bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Lamentations 2
Lamentations 2
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
ម្ដេចបានជាព្រះអម្ចាស់គ្របបាំងកូនស្រី នៃក្រុងស៊ីយ៉ូនដោយពពក ក្នុងកាលដែលព្រះអង្គខ្ញាល់! ព្រះអង្គបានទម្លាក់លម្អរបស់អ៊ីស្រាអែល ចុះពីស្ថានសួគ៌មកដល់ដី ព្រះអង្គមិននឹកចាំពីកំណល់កល់ព្រះបាទរបស់ព្រះអង្គ នៅថ្ងៃដែលព្រះអង្គខ្ញាល់នោះទេ។
2
ព្រះអម្ចាស់បានលេបទីលំនៅរបស់យ៉ាកុបបាត់អស់ ឥតមានប្រណីឡើយ ក្នុងគ្រាដែលព្រះអង្គមានសេចក្ដីក្រោធ ព្រះអង្គបានរំលំទីមាំមួនទាំងប៉ុន្មានរបស់កូនស្រីយូដា ព្រះអង្គបានពង្រាបទីទាំងនោះដល់ដី ទាំងបន្ទាបបន្ថោកទាំងនគរ និងពួកចៅហ្វាយផង។
3
នៅពេលដែលព្រះអង្គខ្ញាល់ ព្រះអង្គបានកាត់ស្នែងរបស់អ៊ីស្រាអែល ក៏ដកព្រះហស្តស្តាំចេញពីមុខខ្មាំងសត្រូវ ហើយបានបញ្ឆេះស្រុកយ៉ាកុប ដូចជាភ្លើងឆាបឆេះគ្រប់ទិសទី
4
ព្រះអង្គយឹតធ្នូដូចជាខ្មាំងសត្រូវ ព្រះអង្គបានលើកព្រះហស្តដូចជាអ្នកតតាំង ក៏បានប្រហារជីវិតទាំងអស់ដែលគាប់ភ្នែក ឯនៅក្នុងត្រសាលនៃកូនស្រីស៊ីយ៉ូន ព្រះអង្គបានចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ចេញដូចជាភ្លើង។
5
ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។
6
ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះយេហូវ៉ាធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។
7
ព្រះអម្ចាស់បានបោះបង់អាសនារបស់ព្រះអង្គចោល ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ព្រះអង្គដែរ ព្រះអង្គបានប្រគល់កំផែងព្រះរាជវាំងទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់។
8
ព្រះយេហូវ៉ាបានសម្រេចនឹងបំផ្លាញកំផែង នៃកូនស្រីស៊ីយ៉ូន ក៏បានលាតខ្សែរង្វាស់ហើយ ឥតដកព្រះហស្តចេញពីការបំផ្លាញឡើយ ព្រះអង្គបានបណ្ដាលឲ្យទាំងរបងសីមា និងកំផែងទួញទំនួញ និងរោយរៀវជាមួយគ្នា
9
ទ្វារទីក្រុងទាំងប៉ុន្មានបានស្រុតចុះក្នុងដី ព្រះអង្គបានបំបាក់រនុកផង។ ស្តេច និងពួកចៅហ្វាយ គេនៅកណ្ដាលពួកសាសន៍ដទៃទាំងប៉ុន្មាន ឃ្លាតផុតពីក្រឹត្យវិន័យ ទាំងពួកហោរាក៏លែងឃើញការជាក់ស្តែង ពីព្រះយេហូវ៉ាទៀតដែរ។
10
ពួកចាស់ទុំរបស់កូនស្រីស៊ីយ៉ូនអង្គុយនៅដី ឥតមានមាត់កអ្វីឡើយ គេបានបាចធូលីដីលើក្បាល ហើយស្លៀកសំពត់ធ្មៃ។ ស្រីក្រមុំនៃក្រុងយេរូសាឡិម ដើរឱនមុខទៅដីយ៉ាងអាម៉ាស់។
11
ភ្នែករបស់ខ្ញុំហូររហាម ចិត្តខ្ញុំក៏ទុរន់ទុរា ហើយត្រូវស្រលុងចុះដល់ដីផង ដោយព្រោះកូនតូចនឹងកូនស្រីនៃសាសន៍ខ្ញុំ ហើយដោយព្រោះ កូនតូចនឹងកូនដែលនៅបៅ វាសន្លប់ទៅនៅតាមផ្លូវទីក្រុង។
12
វាសួរដល់ម្តាយថា «តើអង្ករ និងស្រាទំពាំងបាយជូរនៅឯណា?» ក៏វាសន្លប់ទៅតាមផ្លូវនៃទីក្រុង ដូចជាមនុស្សរបួស វាដាច់ខ្យល់នៅលើទ្រូងម្តាយ
13
ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា? តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ? តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកម្សាន្តចិត្តនាងបាន? ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន?
