bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Lamentations 4
Lamentations 4
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសសុទ្ធប្រែជាបាត់បង់រស្មី! ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធនៅរាយប៉ាយ គ្រប់ទីកន្លែង ត្រង់ដើមផ្លូវ។
2
ឯពួកកូនប្រុសរបស់ក្រុងស៊ីយ៉ូន ដែលមានតម្លៃដូចជាមាស នោះបានរាប់ដូចជាភាជនៈដីទៅវិញ ដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
3
សូម្បីតែមេស្វានក៏បើកដោះឲ្យកូនបៅដែរ តែកូនស្រីរបស់សាសន៍ខ្ញុំវិញ មានចិត្តខ្មៅ ដូចជាសត្វអូទ្រុសនៅទីរហោស្ថាន។
4
អណ្ដាតរបស់កូនដែលនៅបៅ នៅជាប់នឹងក្រអូមមាត់ដោយស្រេក កូនតូចៗសូមនំបុ័ង តែគ្មានអ្នកណាឲ្យវាឡើយ។
5
ពួកអ្នកដែលធ្លាប់មានអាហារឆ្ងាញ់ៗបរិភោគ បែរជាត្រូវដាច់ពោះស្លាប់នៅតាមផ្លូវ ពួកអ្នកដែលធ្លាប់ស្លៀកពាក់រុងរឿង ក៏បែរជានៅគំនរផេះទៅវិញ។
6
ដ្បិតអំពើទុច្ចរិតរបស់កូនស្រីសាសន៍ខ្ញុំធ្ងន់ជាង អំពើបាបរបស់ក្រុងសូដុមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុងមួយរំពេច ឥតមានដៃអ្នកណាធ្វើឡើយ។
7
ពួកអ្នកមានត្រកូលខ្ពស់នៅក្នុងទីក្រុង គេបរិសុទ្ធជាងហិមៈ សស្អាតជាងទឹកដោះគោ សម្បុរក្រហមជាងត្បូងទទឹមទៅទៀត ហើយរាងកាយរបស់គេភ្លឺដូចជាត្បូងកណ្តៀង។
8
ឥឡូវនេះ មុខរបស់គេខ្មៅជាងធ្យូង គ្មានអ្នកណាស្គាល់គេតាមផ្លូវទេ ស្បែកជាប់នឹងឆ្អឹង ស្វិតក្រៀមដូចជារំកាច់ឈើ។
9
ពួកអ្នកដែលស្លាប់ដោយដាវ វិសេសជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន ដ្បិតពួកមួយនេះហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះស្បៀងអាហារ។
10
ពួកស្រីៗដែលមានចិត្តទន់សន្តោស បានស្ងោរកូនខ្លួនស៊ី ដោយដៃខ្លួនឯង កូនទាំងនោះជាអាហាររបស់គេ ក្នុងគ្រាបំផ្លាញកូនស្រីនៃសាសន៍ខ្ញុំ។
11
ព្រះយេហូវ៉ាក្រោធយ៉ាងខ្លាំង ព្រះអង្គបានចាក់សេចក្ដីក្រោធដ៏សហ័ស របស់ព្រះអង្គចេញហើយ ព្រះអង្គបានបង្កាត់ភ្លើងនៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះទាំងឫសជញ្ជាំងផង។
12
ពួកស្តេចនៅផែនដី និងមនុស្សទាំងឡាយ ដែលនៅក្នុងពិភពលោកនេះ គេមិនបានជឿថាពួកតតាំង និងពួកខ្មាំងសត្រូវ អាចចូលតាមទ្វារក្រុងយេរូសាឡិមបានទេ។
13
នេះដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលបានកម្ចាយឈាម មនុស្សសុចរិតនៅក្នុងទីក្រុង។
14
គេដើរតាមផ្លូវដូចជាមនុស្សខ្វាក់ ខ្លួនប្រឡាក់សុទ្ធតែឈាម បានជាគ្មានអ្នកណាអាចពាល់សម្លៀកបំពាក់ របស់គេបានឡើយ។
15
មនុស្សទាំងឡាយស្រែកដាក់គេថា «ទៅចុះអាគម្រក់ ចេញទៅ កុំមកពាល់អ្វីឡើយ» ពេលគេរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្ដាលអស់ទាំងសាសន៍បានថា «គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ»។
16
សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានកម្ចាត់កម្ចាយគេទៅ ព្រះអង្គមិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
17
យើងរង់ចាំជំនួយឡើងផ្សាភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍មួយ ដែលជួយសង្គ្រោះមិនបាន។
18
គេដេញតាមយើងគ្រប់ជំហាន បានជាយើងរកចេញទៅផ្លូវមិនបាន ទីបញ្ចប់របស់យើងកាន់តែជិតមកដល់ កំណត់យើងក៏សម្រេច ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ។
19
ពួកអ្នកដែលដេញតាមយើង គេរហ័ស ជាងឥន្ទ្រីនៅលើអាកាសទៅទៀត គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន។
20
ស្ដេចជាអម្ចាស់ជីវិតរបស់យើង គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំង ព្រះអង្គត្រូវគេចាប់ចូលក្នុងអង្គប់ ព្រះអង្គហើយដែលយើងធ្លាប់ពោលថា «យើងរាល់គ្នាសូមជ្រកក្រោមម្លប់ដ៏ត្រជាក់ របស់ព្រះអង្គ ក្នុងចំណោមពួកសាសន៍ដទៃ»។
21
ឱកូនស្រីស្រុកអេដុម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនៅខ្លួនទទេ។
22
ឱកូនស្រីក្រុងស៊ីយ៉ូនអើយ ទោសនៃអំពើទុច្ចរិតរបស់នាងគ្រប់ចំនួនហើយ ព្រះអង្គនឹងមិនឲ្យនាងទៅជាឈ្លើយទៀតឡើយ ឱកូនស្រីស្រុកអេដុមអើយ ព្រះអង្គនឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់នាង ព្រះអង្គនឹងបើកអំពើបាបរបស់នាងឲ្យឃើញច្បាស់។
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5