bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
/
Mark 8
Mark 8
Khmer (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
1
នៅគ្រានោះ មានមហាជនច្រើនកុះករបានមកជួបជុំគ្នាម្ដងទៀត ហើយគេគ្មានអ្វីបរិភោគ។ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖
2
«ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្ដាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។
3
បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលតាមផ្លូវមិនខាន ដ្បិតអ្នកខ្លះបានធ្វើដំណើរមកពីឆ្ងាយណាស់»។
4
ពួកសិស្សទូលឆ្លើយថា៖ «នៅទីរហោស្ថានដូច្នេះ តើអ្នកណាអាចរកនំបុ័ងឲ្យមនុស្សទាំងនេះបរិភោគបាន?»
5
ព្រះអង្គសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន?» គេទូលថា៖ «មានប្រាំពីរដុំ»។
6
ពេលនោះ ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី ហើយទ្រង់យកនំបុ័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ហើយគេក៏យកទៅចែកឲ្យបណ្ដាជន។
7
គេមានត្រីតូចៗខ្លះដែរ កាលអរព្រះគុណរួចហើយ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យចែកត្រីទាំងនោះទៀត។
8
គេបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។
9
ពេលនោះ មានមនុស្សប្រហែលបួនពាន់នាក់។ បន្ទាប់មក ព្រះអង្គឲ្យគេត្រឡប់ទៅវិញ។
10
ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្ស ទៅកាន់ស្រុកដាលម៉ានូថា ។
11
ពួកផារិស៊ីចេញមក ហើយចាប់ផ្ដើមជជែកដេញដោល ដើម្បីល្បងលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។
12
ព្រះអង្គដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះសួររកតែទីសម្គាល់ដូច្នេះ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសម្គាល់ណាប្រទានដល់មនុស្សជំនាន់នេះឡើយ»។
13
បន្ទាប់មក ព្រះអង្គក៏យាងចេញពីគេ ហើយចុះទូកឆ្លងទៅត្រើយម្ខាងវិញ។
14
ពេលនោះ ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ ហើយនៅក្នុងទូក គេមានតែនំប៉័ងមួយដុំប៉ុណ្ណោះ។
15
ព្រះអង្គមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរប្រយ័ត្ន មិនត្រូវទុកចិត្តនឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ពួកហេរ៉ូឌឡើយ»។
16
គេរិះគិតគ្នាថា៖ «នេះមកពីយើងគ្មាននំបុ័ងទេដឹង!»
17
ដោយជ្រាបពីរឿងនេះ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានិយាយពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនឃើញ ឬមិនយល់ទៀតឬ? តើអ្នករាល់គ្នាមានចិត្តរឹងរូសឬ?
18
តើអ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ហើយមិនចាំទេឬ?
19
កាលខ្ញុំកាច់នំបុ័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់បរិភាគ តើអ្នករាល់គ្នាប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ដប់ពីរកន្ត្រក»។
20
«ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ប្រាំពីរកន្ត្រក»។
21
ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬ?»។
22
ពេលព្រះអង្គ និងពួកសិស្សមកដល់ក្រុងបេតសៃដា ពេលនោះ មានគេនាំបុរសខ្វាក់ម្នាក់មកជួបព្រះអង្គ ទូលអង្វរសូមឲ្យព្រះអង្គពាល់គាត់។
23
ព្រះអង្គក៏ដឹកដៃបុរសខ្វាក់នោះ នាំចេញទៅក្រៅភូមិ ព្រះអង្គយកទឹកព្រះឱស្ឋដាក់លើភ្នែកគាត់ ហើយដាក់ព្រះហស្តលើ រួចសួរគាត់ថា៖ «តើអ្នកមើលឃើញអ្វីឬទេ?»
24
បុរសនោះងើបភ្នែកឡើង ទូលថា៖ «ខ្ញុំឃើញមនុស្សដើរ មើលទៅដូចជាដើមឈើ»។
25
ព្រះយេស៊ូវដាក់ព្រះហស្តលើភ្នែកគាត់ម្តងទៀត គាត់ខំសម្លឹងមើល ភ្នែកគាត់ក៏ភ្លឺឡើង ហើយមើលឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។
26
ព្រះអង្គឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិនោះឲ្យសោះ»។
27
ព្រះយេស៊ូវ និងពួកសិស្សបានបន្តដំណើរចេញទៅភូមិនានា នៅស្រុកសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា?»
28
គេទូលឆ្លើយទៅព្រះអង្គថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ»។
29
ព្រះអង្គសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជាអ្នកណា?» ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គជាព្រះគ្រីស្ទ»។
30
ពេលនោះ ព្រះអង្គហាមផ្តាច់មិនឲ្យគេប្រាប់អ្នកណាអំពីព្រះអង្គឡើយ។
31
បន្ទាប់មក ព្រះអង្គចាប់ផ្ដើមបង្រៀនគេថា៖ «កូនមនុស្សត្រូវរងទុក្ខជាខ្លាំង ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
32
ព្រះអង្គមានព្រះបន្ទូលពីដំណើរនេះជាចំហ។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែក ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។
33
ប៉ុន្តែ ព្រះអង្គងាកទតទៅពួកសិស្ស ហើយបន្ទោសពេត្រុសថា៖ «នែ៎សាតាំង! ចូរថយទៅក្រោយយើងទៅ ដ្បិតអ្នកមិនគិតតាមគំនិតរបស់ព្រះទេ គឺតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។
34
ព្រះអង្គត្រាស់ហៅបណ្ដាជន និងពួកសិស្សឲ្យចូលមក រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។
35
ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ និងដោយព្រោះដំណឹងល្អ នោះនឹងបានជីវិតវិញ។
36
ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ?
37
តើគេអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
38
អ្នកណាដែលមានសេចក្តីខ្មាសដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ ហើយមានបាបនេះ កូនមនុស្សក៏នឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ពេលលោកយាងមកក្នុងសិរីល្អរបស់ព្រះវរបិតារបស់លោក ជាមួយពួកទេវតាបរិសុទ្ធ»។
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16