14
ពួកហោរារបស់នាង បានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។
15
អស់អ្នកណាដែលដើរបង្ហួស គេទះដៃឡកឲ្យនាង គេធ្វើស៊ីសស៊ូស ហើយគ្រវីក្បាលដល់កូនស្រីក្រុងយេរូសាឡិម ដោយពាក្យថា «តើទីក្រុងនេះឬ ដែលមនុស្សហៅថាជាទីល្អបំផុត ហើយជាទីរីករាយដល់ផែនដីទាំងដុំមូលនោះ?»
16
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាង បានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា «យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ!»។
17
ព្រះយេហូវ៉ាបានធ្វើការដែលព្រះអង្គគិតធ្វើ ព្រះអង្គបានសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់ពីចាស់បុរាណ គឺព្រះអង្គបានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានអំណរពីដំណើរនាង ព្រះអង្គបានលើកតម្កើងស្នែងរបស់ពួក ដែលតតាំងនឹងនាង។
18
ចិត្តរបស់គេបានស្រែកអំពាវនាវរកព្រះអម្ចាស់ ឱកំផែងនៃកូនស្រីស៊ីយ៉ូនអើយ ចូរឲ្យមានទឹកភ្នែកហូរសស្រាក់ ដូចជាទន្លេទាំងយប់ទាំងថ្ងៃចុះ កុំឲ្យឈប់សម្រាកឡើយ កុំឲ្យប្រស្រីភ្នែករបស់នាងឈប់ផ្អាកឲ្យសោះ។
19
ចូរក្រោកឡើងទាំងយប់ ហើយស្រែកនៅពេលដើមយាមចុះ ត្រូវឲ្យចាក់ចិត្តនាងចេញ ដូចជាទឹកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ចូរប្រទូលដៃឡើងទៅឯព្រះអង្គ ដើម្បីអង្វរឲ្យបានជីវិតនៃក្មេងតូចៗរបស់នាង ដែលសន្លប់ទៅដោយឃ្លាន ត្រង់គ្រប់ទាំងក្បាលផ្លូវ ឲ្យបានគង់នៅវិញ។
20
ឱព្រះយេហូវ៉ាអើយ សូមទតពិចារណាមើល ដែលព្រះអង្គបានធ្វើការនេះដល់អ្នកណា តើត្រូវឲ្យពួកស្រីៗស៊ីកូនខ្លួន គឺជាកូនដែលម្តាយបីក្រសោបនៅដៃឬអី? តើពួកសង្ឃ និងពួកហោរានឹងត្រូវគេសម្លាប់ នៅក្នុងទីបរិសុទ្ធនៃព្រះអម្ចាស់ឬ?
21
ទាំងពួកជំទង់ និងពួកចាស់ៗ សុទ្ធតែដេកនៅតាមផ្លូវ ឯពួកក្រមុំ និងពួកកំលោះៗរបស់ខ្ញុំម្ចាស់ គេបានដួលស្លាប់ដោយដាវ ព្រះអង្គបានប្រហារជីវិតគេ ក្នុងថ្ងៃដែលព្រះអង្គខ្ញាល់ ព្រះអង្គបានកាប់សម្លាប់គេ ឥតប្រណីឡើយ។
22
ព្រះអង្គបានហៅប្រមូល ដូចជានៅថ្ងៃបុណ្យ ឲ្យសេចក្ដីស្ញែងខ្លាចមកលើខ្ញុំម្ចាស់នៅគ្រប់ជុំវិញ គ្មានអ្នកណារត់រួច ឬសល់នៅ ក្នុងថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាឡើយ ពួកកូនដែលខ្ញុំម្ចាស់បានបីក្រសោបនៅដៃ ហើយបានបីបាច់ចិញ្ចឹមមក នោះខ្មាំងសត្រូវរបស់ខ្ញុំម្ចាស់ បានសម្លាប់អស់ហើយ។
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5