bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Khmer
/
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
/
Galatians 2
Galatians 2
Khmer 2023 (ព្រះគម្ពីរខ្មែរសាកល)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 3 →
1
លុះដប់បួនឆ្នាំក្រោយមក ខ្ញុំបានឡើងទៅយេរូសាឡិមម្ដងទៀតជាមួយបារណាបាស ទាំងយកទីតុសទៅជាមួយដែរ។
2
ខ្ញុំបានឡើងទៅស្របតាមការបើកសម្ដែង ហើយរៀបរាប់ដល់ពួកគេនូវដំណឹងល្អដែលខ្ញុំប្រកាសក្នុងចំណោមសាសន៍ដទៃ។ រីឯដល់ពួកអ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ ខ្ញុំបានរៀបរាប់ដោយឡែក ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចហើយនោះ នឹងទៅជាឥតប្រយោជន៍វិញ។
3
យ៉ាងណាមិញ សូម្បីតែទីតុសដែលនៅជាមួយខ្ញុំ ក៏មិនត្រូវគេបង្ខំឲ្យទទួលពិធីកាត់ស្បែកដែរ ទោះបីគាត់ជាជនជាតិក្រិកក៏ដោយ។
4
តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។
5
យើងមិនព្រមចុះចូលនឹងពួកគេឡើយ សូម្បីតែមួយភ្លែត ដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ បន្តស្ថិតនៅក្នុងចំណោមអ្នករាល់គ្នា។
6
រីឯចំពោះពួកអ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ (ទោះបីជាពីមុន ពួកគេជាអ្វីក៏ដោយ ក៏មិនសំខាន់អ្វីសម្រាប់ខ្ញុំទេ ពីព្រោះព្រះមិនរើសមុខអ្នកណាឡើយ) គឺពួកអ្នកទាំងនោះដែលគេចាត់ទុកជាអ្នកដឹកនាំ មិនបានបន្ថែមអ្វីផ្សេងទៀតដល់ខ្ញុំឡើយ
7
ផ្ទុយទៅវិញ ពួកគេឃើញថា ខ្ញុំត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែក ដូចដែលពេត្រុសត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អសម្រាប់អ្នកដែលទទួលពិធីកាត់ស្បែកដែរ
8
ដ្បិតព្រះអង្គដែលធ្វើការក្នុងពេត្រុស តាមរយៈមុខងារជាសាវ័ករបស់គាត់ដល់អ្នកដែលទទួលពិធីកាត់ស្បែក ក៏បានធ្វើការសម្រាប់សាសន៍ដទៃ ក្នុងខ្ញុំដែរ។
9
នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។
10
ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំអំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខំប្រឹងធ្វើដែរ។
11
ប៉ុន្តែកាលកេផាសបានមកដល់អាន់ទីយ៉ូក ខ្ញុំបានជំទាស់នឹងគាត់ចំពោះមុខគាត់ ពីព្រោះគាត់មានការដែលគួរឲ្យបន្ទោស។
12
ដ្បិតមុនពេលមានអ្នកខ្លះបានមកពីយ៉ាកុប គាត់តែងតែហូបជាមួយសាសន៍ដទៃ ប៉ុន្តែនៅពេលអ្នកទាំងនោះបានមកដល់ គាត់ក៏ដកខ្លួនថយ ហើយញែកខ្លួនចេញ ដោយខ្លាចពួកកាត់ស្បែក។
13
ជនជាតិយូដាឯទៀតក៏ធ្វើពុតជាមួយគាត់ដែរ រហូតដល់សូម្បីតែបារណាបាសក៏ត្រូវបានអូសទាញទៅក្នុងពុតត្បុតរបស់ពួកគេ។
14
ប៉ុន្តែនៅពេលខ្ញុំឃើញថា ពួកគេមិនបានដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរកេផាស នៅមុខទាំងអស់គ្នាថា៖ “ប្រសិនបើលោក ដែលជាជនជាតិយូដា បែរជារស់នៅដូចសាសន៍ដទៃ ហើយមិនរស់នៅដូចជនជាតិយូដាទេ តើលោកនឹងបង្ខំសាសន៍ដទៃឲ្យរស់នៅដូចជនជាតិយូដាដូចម្ដេចកើត?”។
15
យើងជាជនជាតិយូដាពីកំណើត គឺមិនមែនជា “មនុស្សបាបពីចំណោមសាសន៍ដទៃ” ទេ
16
ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់ នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
17
ប៉ុន្តែប្រសិនបើយើងព្យាយាមឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រីស្ទ ហើយបែរជាឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរ នោះតើព្រះគ្រីស្ទទៅជាអ្នកបម្រើរបស់បាបឬ? មិនមែនដូច្នោះជាដាច់ខាត!
18
ដ្បិតប្រសិនបើខ្ញុំសាងសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោល នោះខ្ញុំបានបញ្ជាក់ថាខ្លួនខ្ញុំជាមនុស្សបំពានក្រឹត្យវិន័យហើយ។
19
ជាការពិត ខ្ញុំបានស្លាប់ខាងក្រឹត្យវិន័យដោយសារតែក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងព្រះវិញ។ ខ្ញុំត្រូវបានឆ្កាងជាមួយព្រះគ្រីស្ទហើយ
20
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
21
ខ្ញុំមិនបោះបង់ចោលព្រះគុណរបស់ព្រះឡើយ ដ្បិតប្រសិនបើសេចក្ដីសុចរិតមកតាមរយៈក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតដោយឥតប្រយោជន៍ហើយ៕
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 3 →
All chapters:
1
2
3
4
5
6