុំម្ចាស់បានបះបោរជាខ្លាំងហើយ នៅខាងក្រៅដាវបង្អត់បង់ ហើយនៅឯផ្ទះក៏មានដូចជាសេចក្ដីស្លាប់ដែរ
21
គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយ គេសប្បាយចិត្ត ដោយព្រោះព្រះអង្គបានធ្វើយ៉ាងនេះ ព្រះអង្គនឹងឲ្យថ្ងៃ ដែលព្រះអង្គបានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ។
22
សូមឲ្យគ្រប់ទាំងអំពើទុច្ចរិតរបស់គេ បានលេចមក នៅចំពោះព្រះអង្គ ហើយសូមព្រះអង្គធ្វើដល់គេ ដូចជាព្រះអង្គបានធ្វើដល់ខ្ញុំម្ចាស់ ដោយព្រោះអស់ទាំងអំពើរំលងរបស់ខ្ញុំម្ចាស់ដែរ ដ្បិតខ្ញុំម្ចាស់ថ្ងូរជាច្រើន ហើយចិត្តខ្ញុំម្ចាស់ក៏ល្វើយផង។
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5